(ភ្នំពេញ)៖ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា តំណាងក្រុមគ្រួសារសពញោមមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ សូមសម្តែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ថ្វាយ ប្រគេន និងជូនចំពោះ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ព្រះថេរានុត្ថេរៈ។
និងសម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់ក្រសួង/ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមការងារ ភ្ញៀវកិត្តិយស សីលវន្ត សីលវតី និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃយាង និមន្ត និងអញ្ជើញចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំបំផុតក្នុងពិធីបុណ្យសពញោមប្រុស លោកឪពុក ឪពុកក្មេក ជីតា ជីតាទួត ដែលជាពុទ្ធសាសនិកមួយរូប ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់របស់ទូលព្រះបង្គំខ្ញុំព្រះករុណាអាត្មាភាព និងក្រុមញាតិ។
តាមរយៈសារថ្លែងអំណរគុណ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង មានសង្ឃដីការថា កាយវិការប្រកបដោយសង្គហធម៌ដ៏ល្អប្រពៃខាងលើនេះ ជាកម្លាំងចិត្តដ៏មានសារៈសំខាន់បំផុតស្ដែងឱ្យឃើញនូវសមានចិត្តដ៏សប្បុរស គោរពស្រឡាញ់រាប់អានដ៏ស្មោះរបស់ សម្ដេចព្រះសង្ឃ ព្រះថេរានុត្ថេរៈ និងសម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ញាតិមិត្តទាំងអស់ដែលមានចំពោះ សពញោមប្រុស និងក្រុមគ្រួសារ។
ជាពិសេសក្នុងឱកាសដ៏សែនក្រៀមក្រំឥតឧបមានេះ ទូលព្រះបង្គំខ្ញុំព្រះករុណា អាត្មាភាពសូមចម្រើនពរថ្លែងអំណរព្រះមហាករុណាទិគុណ ជាអនេកប្បការជាទីបំផុត ថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិត ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីស្រឡាញ់រាប់អានក្នុងព្រះធម៌ដ៏ខ្ពង់ខ្ពស់បំផុត និងសូមចម្រើនពរថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានជួយឧបត្ថម្ភគាំទ្រទាំងកម្លាំងកាយចិត្តក្នុងការរៀបចំពិធីបុណ្យឱ្យប្រព្រឹត្តទៅយ៉ាងអធិកអធមជាទីបំផុត តាមប្រពៃណីព្រះពុទ្ធសាសនា។
ជាទីបញ្ចប់នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា អាត្មាភាព និងក្រុមញាតិនៃសព សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុសក្តិសិទ្ធិទាំងអស់ក្នុងលោក សូមជួយអភិបាលរក្សា សម្តេចព្រះសង្ឃព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី សមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់ក្រសួង/ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមការងារ ភ្ញៀវកិត្តិយស សីលវន្ត សីលវតី និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ សូមបានសមប្រកបតែសិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ព្រមទាំងប្រកបដោយព្រះពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចព្រះសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី សីលវន្ត សីលវតី ពុទ្ធបរិស័ទ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ ព្រះមេត្តា និងមេត្តាទទួលនូវសេចក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត ពីទូលព្រះបង្គំខ្ញុំព្រះករុណា អាត្មាភាព និងក្រុមញាតិនៃសព៕