(ភ្នំពេញ)៖ ក្រោមការបញ្ជាផ្ទាល់ ពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្លាំងនគរបាលនាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី បានបន្តប្រតិបត្តិការ ចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិបរទេស ជាពិសេសជនជាតិវៀតណាម ជាប្រចាំ ដែលលួចស្នាក់នៅ និងធ្វើការខុសច្បាប់។
ជាក់ស្តែងនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ខណ្ឌចំការមន ក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ជាព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យជនបរទេស ស្ថិតនៅផ្ទះជួលបន្ទប់ជួល និងផ្ទះកោសជប់ម៉ាស្សា នៅផ្លូវលេខ២៩២ កែងផ្លូវ១០៥ និងផ្លូវលេខ១១៣ នៅក្នុង សង្កាត់បឹងកេងកង២ ខណ្ឌចំការមន។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា សម្រាប់ប្រតិបត្តិការនេះ កម្លាំងនគរបាលរបស់លោក បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម ចំនួន២៣នាក់ ប្រុសចំនួន០៦នាក់ ពីបទលួចឆ្លងដែន ស្នាក់នៅ ដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន ដែលប្រករប រកស៊ី លក់កាហ្វេ កោសជប់ និងម៉ាស្សា នៅទីតាំងខាងលើ។
មន្រ្តីនគរបាលអន្តោប្រវេសន៍ បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ទាំងអស់គួរពិនិត្យមើល តាមទីតាំងប្រកបអាជីវកម្ម របស់ជនបរទេសទាំងនេះ ជាពិសេសរបរកោសជប់ ម៉ាស្សា ថាតើមានច្បាប់អនុញ្ញាតត្រឹមត្រូវដែរ ឬទេ? បើគ្មានការត្រួតពិនិត្យបែបនេះទេ នោះការចុះទប់ស្កាត់របស់មន្រ្តីជំនាញ នឹងមានការលំបាកណាស់។
មន្រ្តីដដែលនេះបានចាត់ទុកថា ការគ្មានត្រួតពិនិត្យ ចំពោះទីតាំងអាជីវកម្ម ជនបរទេសទាំងនេះ គឺធ្វើឲ្យមានការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សង្គម និងវប្បធម៌ប្រពៃណីរបស់ខ្មែរយ៉ាងខ្លាំង ពីព្រោះតាមការស្រាវជ្រាវនោះ ឃើញថា ទីតាំងម៉ាស្សានេះ បានលួចបង្កប់សេវាផ្លូវភេទផងដែរ៕