(មណ្ឌលគិរី)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណាលសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តក្នុងរចនាសម័ន្ធ ស.ស.យ.ក. ខេត្តមណ្ឌលគិរី ប្រមាណ២០០នាក់ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី។

ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត, លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី, លោក ឈឹម កាន ប្រធាន ស.ស.យ.ក. ខេត្តមណ្ឌលគិរី សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក.ខេត្ត។

លោក ឈឹម កាន ប្រធានស.ស.យ.ក. ខេត្តមណ្ឌលគិរី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោក ហ៊ុន ម៉ានី និងបានធ្វើការរាយការណ៍បង្ហាញពីសកម្មភាពដែលសម្រេចបានកន្លងមករបស់សមាជិក សមាជិកា ស.ស.យ.ក. ខេត្តមណ្ឌលគិរី ប្រកបដោយឆន្ទៈ និងស្មារតី ជាពិសេសលើការងាររួមចំណែកជួយសង្គមជាតិ ដោយចូលរួមសម្របសម្រួលការចាក់វ៉ាក់សាំង សម្របសម្រួលដល់ប្អូនៗប្រឡងបាក់ឌុប យុទ្ធនាការពលរដ្ឋល្អ និងការងារស្ម័គ្រចិត្ត រួមទាំងមនុស្សធម៌ជាដើម។

លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗ របស់ ស. ស.យ.ក. ខេត្តជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា ស.ស.យ.ក. ខេត្តផ្ទាល់ដែលបានយកចិត្តទុកដាក់ ចូលរួមកសាង និងអភិវឌ្ឍន៍ខេត្តមណ្ឌលគិរីជាបន្តបន្ទាប់។

លោកបានលើកឡើងថា «យុវជន ស.ស.យ.ក. ខេត្តមណ្ឌលគិរី បានចូលរួមចំណែក និងក្លាយជាចលករយ៉ាងសំខាន់ ក្នុងការចូលរួមជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ក្នុងកិច្ចការលើកកម្ពស់ ស្តារ កសាង និងអភិវឌ្ឍជាតិ។ ជាពិសេស អ្វីដែលជាតឹកតាងដែលបញ្ជាក់ជាក់ស្តែងនោះ គឺការចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩ ដោយមិនខ្លាចនឿយហត់ ឬហានិភ័យផ្ទាល់ខ្លួន»

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ស.ស.យ.ក. ខេត្តមណ្ឌលគិរី ដែលតែងតែយកចិត្តទុកដាក់ លះបង់ដើម្បីកិច្ចការងារសង្គមជាតិ ដោយចូលរួមយ៉ាងសកម្ម ក្នុងការរួមចំណែកលើកស្ទួយ វិស័យនានា ឲ្យកាន់តែមានការទទួលស្គាល់បន្ថែមទៀត។

លោកបានបន្ថែមថា តាំងពីសហភាពសហព័ន្ធយុវជនកម្ពុជា បានចាប់កំណើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨មក ក្រុមគ្រួសារ ស.ស.យ.ក. នៅតែបន្តស្មារតី ២ធ្នូ មកដល់បច្ចុប្បន្ន ដោយការហ៊ានលះបង់ និងការដាក់ផលប្រយោជន៍បុគ្គលទុកមួយឡែក ហើយមករួបរួមគ្នាជាធ្លុងមួយ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។ លោកបានបន្តទៀតថា ឯកសណ្ឋាន ស.ស.យ.ក. មិនត្រឹមតែស្រស់ស្អាត និងតំណាងស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែផ្សាភ្ជាប់ជាមួយអត្ថន័យការងារសង្គម និងការងារមនុស្សធម៌។

លោក ហ៊ុន ម៉ានី បានបន្តដោយបាន ចែករំលែកនូវពុទ្ធិដោយបានលើកឡើងថា «ចំណេះជាមូលដ្ឋានដែលមិនអាចខ្វះបាន ហើយត្រូវរៀនសូត្រ ដុសខាត់ជាប្រចាំ។ ទោះបីជាយ៉ាងនេះក្តី ចំណេះដឹងតែមួយមុខ មិនមែនជាកត្តាកំណត់ភាពជោគជ័យ ឬភាពជាអ្នកដឹកនាំល្អនោះទេ។ អ្វីដែលសំខាន់នោះគឺ ការដែលចេះប្រើប្រាស់ចំណេះ ជំនាញ និងបទពិសោធន៏ការងារមិនថាស្ម័គ្រចិត្ត ឬការងារប្រចាំថ្ងៃ ឲ្យសមស្របតាមកាលៈទេសៈ និងស្របតាមផែនការគោលដៅដែលសំដៅឆ្ពោះទៅ។ ផ្សាភ្ជាប់ជាមួយគ្នានេះ ខ្ញុំអាចនិយាយបានថា ស.ស.យ.ក. បានក្លាយជាវេទិកាមួយ ដែលមិនត្រឹមតែសម្រាប់ការដុសខាត់ និងអភិវឌ្ឍន៍សមត្ថភាពសមាជិក សមាជិកាម្នាក់ៗនោះទេ តែក៏ជាវេទិកាសម្រាប់ការបង្ហាញសមត្ថភាព នៃភាពជាអ្នកដឹកនាំ និងភាពជោគជ័យទៅថ្ងៃអនាគតរៀងៗខ្លួនផងដែរ»

សូមជម្រាបថា នាថ្ងៃដដែលនេះដែរ លោក ហ៊ុន ម៉ានី ក៏បានអញ្ជើញចូលរួម ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី នៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យផងដែរ៕