(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន តំណាងលោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ បានចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយខុទ្ធការល័យសម្តេចតេជោ ចែកជូននាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពវរសេនាតូចលេខ៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ ដែលកំពុងឈរជើងការពារ ទឹកដី តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាអង្គភាពសម្ព័ន្ធមេត្រីភាព នាឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៣។

ក្នុងពិធីនេះ ក៏មានការចូលរួមពី លោកឧត្តមសេនីយឯក ស្រី ឌឹក មេបញ្ជាការងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣, លោកឧត្តមសេនីយ៍ទោ ផាន់ និមិត្ត តំណាងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន, លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ និងនាយទាហានជាច្រើនរូបទៀត។

ក្នុងនាមលោក ហូ សិទ្ធី, នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាល សម្តេចទាំងទ្វេរតែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព និងក្រុមគ្រួសារ។

នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខផងដែរ ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ថ្នាក់ដឹកនាំកងទ័ពជើងគោក ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃវរសេនាតូចលេខ៣៨៥ នាឱកាសឆ្នាំថ្មីឆ្នាំសកល ២០២៣។

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ហូ សិទ្ធី ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពវរសេនាតូចលេខ៣៨៥ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ជាទៀងទាត់ណាស់ ក្នុង១ឆ្នាំ៣ដង តែងបាននាំថវិកា និងសម្ភារ មកប្រគល់ជូនជាការលើកទឹកចិត្តដល់នាយ និងពលទាហាន ក៏ដូចជាអង្គភាពទាំងមូល។

នាយឧត្តមសេនីយ៍ ក៏ដូចជានាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាពវរសេនាតូចលេខ៣៨៥ទាំងអស់ សូមអបអរសាទរ និងគោរពជូនពរ ចំពោះ «សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលពានរង្វាន់ សមិទ្ធិផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក»។

ក្នុងនាមលោក ហូ សិទ្ធី នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងអំណរគុណដល់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ អ្នកឧកញ៉ា ពង្ស ឃាវសែ អគ្គនាយកធានាគារកាណាឌីយ៉ា និងភូមិវប្បធម៌សៀមរាប ក៏ដូចជាលោក អ៊ូច ឌីណា លោក ហាក់ ចាន់រឿន លោក ឡុញ ហ៊ាល និងលោក តាំង ស៊ុយជា ដែលបានចូលរួមជាមួយខុទ្ទកាល័យសម្តេចតេជោ ឧបត្ថម្ភថវិកា និងសម្ភារជូនដល់កងទ័ព ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព។

លោកបានណែនាំដល់កងទ័ពទាំងអស់ ត្រូវរក្សាសាមគ្គី ឯកភាពផ្ទៃក្នុងឲ្យបានល្អ ខិតខំហ្វឹកហាត់នូវយុទ្ធវិធីកងទ័ព ដើម្បីការពារឲ្យបានដាច់ខាតនូវសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន ខំប្រឹងរកបានទាំងលំបាកឲ្យនៅស្ថិតស្ថេរ គង់វង្ស យូរអង្វែង ដើម្បីឲ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍន៍ថែមទៀត ពិសេសខិតខំរក្សាទំនាក់ទំនងល្អជាមួយកម្លាំងមិត្តប្រទេសជិតខាង ដើម្បីឲ្យព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

សូមបញ្ជាក់ថា អំណោយដែលនាំមកចែកជូន នាយទាហាន នាយទាហានរង និងពលទាហាន ចំនួន២៩៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១៦ម៉ឺនរៀល ឧបត្ថម្ភអង្គភាពវរសេនាតូចលេខ៣៨៥ ចំនួន៥,០០០ដុល្លា និងថ្នាំពេទ្យផ្សេងៗមួយចំនួនទៀតផងដែរ៕