(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះមន្រ្តីមគ្គុទ្ទេសក៍ទេសចរណ៍រូបណា ដែលបានប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈ ដូចជាការចូលរួមក្នុងសកម្មភាពនយោបាយ ដែលផ្ទុយទៅនឹងលក្ខន្តិក បទបញ្ជាផ្ទៃក្នុងរបស់សមាគម និងប្រកាសរបស់ក្រសួងទេសចរណ៍ នេះបើយោងតាមសេចក្តីប្រកាស របស់ក្រសួងទេសចរណ៍ ផ្ញើមកកាន់អង្គភាព Fresh News នៅយប់ថ្ងៃទី២១ ខែមិថុនានេះ។
ការប្រកាសព្រមាននេះ ធ្វើឡើងបន្ទាប់ពីក្រសួងសង្កេតឃើញថា មានមគ្គុទ្ទេសក៍ទេសចរណ៍មួយចំនួន បានប្រព្រឹត្តិខុសនឹងក្រមសីលធម៌វិជ្ជាជីវៈ មគ្គុទ្ទេសក៍ទេសចរណ៍ ដោយបានចូលរួមសកម្មភាព នយោបាយដែលផ្ទុយនឹងបទប្បញ្ញត្តិជាធរមាន។
ក្រសួងទេសចរណ៍បានឲ្យដឹងទៀតថា បើតាមលិខិតរបស់សមាគមមគ្គុទ្ទេសក៍ ទេសចរណ៍ ខ្មែរអង្គរផ្ញើជូនលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហើយត្រូវបានក្រសួងទេសចរណ៍ ផ្សព្វផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា មគ្គុទ្ទេសក៍ទេសចរណ៍ នៅតំបន់សៀមរាបអង្គរមួយក្រុម ដែលមានឯកសណ្ឋាន បានចូលរួមចលនានយោបាយ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅភ្នំពេញ ហើយបានបង្ហោះ តាមបណ្តាញសង្គមហ្វេសប៊ុក។
ការពាក់ឯកសណ្ឋានមគ្គុទ្ទេសក៍ទេសចរណ៍ ចូលរួមចលនានយោបាយ របស់មគ្គុទ្ទេសក៍ទេសចរណ៍មួយក្រុមនោះ គឺជាទង្វើរប្រាស់ចាកពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់សមាគម និងប្រកាសរបស់ក្រសួងទេសចរណ៍ ដែលទង្វើរនេះ មិនស្តែងចេញជាទស្សនៈរួមរបស់សមាគមមគ្គុទ្ទេសក៍ ទេសចរណ៍ខ្មែរអង្គរឡើយ។ នេះបើតាមការបញ្ជាក់ នៅក្នុងលិខិតរបស់សមាគមមគ្គុទ្ទេសក៍ ទេសចរណ៍ខ្មែរអង្គរ។
ក្រសួងទេសចរណ៍បានសង្កត់ធ្ងន់ថា «ឆ្លើយតបនឹងបញ្ហានេះ ក្រសួងទេសចរណ៍ នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះមគ្គុទ្ទេសក៍ទេសចរណ៍ រូបណាដែលបានប្រព្រឹត្តិខុស នឹងក្រមសីលធម៌វិជ្ជាជីវៈ មគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីពង្រឹង និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ពិសេសការអនុវត្ត និងប្រតិបត្តិវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ចំពោះភ្ញៀវកំពុងធ្វើដំណើរកម្សាន្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវភាពរីករាយ និងកក់ក្តៅ»។
សូមជម្រាបថា តាមប្រកាសលេខ០៤៧ ប្រកស្តីពីការអនុវត្តក្រមប្រតិបត្តិវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ ទេសចរណ៍ ជំពូក០១មាត្រា ០៣ នៃក្រមសីលធម៌វិជ្ជាជីវៈ មគ្គុទ្ទេសក៍ទេសចរណ៍ បានចែងថា នៅគ្រប់កាលៈទេសៈមគ្គុទ្ទេសក៍ទេសចរណ៍ ត្រូវគោរពតាមវិធាននៃវិជ្ជាជីវៈ គោលការណ៍ សម្បជញ្ញៈ មនុស្សធម៌ និងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈ។ មគ្គុទ្ទេសក៍ទេសចរណ៍ មិនត្រូវចូលរួមសកម្មភាព នយោបាយ ឬសកម្មភាពទាំងឡាយណាដែលផ្ទុយនឹងច្បាប់ បទប្បញ្ញត្តិជាធារមាន វិធានវិជ្ជាជីវៈ និងសម្បជញ្ញៈរបស់ខ្លួនឡើយ៕
ខាងក្រោមនេះ ជាលិខិតរបស់សមាគមមគ្គុទ្ទេសក៍ ទេសចរណ៍ ខ្មែរអង្គរផ្ញើជូនលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖