(ប៉េកាំង)៖ អ្នកនំាពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានថ្លែងនៅថ្ងៃអង្គារនេះថា មានប្រទេសជាច្រើនហើយរហូតមកដល់ពេលនេះ បានសម្តែងការគាំទ្រ ចំពោះជំហររបស់រដ្ឋាភិបាលចិន ទៅលើជម្លោះដែនសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០១៦។
នៅក្នុងសន្និសីទព័ត៌មានប្រចាំថ្ងៃអង្គារ លោកស្រី Hua Chunying បានច្រានចោលព័ត៌មានមួយចំនួន ដែលបានចុះផ្សាយថា មានប្រទេសចំនួនតែ០៨ប៉ុណ្ណោះ ដែលបានគាំទ្រចិនលើបញ្ហានេះ។ លោកស្រី Hua បញ្ជាក់ដូច្នេះថា «ខ្ញុំបានដឹងច្បាស់ហើយថា សារព័ត៌មានលោកខាងលិចមួយចំនួន ពេលខ្លះពួកគេបានកែប្រែពី ស-ខ្មៅ ប៉ុន្តែខ្ញុំមិនខ្វល់នឹងពួកគេ ដែលមានបញ្ហាចំពោះចំនួននៃប្រទេសគាំទ្រនោះ»។
រដ្ឋាភិបាលចិន បានសម្តែងការកោតសរសើរគោលជំហរយ៉ាងមុតមាំ និងដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើបញ្ហាជម្លោះ សមុទ្រចិនខាងត្បូង និងការមិនចូលរួមចេញសេចក្តីថ្លែងការណ៍គាំទ្រ សាលដីកាតុលាការ ពាក់ព័ន្ធជម្លោះសមុទ្រខាងត្បូង ដែលហ្វីលីពីនបានប្តឹងជាឯកតោភាគី ទៅតុលាការអន្តរជាតិ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying ថ្លែងយ៉ាងដូច្នេះ។
ប្រទេសកាន់តែច្រើនឡើងៗហើយ បានសម្តែងការគាំទ្ររបស់ពួកគេ បន្ទាប់ពីពួកគេបានយល់កាន់តែច្បាស់អំពីបញ្ហា និងធម្មជាតិនៃការធ្វើជាអាជ្ញាកណ្តាល។ លោកស្រី បានប្រកាសដោយចំហថា ប្រទេសដូចជា ហ្សំប៊ី, កាម៉េរូន, អេត្យូពី, និង ម៉ាឡាវី ជាដើម កាលពីពេលថ្មីៗនេះបានយល់ព្រមគាំទ្រ ជំហររបស់ប្រទេសចិន ក្នុងបញ្ហាសមុទ្រចិនខាងត្បូងទៅហើយ។
បន្ថែមពីនេះទៀត កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ប្រទេសចិន និងស៊ែប៊ី បានចេញសេចក្តីថ្លែងការណ៍ រួមគ្នាថា ជម្លោះដែនសមុទ្រចិនខាងត្បូង គួរតែត្រូវធ្វើការដោះស្រាយ ដោយភាគីពាក់ព័ន្ធផ្ទាល់តាមរយៈកិច្ចចរចា និងសម្របសម្រួលជាលក្ខណៈមិត្តភាព។
លោកស្រី Hua បានបន្តថា ប្រទេសដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ គួរតែគោរពចំពោះកិច្ចព្រមព្រៀងទ្វេភាគី និងសេចក្តីប្រកាសនៃភាគីពាក់ព័ន្ធបញ្ហា សមុទ្រចិនខាងត្បូង (DOC) ខណៈដែលមានការព្យាយាមស្វែងរកដំណោះស្រាយដោយសន្តិវិធី។
ក្រសួងការបរទេសចិន បានប្រកាសយ៉ាងច្បាស់លាស់ថា ប្រទេសចិន នឹងមិនទទួល ឬក៏ចូលរួមនៅក្នុងការទទួលយកការសម្រេចណាមួយ ដែលស្នើឡើងជាឯកតោភាគី ដោយប្រទេសហ្វីលីពីននោះឡើយ។ គ្មាននរណាម្នាក់អាចទាមទារឲ្យចិន ទទួលយកលទ្ធផលណាមួយ ដែលបានមកពីតុលាការ ដែលមិនស្របច្បាប់ និងអយុត្តិធម៌នោះឡើយ។ ជំហរចិន គឺជួយការពារសេចក្តីថ្លៃថ្នូរ និងសិទ្ធិអំណាច នៃច្បាប់អន្តរជាតិ។ នេះបើតាមការសង្កត់ធ្ងន់របស់លោកស្រី Hua។
សរុបសេចក្តីមកប្រទេសចិន បាននិយាយថា ខ្លួននឹងបន្តដោះស្រាយជម្លោះជាមួយនឹងបណ្តាប្រទេសពាក់ព័ន្ធដោយផ្ទាល់ ដោយឈរលើមូលដ្ឋាន គ្រឹះនៃការគោរពសច្ចភាពនៃប្រវត្តិសាស្ត្រ និងអនុឡោមទៅតាមច្បាប់អន្តរជាតិ។
សូមជំរាបថា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់សិស្សសាលាភូមិន្ទរដ្ឋបាល ដែលប្រារព្ធឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ សម្តេចតេជោ បានលើកឡើងអំពីបញ្ហាសមុទ្រចិន ខាងត្បូងយ៉ាងក្តៅគគុក ដោយថ្លែងចេញពីទីក្រុងភ្នំពេញ ផ្ញាំផ្ញើទៅកាន់មេដឹកនាំប្រទេសនៅក្នុងតំបន់អាស៊ាន និងមេដឹកនាំប្រទេសនៅក្រៅតំបន់អាស៊ាន ដោយបានប្រកាសយ៉ាងមុតមាំថា កម្ពុជានឹងមិនចូលរួមការចេញសេចក្តីថ្លែងការណ៍ណាមួយទាំងអស់ គាំទ្រការចេញសាលដីការបស់ តុលាការ ពាក់ព័ន្ធបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ដោយកម្ពុជាប្រកាន់ជំហរអព្យាក្រឹត្យ ហើយអំពាវនាវឲ្យប្រទេសពាក់ព័ន្ធទាំងអស់ក្នុងជម្លោះ ជាមួយភាគីចិន ជួបចរចាគ្នាដើម្បីដោះស្រាយ កុំឲ្យកម្ពុជាចេញមុខចរចា។
ការលើកឡើងនូវសារនយោបាយដ៏សំខាន់ៗបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ថា កម្ពុជាបានបំផ្លាញការចេញសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា កម្ពុជាបានដើរតួនាទីយ៉ាងល្អ ក្នុងការសម្របសម្រួលកិច្ចការសមុទ្រចិនខាងត្បូង រវាងចិន និងប្រទេសក្នុងតំបន់។ ហើយសូមធ្វើការអំពាវនាវឲ្យប្រទេសពាក់ព័ន្ធទាំងអស់ ក្នុងរឿងសមុទ្រចិនខាងត្បូង ជួបចរចាគ្នាដើម្បីដោះស្រាយ កុំឲ្យកម្ពុជាចេញមុខចរចា។
សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្លួនឯងទាស់គ្នាដណ្តើមដីគ្នាលើបញ្ហាសមុទ្រចិនខាងត្បូង មកចោទតែកម្ពុជាជាអ្នកបំផ្លាញ សុំប្រទេសដែលមានបញ្ហាចេញមកចរចាដោយខ្លួនទៅ កម្ពុជាសុំធ្វើជាប្រទេសអព្យាក្រឹត្យលើបញ្ហានេះ, កម្ពុជាមិនធ្វើអាយ៉ងរបស់អ្នកណានោះទេ» លើបញ្ហាសមុទ្រចិនខាងត្បូង។
ការថ្លែងសារនយោបាយសំខាន់ៗពាក់ព័ន្ធនឹងបញ្ហាសមុទ្រខាងត្បូងនេះ សម្តេចតេជោ បានលើកឡើងទៀតថា កាលពីប្រហែលជាងមួយខែមុន មានមន្រ្តីការទូតរបស់ប្រទេសមួយ សុំមិនបញ្ចេញឈ្មោះ បានមកបញ្ចុះបញ្ចូលឲ្យកម្ពុជា ចូលរួមចេញសេចក្តីថ្លែងការណ៍គាំទ្រការចេញសាលដីការបស់តុលាការ លើបញ្ហាជម្លោះសមុទ្រខាងត្បូង។ សម្តេចបានហៅការបញ្ចុះបញ្ចូលនេះ ពួកគេបានដឹងយ៉ាងច្បាស់អំពីការចេញសាលដីការបស់តុលាការ លើបញ្ហាសមុទ្រចិនខាងត្បូង។ គេបានទំនាក់ទំនងជាមួយតុលាការរួចហើយ មុនចេញសាលដីកាលើជម្លោះសមុទ្រចិនខាងត្បូង។ ដូច្នេះតុលាការក៏មិនយុត្តិធម៌ដែរ ដូច្នេះកម្ពុជាប្រកាសមិនគាំទ្រនោះទេ។
លើសពីនោះទៅទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវប្រទេសដែលនៅខាងក្រៅអាស៊ាន កុំលូកដៃចូលកិច្ចការរបស់អាស៊ាន លើបញ្ហាសមុទ្រចិនខាងត្បូង៕