(ស្វាយរៀង)៖ កម្លាំងនគរបាលស្រុកស្វាយជ្រំ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលបានលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅភូមិត្របែក ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ២គ្រឿង, ទូរស័ព្ទដៃ១គ្រឿង, ទឹកផ្លែឈើ និងស្រាបៀចំនួន ៥៩កេស និងឥវ៉ាន់ចាប់ហួយមួយចំនួនទៀត។

លោកអធិការបានបន្តថា ក្រុមចោរគាស់ផ្ទះពលរដ្ឋយកទ្រព្យសម្បត្តិនេះ កន្លងទៅធ្លាប់សកម្មភាពផងដែរនៅក្រុងក្រុងបាវិត តែតែងតែគេចខ្លួនបាត់។ បន្ទាប់មកក្រុមនេះ បានបន្តធ្វើសកម្មភាពលួចគាស់ផ្ទះលក់អីវ៉ាន់ចាប់ហួយ មួយកន្លែងទៀត ក្នុងឃុំស្វាយជ្រំ ដោយយកបានភេសជ្ជៈជាច្រើន ក៏ត្រូវបានកម្លាំងនគរបាលចុះស្រាវជ្រាវតាមដានចាប់បាន២នាក់ នៅវេលាម៉ោងទាបភ្លឺថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕