(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ បានចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនគ្រួសារយុវតី ភាព ស្រីណាក់ ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A នៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
យុវតី ភាព ស្រីណាក់ បានឱ្យដឹងថា រូបគេបានមករស់នៅជាមួយតាយាយនៅស្រុកព្រៃនប់នេះ ហើយពេលទំនេរពីការសិក្សារៀនសូត្រនៅសាលា រូបគេបានទៅជួយលាងចានតាមរោងការ រោងបុណ្យ ស៉ីឈ្នួលលាងម៉ូតូ ដើម្បីរកចំណូលយកមកជួយផ្គត់ផ្គង់គ្រួសារ។ ប៉ុន្តែប៉ុន្មានថ្ងៃមកនេះ ផ្ទះលោកតាលោកយាយរបស់យុវតីរូបនេះបានជួបនូវគ្រោះខ្យល់កន្ត្រាក់ បណ្ដាលឱ្យរបើកដំបូល។
នាឱកាសនោះ លោក គួច ចំរើន បានក៏ពាំនាំការផ្ញើសួសុខទុក្ខ និងសេចក្តីនឹងរលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះគ្រួសារយុវតី ភាព ស្រីណាក់ ដែលបានរងផលប៉ះពាល់ខ្យល់កន្រ្តាក់ខូចខាតផ្ទះសម្បែងយ៉ាងដូច្នេះ។
លោកប្រធានក៏បានណែនាំឱ្យយុវតីរូបនេះបន្តសិក្សាតទៅមុខទៀត ដើម្បីយកចំណេះជំនាញ ព្រោះចំណេះវិជ្ជាគឺអាចរកការងារល្អ និងទទួលបានប្រាក់ខែកាន់តែច្រើន ដើម្បីជួយសម្រួលការលំបាកក្នុងគ្រួសារថែមទៀត។
លោក គួច ចំរើន ក៏បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុចែកជូនគ្រួសារយុវតី ភាព ស្រីណាក់ មានដូចជាអង្គរ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១០កំប៉ុង ឃីតមួយកញ្ចប់ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកា២លានរៀលផងដែរ៕