(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ច នៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។

បើតាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិក, ក្នុងដំណើរទៅកាន់ស្ថានទូតនេះ លោកឯកអគ្គរដ្ឋទូត Murphy និងបុគ្គលិក បានទទួលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណ:ប្រតិភូ។

«ដោយសម្លឹងទៅកាន់ឆ្នាំថ្មី លោកឯកអគ្គរដ្ឋទូត Murphy និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានពិភាក្សាលើវិធីកែលម្អទំនាក់ទំនងទ្វេភាគី។ យើងរំពឹងថាឆ្នាំ២០២៣ ល្អប្រកបដោយផ្លែផ្កា ហើយអាចបន្តការខិតខំក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា»។ នេះបើតាមសេចក្តីប្រកាសរបស់ស្ថានទូតនៅតាមបណ្តាញសង្គម នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។

ជាមួយគ្នានេះសម្រាប់ លោក ហ៊ុន ម៉ានី កូនប្រុសសម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ទុកថា ដំណើរទស្សនកិច្ចទៅកាន់ស្ថានទូតអាមេរិកនេះ ជាការរំលឹកអំពីទំនាក់ទំនងដ៏ល្អ ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ក៏ដូចជាកិច្ចសហប្រតិបត្តិការតំបន់អាស៊ាន និងសហរដ្ឋអាមេរិកផងដែរ។

សេចក្តីប្រកាសរបស់ស្ថានទូតអាមេរិកបានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជាលើអាស៊ាន ក្នុងឆ្នាំដែលមានបញ្ហាប្រឈម ថ្នាក់តំបន់ និងសាកលលោក ការគាំទ្រចំពោះកិច្ចប្រជុំកំពូលពិសេស សហរដ្ឋអាមេរិក អាស៊ាន នៅទីក្រុង Washington បដិសណ្ឋារកិច្ចចំពោះការចូលរួមរបស់លោកប្រធានាធិបតី Joe Biden នៅក្នុងកិច្ចប្រជុំកំពូលកាលពីខែវិច្ឆិកា នៅភ្នំពេញ ហើយនិងការគាំទ្រចំពោះការដំឡើងភាពជាដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សហរដ្ឋអាមេរិក អាស៊ាន។

ស្ថានទូតបានបញ្ជាក់ទៀតថា «យើងសូមស្វាគមន៍ជំហររបស់កម្ពុជា ក្នុងការលើកកម្ពស់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ការពារបូរណភាពទឹកដី និងសហការគាំទ្រដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ដែលថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន»