(ក្រចេះ)៖ លោក វ៉ា ថន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ព្រមទាំងក្រុមការងារ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ បានចុះចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា ជនពិការ ស្រ្តីមេមាយ កុមារកំព្រា សរុបចំនួន៦៥គ្រួសារ ស្ថិតនៅឃុំអូរកណ្ដៀងសែនជ័យ ស្រុកសំបូរ ខេត្តក្រចេះ។
លោក វ៉ា ថន បានបញ្ជាក់ថា ការចែកនូវអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះនេះ គឺជាការចែករំលែកជួយសម្រាលការលំបាក និងការជួយក្នុងគ្រាមានអាសន្នអន់ក្រ ហើយក៏ជាប្រពៃណីដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែប្រតិបត្តិជាប់ជាប្រចាំគ្រប់កាលៈទេសៈ មិនប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ គណបក្សនយោបាយណាមួយឡើយ ត្រូវយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋងាយរងគ្រោះគ្រប់មុខសញ្ញា ដែលវិស័យសង្គមកិច្ចយកចិត្តទុកដាក់ដោះស្រាយ។
លោក វ៉ា ថន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ចចំពោះសុខភាព ជាពិសេសមើលថែចំពោះកុមារ ការពារចាស់ជរា ជនពិការ ព្រមទាំងយកចិត្តទុកដាក់ថែរក្សាសុខភាព ត្រូវមានអនាម័យល្អក្នុងការរស់នៅ ពិសាទឹកដាំឆ្អិន សម្អាតបរិស្ថានជុំវិញផ្ទះ។
លោកបានអំពាវនាវដល់សប្បុរសជននានាក្នុងខេត្តជួយឧបត្ថម្ភគាំទ្រទាំងសម្ភារ និងថវិកាជាមួយកាកកបាទក្រហមកម្ពុជាខេត្ត ដើម្បីបន្តជួយជនរងគ្រោះ។ ទន្ទឹមនឹងនោះ លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការយកចិត្តទុកដាក់អំពីបញ្ហាសុខភាពជាប្រចាំ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ និងខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាព និងបង្កើនសេដ្ឋកិច្ចគ្រួសារអោយកាន់តែប្រសើឡើងថែមទៀត។
សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, សារុង១, មុង១, ភួយ១, ក្រមា១, ជែលលាងដៃ៤ដប, អាវយឺត៣ និងថវិកា៤០០០០រៀល៕