(ព្រះវិហារ)៖ ទាហាន នាយទាហានរង និងពលទាហាន ជាសិក្ខាកាមរបស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារចំនួន១៤៣នាក់ ទទួលបានវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី (ខ.គ) ថ្មើរជើងប្រចាំឆ្នាំ២០២២, លោក គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ បានណែនាំកងទ័ពត្រូវយកចិត្តទុកដាក់ក្នុងការខិតខំរៀនសូត្រ ដើម្បីបង្កើនសមត្ថភាពចំណេះដឹងឱ្យកាន់ខ្លាំងក្លាថែមទៀត។

ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី (ខ.គ) ថ្មើរជើង ដល់នាយទាហាន នាយទាហានរង និងពលទាហាន របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ក្រោមវត្តមានលោក គឹម រិទ្ធី និងមានការចូលរួមពីតំណាងអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ តំណាងបញ្ជាការដ្ឋានកងទ័ពជើងគោក តំណាងយោធភូមិភាគទី៤ ព្រមទាំងតំណាងអង្គភាពឈរជើងតាមព្រំដែន ក៏ដូចជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើនទៀត។

នាឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីអនុវត្តឱ្យបានជោគជ័យនូវគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងគោលដៅយុទ្ធនាការរបស់មេបញ្ជាការងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានដាក់ចេញនូវផែនការហ្វឹកហ្វឺនចំនួន១វគ្គ បំប៉នយុទ្ធវិធី (ខ.គ) ថ្មើរជើង ដែលមានសិក្ខកាមចំនួន១៤៣នាក់ គ្រូចំនួន៨នាក់ គណៈកម្មាការវគ្គចំនួន១០នាក់។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានបញ្ជាក់ថា៖ «វគ្គហ្វឹកហ្វឹកនេះគឺមានគោលបំណងពង្រឹងស្មារតីដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងវគ្គហ្វឹកហ្វឺនឱ្យកាន់តែច្បាស់ អំពីវិធីសាស្ត្រក្នុងការប្រយុទ្ធទប់ទល់ការពារទីតាំងឱ្យកាន់តែស្ទាត់ជំនាញ ម្យាងទៀតធ្វើឱ្យទ័ពជំនាញបានយល់ច្បាស់លាស់ មានភាពរហ័សរហួនក្នុងការអនុវត្តបទបញ្ជាអន្តរាគមន៍ ប្រយុទ្ធនៅលើសមូរភូមិជាក់ស្តែង។ បង្កើនសមត្ថភាពដល់មេបញ្ជាការជាថ្នាក់ដឹកនាំ ថ្នាក់ក្រុមអនុសេនាតូច កងអនុសេនាធំ ត្រូវចេះគ្រប់គ្រងស្ថានការយើងនឹងសត្រូវ ម្យាងទៀតធ្វើឱ្យយោធិនគ្រប់រូបយល់កាន់តែច្បាស់នូវច្បាប់ លក្ខន្តិកៈ និងបទវិន័យទូទៅនៃកងយោពលខេមរភូមិន្ទ»

នៅក្នុងឱកាសនេះដែរ លោក គីម រិទ្ធី បានថ្លែងនូវការអរគុណដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការយោធភូមិភាគទី៤ ក៏ដូចជាអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ព្រមទាំងស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានជ្រោមជ្រែងនិងបង្ករលក្ខណៈបើកវគ្គហ្វឹកហ្វឺនយុទ្ធវិធី (ខ.គ) ថ្មើរជើង បានដំណើរការតាមការគ្រោងទុក។

លោកអភិបាលខេត្តព្រះវិហារ ផ្តល់អនុសាសន៍ផ្តាំផ្ញើមួយចំនួនដល់សិក្ខាកាមរួមមាន៖

*ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ដើម្បីបង្កើនសមត្ថភាព ចំណេះដឹង
*ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាឱ្យបានមុឺងម៉ាត់បំផុត
*ក្នុងការហ្វឹកហ្វឺនសិក្ខាកាមត្រូវមានសីលធម៌ សុជីវធម៌ក្នុងការរស់នៅ និងចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក
*ត្រូវស្មោះត្រង់ចំពោះរាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោត
*ចូលរួមថែរក្សាសុខសន្តិភាព
*ត្រូវចេះសាមគ្គីភាពរវាងសិក្ខាកាម និងសិក្ខាកាម រវាងសិក្ខាកាមនិងយោធាចារ្យ៕