(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីកាត់ខ្សែបូរណ៍សម្ពោធវិហារឥស្លាម «នូរុលមុតតាគីន» នៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ បានថ្លែងថា កម្ពុជា គឺជាប្រទេសដែលមានសេរីភាពយ៉ាងពេញលេញ និងមានសុខដុមនីយកម្មនៃសាសនា និងជនជាតិ។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកអគ្គរាជទូត/រដ្ឋទូត លោក លោកស្រីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដែលមានជនជាតិដើមភាគតិចជាច្រើន ក្នុងនោះរួមមាន បងប្អូនខ្មែរឥស្លាមផងដែរនោះ មិនដែលប្រកាន់ពូជសាសន៍ និងសាសនាឡើយ ដោយពលរដ្ឋតែងប្រកាន់យកនូវវប្បធម៌សន្តិភាព អហិង្សា និងបង្រួបបង្រួមជាតិ ដែលជាបច្ច័យដ៏ល្អសម្រាប់អ្នកជំនាន់ក្រោយ។

សម្ដេចក្រឡាហោម ស ខេង បានបន្តថា ការរក្សាបាននូវប្រពៃណីសាសនា ជាការបង្ហាញអំពីភាពសម្បូរ បែបនៃវប្បធម៌ចម្រុះជាតិសាសន៍របស់កម្ពុជា ហើយក៏ជាភស្តុតាងបង្ហាញថា កម្ពុជាជាប្រទេសដែលមានសេរីភាពយ៉ាង ពេញលេញខាងជំនឿសាសនា និងមានសុខដុមនីយកម្ម នៃសាសនា និងជនជាតិ ហើយការលើកកម្ពស់កិត្យានុភាពសាសនា រក្សាបាននូវប្រពៃណីវប្បធម៌ និងសុខដុមនីយកម្មជាតិសាសន៍ បាននាំមកនូវសហគមន៍ជឿនលឿន ដោយសង្គមមានស្ថិរភាពអាស្រ័យទៅលើសន្តិភាព ដែលទាំងនេះ គឺជាផ្នែកមួយនៃផ្លែផ្កា និងអំណោយផលដល់ការប្រែក្លាយប្រទេសជាតិ ទៅកាន់វឌ្ឍនភាព។

សម្ដេចក្រឡាហោម បានបន្ថែមថា ការកាត់បន្ថយភាពក្រីក្រជារៀងរាល់ឆ្នាំ និងសុខដុមនីយកម្មសាសនានៅកម្ពុជា ស្របតាមច្បាប់ជាតិ និងអន្តរជាតិ ដែលទាំងនោះជាបច្ច័យ និងការរួមចំណែកធ្វើឲ្យមានសុខសន្តិភាព សុវត្ថិភាព សុខដុមរមនា និងវឌ្ឍនភាព នៅក្នុងសង្គមជាតិ។

លោក នាក់ សើគីរីន អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ក៏បានលើកឡើងថា បច្ចុប្បន្ន សិទ្ធិសេរីភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ និងសង្គមកម្ពុជា បានកើតឡើងជាបន្តបន្ទាប់ ក្នុងនោះជំនឿសាសនា ត្រូវបានរស់ឡើងវិញ និងលើកតម្កើង ថែមទាំងមានការរួមរស់ប្រកបដោយស្មើភាព និងសុខដុមនីយកម្មក្នុងសង្គម។

សូមជម្រាបថា វិហារឥស្លាម «នូរុលមុតតាគីន» មានឈ្មោះដើម «ក្ដីសំបូរមាស» បានសាងសង់សារជាថ្មីលើទីតាំងដើម ដែលមានសភាពចំណាស់យូរលង់ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ និងបានបញ្ចប់សាងសង់ជាស្ថាពរ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដែលមានផ្ទៃក្រឡាចំនួន ៦០០ម៉ែត្រក្រឡា មានបន្ទប់ទឹកដោយឡែកទំហំ ៥០ ម៉ែត្រក្រឡា មានរបងថ្មីប្រវែង ៧០ម៉ែត្រ អាចផ្ទុកសាសនិកឥស្លាមថ្វាយបង្គំព្រះ ចំនួន៥០០នាក់ និងបានចំណាយថវិកាសរុបប្រមាណ ៣០០,០០០ដុល្លារ ដែលជាការបរិច្ចាគនូវអំណោយដ៏ថ្លៃថ្លា ពីសំណាក់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស៕