(ភ្នំពេញ)៖ ខណៈពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួបសំណេះសំណាល និងផ្តល់ អាហារូបករណ៌ដល់និស្សិតថ្នាក់ឯកទេស នៃសាកលវិទ្យាល័យវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលចំនួន៣៩នាក់ ដែលជាប់ចំណាត់ថ្នាក់លេខ១ នៅឯភូមិគ្រឹះរបស់ សម្តេចនាល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ បានរំលឹកទៅដល់ប្រវត្តិជូរចត់ក្នុងការដឹកនាំកងទ័ព វាយផ្តួលរំលំប៉ុលពត នៅថ្ងៃនេះកាលពី៣៩ឆ្នាំមុន។
សម្តេចតេជោ ហ៊ុន សែន ដោយបានលើកឡើងយ៉ាងដូច្នេះលើ Facebook ថា៖ «កាលពី៣៩ឆ្នាំមុនក្នុងម៉ោងនេះ គឺខ្ញុំកំពុងដឹកនាំទ័ពវាយផ្តួលរំលំ ប៉ុលពតទាំងវ័យជាយុវជន។ តែម៉ោងនេះនៅភ្នំពេញ គឺខ្ញុំកំពុងផ្តល់អាហារូបករណ៌ ដល់ក្មួយៗនិស្សិតបានបន្តការសិក្សា សម្រាប់អនាគតវែងឆ្ងាយ។ សព្វថ្ងៃនេះក្មួយៗទាំងអស់ពិតជាមានសំណាងណាស់ ព្រោះពេលនេះប្រទេសយើងមានសុខ សន្តិភាពពេញលេញដែលក្មួយៗ មានឱកាសកាន់តែច្រើន ក្នុងការសិក្សារៀនសូត្របានជ្រៅជ្រះ។ ពីដើមអ្នកដែលចង់ចេះអក្សរគឺត្រូវទៅវត្ត ឬទៅបួស។ តែប្រទេសយើងសព្វថ្ងៃមានសាលារៀនគ្រប់កម្រិតទាំង ឯកជន និងរដ្ឋសម្រាប់បម្រើដល់ការសិក្សារបស់ក្មួយៗ»។
សូមជំរាបថា សម្តេចតេជោ បានថ្លែងនៅលើទំព័រ Facebook របស់សម្តេចថា «តាមសំណើរបស់ក្មួយៗនិស្សិតតាម Facebook មកខ្ញុំកាលពីពេលថ្មីៗ ពេលខ្ញុំកំពុធ្វើដំណើរទៅកោះកុង នៅរសៀលថ្ងៃនេះ ខ្ញុំនិងភរិយាព្រមទាំងក្រុមគ្រួសារ បានជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អាហារូបករណ៌ដល់និស្សិតថ្នាក់ឯកទេស នៃសាកលវិទ្យាល័យវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលចំនួន ៣៩នាក់ ដែលជាប់ចំណាត់ថ្នាក់លេខ១ ហើយដែលត្រូវរៀនឆ្នាំ ២០១៥ ដល់ ២០១៨ និង ឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩»៕