(កំពត)៖ ប្រជាពលរដ្ឋក្រីក្រនិងរងគ្រោះដោយខ្យល់កន្ទ្រាក់ប្រមាណ២០០គ្រួសារនៅស្រុកទឹកឈូ ខេត្តកំពត ទទួលបានអំណោយពីក្រុមហ៊ុន TH Group សហការជាមួយរដ្ឋបានខេត្តកំពត និងស្រុកទឹកឈូ។

ពិធីចែកអំណោយខាងលើនេះរៀបចំធ្វើឡើងនៅសាលាស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី២៤ ខែធ្នូឆ្នាំ២០២២។

លោក ប៉ែន ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន THG បានលើកឡើងថា ក្រុមហ៊ុន THG បានខិតខំប្រឹងប្រែងជួយចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ហើយកន្លងមកក្រុមហ៊ុន រួមជាមួយនឹងអតិថិជន ដៃគូសហការ តែងបាននាំយកនូវអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រ និងជួបបញ្ហាខ្វះខាតខាងជីវភាពនៅតាមបណ្ដាខេត្តមួយចំនួនផងដែរ។ ជាក់ស្ដែងនៅពេលនេះ ក្រុមហ៊ុន និងអតិថិជនជាច្រើន រួមជាមួយដៃគូសហការមកពីខេត្តឆ្ងាយមួយចំនួន ដូចជាខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាបជាដើម ក៏បានបន្តរួមចំណែករដ្ឋបាលខេត្តកំពត និងស្រុកទឹកឈូ នាំអំណោយចែកជូនប្រជាពលរដ្ឋក្រីក្របំផុតនិងរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្ដាលឲ្យប៉ើងដំបូល ប៉ើងជញ្ជាំង និងខូចខាតសម្ភារៈផ្សេងៗទៀត ដែលកើតឡើងកាលពីថ្ងៃទី១៨ ខែធ្នូកន្លងមក ដើម្បីចូលរួមក្នុងកម្មវិធីសប្បធម៌ក្នុងថ្ងៃនេះ។

លោក ស៊ីវ ផេង អភិបាលរងខេត្តកំពត បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ជូនចំពោះប្រជាពលរដ្ឋដែលបានមកទទួលអំណោយទាំងអស់ដោយក្តីនឹករឭក ហើយលោកអភិបាលខេត្តតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានល្អប្រសើរឡើង។

អំណោយដែលក្រុមហ៊ុន TH Group បានផ្តល់ជូនទាំង ២០០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ២០គីឡូក្រាម, មី១កេស និងទឹកសុីអុីវ១យួរ។ ក្នុងនោះដែរ លោក អុឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានចំណាយថវិកាចែកជូនប្រជាពលរដ្ឋទាំង២០០គ្រួសារ ខាងលើ ដោយក្នុងមួយគ្រួសារទទួលបាន២ម៉ឺនរៀលផងដែរ៕