(កាណាដា)៖ យ៉ាងហោចណាស់មានប្រទេសចំនួន១៩៦ ដែលជារដ្ឋភាគីនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (UNCBD) បានចូលរួមអនុម័តនូវក្របខណ្ឌការងារជីវៈចម្រុះសកលគួនមីង-ម៉ុងរ៉េអាល់ (Kunming-Montreal Global Biodiversity Framework) ក្នុងនោះក៏មានទាំងកម្ពុជាដែលជារដ្ឋភាគីផងដែរ។
គួរជម្រាបថា សន្និសីទកំពូលសហប្រជាជាតិស្តីពីជីវៈចម្រុះ (United Nations Biodiversity Conference) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-១៩ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ហើយក្របខណ្ឌការងារជីវៈចម្រុះសកលគួនមីង-ម៉ុងរ៉េអាល់នេះក៏ត្រូវបានអនុម័តក្នុងសន្និសីទនេះផងដែរ។
ក្របខណ្ឌការងារជីវៈចម្រុះសកលគួនមីង-ម៉ុងរ៉េអាល់នេះ រួមមានគោលដៅធំៗចំនួន៤ និងចំណុចដៅចំនួន២៣ ដែលរដ្ឋជាភាគីទាំងអស់នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (UNCBD) ត្រូវអនុវត្តនិងសម្រេចឱ្យបានត្រឹមឆ្នាំ២០៣០ ស្របតាមទស្សនវិស័យឆ្នាំ២០៥០ សម្រាប់ជីវៈចម្រុះ ការរស់នៅប្រកបដោយសុខដុមរម្យនាជាមួយធម្មជាតិ (Living in Harmony with Nature)។
នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលរដ្ឋជាភាគីនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះចំនួន១៩៦ប្រទេស បានព្រមព្រៀងគ្នាក្នុងការប្តេជ្ញាចិត្តខិតខំប្រឹងប្រែងកម្រិតសកលដើម្បីការពារតំបន់ដីគោក ផ្ទៃទឹកសាប តំបន់ឆ្នេរ សមុទ្រ និងមហាសមុទ្រចំនួន៣០% នៅលើពិភពលោក ត្រឹមឆ្នាំ២០៣០ ដែលបច្ចុប្បន្ននេះតំបន់ដីគោកត្រឹមតែ ១៧% និងតំបន់សមុទ្រត្រឹមតែ ១០% ប៉ុណ្ណោះត្រូវបានការពារ។
លើសពីនេះ រដ្ឋជាភាគីក៏បានឯកភាពក្នុងការកៀរគរថវិកាយ៉ាងតិចចំនួន២០០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំពីគ្រប់ប្រភពទាំងវិស័យរដ្ឋ និងឯកជន ក៏ដូចជាបង្កើនរំហូរហិរញ្ញវត្ថុអន្តរជាតិពីប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកោះតូចៗ ទៅត្រឹមយ៉ាងតិច២០ពាន់លានដុល្លារសហរដ្ឋអាមេរិក ត្រឹមឆ្នាំ២០២៥ និងដល់យ៉ាងតិច៣០ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំត្រឹមឆ្នាំ២០៣០ ដើម្បីអនុវត្តក្របខ័ណ្ឌការងារជីវៈចម្រុះសកលគួនមីង-ម៉ុងរ៉េអាល់នេះប្រកបដោយជោគជ័យ។
ជាជំហានបន្ត កម្ពុជានឹងរៀបចំធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះរបស់ខ្លួន (NBSAP) ដើម្បីកំណត់នូវអាទិភាពរបស់ខ្លួន និងបន្ស៊ីសកម្មភាពនានាដែលត្រូវអនុវត្តឱ្យស្របទៅនឹងក្របខ័ណ្ឌការងារជីវៈចម្រុះសកលគួនមីង-ម៉ុងរ៉េអាល់ សំដៅសម្រេចបានតាមនូវគោលដៅ និងចំណុចដៅជាសកលដែលបានឯកភាពគ្នាត្រឹមឆ្នាំ២០៣០ខាងមុខនេះ៕