(ភ្នំពេញ)៖ លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច តំណាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការទូតអាហារ Culinary Diplomacy» នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីសហព័ទ្ធឯកអគ្គរាជទូតកម្ពុជា ដែលទើបទទួលការតែងតាំងថ្មី និងចុងភៅប្រចាំស្ថានតំណាងកម្ពុជានៅបរទេស សរុបប្រមាណ ៣០នាក់។
ស្របតាមយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ វគ្គបណ្តុះបណ្តាល «ការទូតអាហារ» នេះបានធ្វើឡើងរយៈពេល ២សប្តាហ៍ ដោយផ្តោតទៅលើការស្វែងយល់ពីវប្បធម៌ វិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា និងពិធីការការទូត និងអតិថិវិន័យ។
លើសពីនេះទៀត សិក្ខាកាមក៏បានទទួលការបង្ហាត់បង្ហាញដោយផ្ទាល់ពី លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍ ពាក់ព័ន្ធនឹងការធ្វើនំបញ្ចុកកំពត សម្លរកកូរត្រី ប្រហុកខ្ទិះ អាម៉ុកត្រី និងមុខម្ហូបផ្សេងទៀតផងដែរ។ មុខម្ហូបទាំងនេះសុទ្ធសឹងតែជាមុខម្ហូបក្នុងសៀវភៅម្ហូប «កេរដំណែលស្នាដៃម្ហូបខ្មែរ» ដែលទទួលបានជ័យលាភីជា «សៀវភៅម្ហូបអាស៊ីល្អដាច់គេ» ២ឆ្នាំជាប់គ្នា និង «សៀវភៅម្ហូបឆ្នើមដែលរៀបរៀងដោយថ្នាក់ដឹកនាំនៃរដ្ឋ» ក្នុងឆ្នាំ២០២២ ពី Gourmand World Cookbook Awards ៕