(ភ្នំពេញ)៖ លោក ហាច ហ៊ាន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញការគាំទ្រ ចំពោះវេទិកាជាតិ ស្ដីពីការងារ និងវេទិកាជាតិ ស្ដីពីការងារ និងមុខរបរប្រកបដោយបរិយាបន្មសម្រាប់ជនមានពិការភាព ដ្បិតលោកយល់ថា វេទិកានេះ មានសារៈសំខាន់ និងបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការគាំពារ និងបើកឱកាសការងារសម្រាប់ជនមានពិការភាព ។
ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីលោកបានអញ្ជើញចូលរួមពិធីបើកវេទិកាជាតិខាងលើ ក្រោមការសហការរៀបចំ រវាងអង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍បរិយាបន្ន (PAFID) ជាមួយអង្គការដៃគូជាច្រើនទៀត ដែលគាំទ្រដោយនាយកដ្ឋានសុខុមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានអ្នកចូលរួមប្រមាណ ១៦៨នាក់ ក្នុងនោះក៏មានជនមានពិការភាពជិត ១០០នាក់ផងដែរ កាលពីថ្ងៃទី២៣ ខែធ្នូ នៅសណ្ឋាគារភ្នំពេញ ។
មន្ដ្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំពារជនមានពិការភាព ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ជានិច្ច លើបងប្អូនជនពិការទូទាំងប្រទេស ។ តែលើសពីនេះ ជនពិការក៏ទាមទារការគាំពារ និងការលើកទឹកចិត្តពីបងប្អូនក្នុងសហគមន៍ផងដែរ ។ ដូច្នេះការរៀបចំវេទិកានេះ គឺជាការផ្ដល់នូវភាពកក់ក្ដៅ និងផ្ដល់នូវឱកាសការងារផ្សេងៗ ទាំងក្នុងវិស័យរដ្ឋ និងឯកជន ។
លោក ហាច ហ៊ាន បន្ថែមថា «វេទិកានេះ យើងបានជំរុញទៅដល់វិស័យដៃគូផ្សេងៗ ឲ្យគាត់ជួយដល់ពួកយើង ព្រោះពិការភាពនេះ មិនមែនជាបន្ទុករបស់អ្នកណាទេ ។ រាជរដ្ឋាភិបាលបានប្រឹងប្រែងហើយ តែក៏ត្រូវ មានការចូលរួមពីវិស័យឯកជនដែរ ។ វិស័យឯកជន ខ្ញុំសំដៅដល់រោងចក្រ សហគ្រាស ឲ្យគាត់ប្រឹងប្រែង ។ ខ្ញុំឃើញថា ភាគរយនៃរោងចក្រ សហគ្រាស លោកបានកើនឡើងនៃការទទួលយកនូវជនមានពិការភាពធ្វើទៅការងាររបស់គាត់នូវកូតា ១% កើនឡើងច្រើន» ។
ឆ្លៀតឱកាសនោះ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកទាំងអស់នេះ ហើយវិស័យឯកជន ដែលបានអនុវត្តនូវកាតព្វកិច្ចនេះ ក៏បានសម្ដែងនូវសេចក្ដីរីករាយ ហើយអ្នកទិញ ក៏សប្បាយចិត្ត ចំពោះសកម្មភាពគាំពារ និងលើកទឹកចិត្តជនមានពិការភាព នៅតាមរោងចក្រ និងសហគ្រាសរបស់ខ្លួនេះដែរ ។ តាមរយៈនេះ លោកសង្ឃឹមថា ទាំងវិស័យរដ្ឋ និងឯកជន នឹងបន្ដបើកឱកាសការងារ ក៏ដូចជាការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផ្សេងៗ ដល់ជនមានពិការភាព ដើម្បីផ្ដល់នូវការងារសមរម្យ និងអាចរកចំណូលចញ្ចឹមខ្លួនឯងបាន ដោយមិនបាច់ពឹងពាក់អ្នកដទៃ ៕