(ភ្នំពេញ)៖ រូបថតមួយចំនួនដែលជាភស្តុតាងបានបង្ហាញថា អគ្គលេខាធិការគណបក្សភ្លើងទៀន មានវត្តមាននៅវត្តភ្នំសេរីរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ នៅសហរដ្ឋអាមេរិក បានជួបជុំគ្នាពិភាក្សារៀបចំកិច្ចការគណបក្សភ្លើងទៀន ហើយវត្តភ្នំសេរីក៏ជាទីកន្លែងនៃការជួបជុំរវាង មេដឹកនាំគណបក្សភ្លើងទៀន ជាមួយទណ្ឌិត សម រង្ស៉ី, អេង ឆៃអ៊ាង និង មួ សុខហួ ដើម្បីពិភាក្សាការងារ និងរៀបចំយុទ្ធសាស្រ្ត។

ការជួបជុំគ្នារវាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ជាមួយទណ្ឌិត សម រង្ស៉ី, អេង ឆៃអ៊ាង និង មួ សុខហួ គឺជាការបំពាននឹងច្បាប់ស្តីពីគណបក្សនយោបាយ ដែលអាចនឹងត្រូវតុលាការរំលាយផងដែរ។ ដូច្នេះគណបក្សភ្លើងទៀន ត្រូវមានការប្រុងប្រយ័ត្ឋ ជៀសវាងត្រូវតុលាការរំលាយចោល។

រូបភាពជាច្រើនសន្លឹក បានបង្ហាញនៅលើហ្វេសប៊ុក កុមារពេជ្រ ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «វត្តភ្នំសេរីរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានក្លាយជាទីកន្លែងនៃការជួបជុំរវាង មេដឹកនាំគណបក្សភ្លើងទៀន ជាមួយទណ្ឌិត សម រង្ស៉ី អេង ឆៃអ៊ាង និង មួ សុខហួ ដើម្បីពិភាក្សាការងារ និងរៀបចំយុទ្ធសាស្រ្ត»។ កុមារពេជ្រសូមផ្តាំទៅគណបក្សភ្លើងទៀន សូមមានការប្រុងប្រយ័ត្ឋ ជៀសវាងត្រូវតុលាការរំលាយទៀត ព្រោះវាខុសជាមួយច្បាប់ស្តីពីគណបក្សនយោបាយ។ យើងនៅមានឯកសារច្រើនទៀតដែលមិនបញ្ចេញ»។

សូមជំរាបថា នាពេលកន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសជាច្រើនដងរួចមកហើយថា គណបក្សណាក៏ដោយ បើជាប់ពាក់ព័ន្ធនឹងទណ្ឌិត សម រង្ស៉ី និងបុគ្គលមួយចំនួនដែលជាជនក្បត់ជាតិ នោះអាចប្រឈមការកាត់ក្តីរំលាយចោលដោយតុលាការកំពូល ព្រោះជាសកម្មភាពបំពាននឹងច្បាប់ស្តីពីគណបក្សនយោបាយ៕