(ហូជីមិញ)៖ ដំណើរទស្សនកិច្ច ទៅកាន់ប្រទេសវៀតណាម នាថ្ងៃទី៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនានេះ គណៈប្រតិភូអ្នកសារព័ត៌មានកម្ពុជា ត្រូវបានភាគីម្ចាស់ផ្ទះវៀតណាម នាំទៅទស្សនាទីតាំងប្រវត្តិសាស្ត្រ «កូជី» ដែលជាកន្លែងកងទ័ពបដិវត្តន៍ និងប្រជាជនវៀតណាម ជីករូងក្រោមដីរស់នៅ និងធ្វើការតស៊ូប្រឆាំងទាហានអាមេរិក ដែលចូលលុកលុយឈ្លានពាន ប្រទេសវៀតណាម នៅមុនឆ្នាំ១៩៧៥។
«កូជី» មានចំងាយពីទីក្រុងហូជីមិញ ជាង៥០គីឡូម៉ែត្រ នៅជាប់នឹងដៃទន្លេ ដែលតភ្ជាប់ទៅដល់ប្រទេសកម្ពុជា។ បច្ចុប្បន្នតំបន់នេះ ត្រូវបានរដ្ឋាភិបាលវៀតណាម រៀបចំឲ្យក្លាយទៅជាទីតាំងប្រវត្តិសាស្ត្រ ស្ដីពីការតស៊ូធ្វើសង្គ្រាមប្រឆាំងនឹង ទាហានឈ្លានពានរបស់សហរដ្ឋអាមេរិក ដែលគ្រប់គ្រងដោយរដ្ឋការវៀតណាមខាងត្បូង។ ការដាក់តំបន់កូជី ទៅជាទីតាំងប្រវត្តិសាស្ត្របែបនេះ ដោយសារតែតំបន់នេះ នៅសម័យសង្គ្រាម ទាហានអាមេរិក បានបាចថ្នាំគីមី នៅតំបន់នេះ ក៏ដូចតំបន់ផ្សេងៗទៀត ធ្វើឲ្យព្រៃឈើងាប់អស់ មិនអាចឲ្យកងទ័ពបដិវត្តន៍ និងប្រជាជនវៀតណាម លាក់ខ្លួនបាន។ ដើម្បីលាក់ខ្លួន និងងាយស្រួលធ្វើសង្គ្រាមប្រឆាំង ទាហានអាមេរិក កងទ័ពបដិវត្តន៍ និងប្រជាជនវៀតណាម បានជីកលានដ្ឋានរូងក្រោមដី រស់នៅពេលថ្ងៃ ហើយចេញធ្វើសកម្មភាពប្រយុទ្ធនៅពេលយប់ ឬពេលមានករណីប្រយុទ្ធចាំបាច់។
ក្រោយចប់សង្គ្រាមរដ្ឋាភិបាលវៀតណាម បានរៀបចំតំបន់នេះ ឲ្យក្លាយទៅជាទីតាំងប្រវត្តិសាស្ត្រ ជាក់ស្ដែងរបស់កងទ័ព និងប្រជាជន ហើយបើកឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទិញសំបុត្រចូលទស្សនាដោយមួយថ្ងៃៗ មានមនុស្សចូលទស្សនារាប់រយនាក់ ក្នុងម្នាក់តម្លៃសំបុត្រ១១ម៉ឺនដុង។ នៅក្នុងទីតាំងប្រវត្តិសាស្ត្រកូជីនេះ រួមមានកន្លែងតាំងពិព័រណ៍ កាំភ្លើងធុនតូច និងលក់វត្ថុអនុស្សាវរីយ៍ រូងក្រោមដីរាប់រយម៉ែត្រ ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាម លានដ្ឋានកងទ័ពប្រយុទ្ធ ទីតាំងចំរ៉ូង សិប្បកម្មកែឆ្នៃអាវុធ និងកន្លែងធ្វើការងារ របស់កងទ័ពបដិវត្តន៍ វៀតណាមមួយចំនួនទៀត រួមទាំងកន្លែងបាញ់ស៉ីបគ្រាប់ពិត ដោយភ្ញៀវទេសចរ អាចទិញគ្រាប់កាំភ្លើងបាញ់កំសាន្តលេងបាន។
ក្រៅពីនេះភ្ញៀវទេសចរ ក៏ត្រូវបានអនុញាតិឲ្យ ទទួលទានដំឡូងមីស្ងោជ្រលក់ជាមួយ សណ្តែកដីលីងបុក និងទឹកតែដែលដំឡូងមីនេះ ជាអាហារប្រវត្តិសាស្ត្រ ប្រចាំតំបន់កូជី ព្រោះកងទ័ពបដិវត្តន៍ និងប្រជាជននៅសម័យសង្គ្រាមខ្វះខាតស្បៀង ទទួលទានតែដំឡូងមីជំនួសបាយ។ បាញ់ចាង និងការបិទស្រាស ក៏ជាអាហារប្រចាំ នៅតំបន់កូជីផងដែរ។ ក្នុងនោះមានអាវុធ ជ័យភណ្ឌ និងសម្ភារៈកងទ័ពប្រើប្រាស់សម័យតស៊ូ ត្រូវបានគេរក្សាទុករហូតមកដល់សព្វថ្ងៃ ហើយដាក់តាំងឲ្យភ្ញៀវទស្សនា ជាក់ស្ដែងទៀតផង។
អ្វីដែលជាការចាប់អារម្មណ៍នោះ គឺបុគ្គលិកដែលជាអ្នកនាំភ្ញៀវដើរទស្សនា សុទ្ធតែស្លៀកពាក់តាមបែបទាហានសម័យតស៊ូ ធ្វើសង្គ្រាមប្រឆាំង អាមេរិកទាំងអស់៕