(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បាននាំភរិយា ព្រមទាំងកូនៗ ចូលជួបលោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា នៅគេហឋាន ដើម្បីជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល។

ក្នុងឱកាសចូលជួបជូនពរសម្រាប់ការចូលឆ្នាំសកលនេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានជួបសន្ទនាសួរសុខទុក្ខ និងពិភាក្សាលើការងារមួយចំនួន ជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនមកពី គណបក្សប្រជាជនកម្ពុជា ប្រកបដោយភាពស្និទ្ធស្នាលបំផុត។

អ្នកឧកញ៉ា គិត ម៉េង បានឆ្លៀតជូនពរលោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា ឱ្យជួបសុខភាពល្អ កម្លាំងពលំមាំមួន ព្រមទាំងទទួលបានជោគជ័យលើភារកិច្ចបម្រើជាតិ និងប្រជាជន។ ជាពិសេសទទួលបានប្រជាប្រិយភាព និងការគោរពស្រឡាញ់កាន់តែខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណជ្រាលជូនចំពោះអ្នកឧកញ៉ា គិត ម៉េង សម្រាប់ពាក្យពេចន៍ជូនពរក្នុងឱកាសចូលឆ្នាំសកល។

ក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានឆ្លៀតថ្លែងអំណរគុណអ្នកឧកញ៉ា គិត ម៉េង ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្ររាល់សកម្មភាពសង្គម ដែលដឹកនាំដោយរូបលោក ក៏ដូចជាភរិយា៕