(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានណែនាំដល់មន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្តត្រូវធ្វើរបាយការណ៍បូកសរុបស្ថិតិភ្ញៀវទេសចរ និងការចំណាយរបស់ភ្ញៀវទេសចរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ហើយត្រូវបញ្ជូនមកក្រសួងទេសចរណ៍ឱ្យបានទាន់ពេលវេលាប្រចាំថ្ងៃ។

ការណែនាំនេះគឺមានកំណត់នៅក្នុងសារាចរណែនាំស្ដីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។

សារាចរណែនាំនេះមាន៥ចំណុចដែលក្រសួងទេសចរណ៍បានកំណត់ចង្អុលបង្ហាញដល់មន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្តឱ្យចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ ហើយនៅត្រង់ចំណុចទី៥ ក្រសួងទេសចរណ៍បានណែនាំមន្ទីរទេសចរណ៍ថា «.....ត្រូវធ្វើរបាយការណ៍បូកសរុបស្ថិតិនិងការចំណាយរបស់ភ្ញៀវទេសចរនៅរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា និងផ្ញើមកក្រសួងទេសចរណ៍ឱ្យបានទាន់ពេលវេលាជាប្រចាំថ្ង»

គួរជម្រាបថា កន្លងមក ក្រសួងទេសចរណ៍តែងតែចេញផ្សាយអំពីស្ថិតិភ្ញៀវទេសចរប្រចាំសប្ដាហ៍ ក៏ដូចជាប្រចាំពេលបុណ្យទានធំៗ ប៉ុន្តែមិនសូវមានការបញ្ចេញព័ត៌មានពាក់ព័ន្ធនឹងការចំណាយរបស់ភ្ញៀវទេសចរនោះឡើយ ដោយឡែកនៅក្នុងសារាចរណែនាំថ្មីនេះគឺមានការតម្រូវបន្ថែមឱ្យបូកសរុបការចំណាយរបស់ភ្ញៀវទេសចរ៕

ខាងក្រោមនេះជាសារាចរណែនាំរបស់ក្រសួងទេសចរណ៍៖