(មណ្ឌលគិរី)៖ ក្នុងបេសកកម្មទូទាំងប្រទេសរបស់គណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ានី អគ្គលេខាធិការគណៈចលនាមហាជន បានធ្វើដំណើរមកដល់ខេត្តមណ្ឌលគិរី និងបានជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តមណ្ឌលគិរី។

ក្នុងពិធីនារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ក៏មានវត្តមានចូលរួមរបស់លោក ថង សាវុន ប្រធានគណៈចលនាមហាជនខេត្តមណ្ឌលគិរី អគ្គលេខាធិការរងគណៈចលនាមហាជន និងសមាជិក សមាជិកាគណចលនាមហាជនជាច្រើនរូបទៀត។

ថ្លែងក្នុងវេទិកាដ៏សំខាន់នៅថ្ងៃនេះ លោក ហ៊ុន ម៉ានី បានរំលឹកពីជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសនៅក្នុងខេត្តមណ្ឌលគិរី ដែលទាំងនោះសុទ្ធតែស្តែងចេញមកពីភាពសកម្មនៃការបម្រើប្រជាជន និងការលះបង់ទាំងកម្លាំងកាយចិត្ត និងធនធានដើម្បីធ្វើយ៉ាងធានាបាននូវ ឱកាសបម្រើជាតិ និងប្រជាជនជាបន្តតាមរយៈការបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងលទ្ធផល នៃការបោះឆ្នោតកន្លងមក។

បន្ថែមលើភាពជោគជ័យទាំងអស់នេះ លោក ហ៊ុន ម៉ានី បានបន្តមោទកភាពចំពោះប្រទេសជាតិ ដោយបានលើកឡើងថា «សាកលលោកបានស្គាល់សមត្ថភាពកម្ពុជា ក្នុងការគ្រប់គ្រងកូវីដ១៩ រួចមកហើយ តែថ្មីៗនេះ កម្ពុជាបានបង្ហាញសក្តានុពលបន្ថែមទៀត តាមរយៈការធ្វើជាម្ចាស់ផ្ទះវេទិការអន្តរជាតិជាច្រើនជាបន្តបន្ទាប់។ ជោគជ័យទាំងអស់នេះ ពិតណាស់សុទ្ធតែមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់ៗទាំងអស់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ទាំងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ និងការបង្ហាញកិត្យានុភាពជាតិជាបន្តបន្ទាប់។ ខ្ញុំពិតជាមានមោទកភាពកាន់តែខ្លាំង ចំពោះប្រជាជាតិកម្ពុជា»

សូមរំលឹកថា ដ្បិតថា ថ្ងៃនេះជាលើកទី១ ដែលលោក អគ្គលេខាធិការ បានជួបជាមួយរចនាសម្ព័ន្ធទ្រង់ទ្រាយធំក្នុងខេត្តមណ្ឌលគិរី តែការចុះជួបជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនតាមបណ្តារាជធានី ខេត្ត គឺជាបេសកកម្មដែលលោក ហ៊ុន ម៉ានី និងប្រតិភូ នឹងត្រូវធ្វើទូទាំងប្រទេស៕