(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ក្រើនរម្លឹកដល់គ្លីនិកឯកជន សូមមេត្ដាកុំធ្វើលើសពីដែនកំណត់ ឬហួសពីអ្វីដែលខ្លួនអាចធ្វើបាន ហើយត្រូវគិតពីអត្ថប្រយោជន៍របស់អ្នកមកទទួលសេវាសុខភាព និងកុំឱ្យមានការលោភលន់ ដែលជាគ្រោះថ្នាក់របស់អ្នកជំងឺ។

ការថ្លែងដូច្នេះរបស់មន្ត្រីជាន់ខ្ពស់សុខាភិបាលរូបនេះ បានធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី ការដាក់ឲ្យអនុវត្តក្រមខណ្ឌសមត្ថភាពស្នូលសម្រាប់វិជ្ជាជីវៈឆ្មប ពេលបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រនៅកម្ពុជា នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ នៅសណ្ឋាគារភ្នំពេញ។

លោកសាស្ដ្រាចារ្យថ្លែងបន្ដថា អ្នកប្រកបវិជ្ជាជីវៈពេទ្យគ្រប់ជំនាញទាំងអស់ ទាំងក្នុងស្ថាប័នសាធារណៈ និងឯកជន សូមមេត្ដាគិតថា ការប្រកបវិជ្ជាជីវៈពេទ្យ គឺជាការងារបែបករណីកិច្ច ដែលត្រូវគិតប្រយោជន៍អ្នកមកទទួលសេវា ឬអ្នកជំងឺជាមុន ហើយធ្វើការឱ្យបាន ល្អិតល្អន់ ហ្មត់ចត់ ឱ្យតែប្រហេសបន្ដិចនឹងមានបញ្ហាដល់សុខភាពរបស់អ្នកជំងឺ ដែលមានផលលំបាកនៅថ្ងៃក្រោយ ខ្លះអាចកែកើត ឬកែមិនកើត ហើយជួលកាលគ្រោះថ្នាក់ដល់ជីវិត មិនអាចដោះដូរដូចឡាននោះទេ។

«ជាពិសេសគ្លីនិកឯកជន សូមមេត្ដាកុំធ្វើលើសពីដែនកំណត់ ឬហួសពីអ្វីដែលខ្លួនអាចធ្វើបាន ហើយត្រូវគិតពីអត្ថប្រយោជន៍ របស់អតិថិជនជាមុន និងកុំឱ្យមានការលោភលន់ ដែលជាគ្រោះថ្នាក់របស់អ្នកជំងឺ ដែលគិតថាមិនអី គួរតែទុកទៅ»។ សូមប្រយ័ត្នប្រយែងមែនទែន បើសិនជាសង្ស័យថាអាចអី ក្នុងភាគរយតិចយ៉ាងណាក៏ដោយ សូមមេត្ដាបញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យ ឬគ្រូពេទ្យមានជំនាញសមត្ថភាពចំតែម្ដង ដើម្បីធានាបានថា ការផ្ដល់សេវារបស់ពួកគាត់បានផ្ដល់ផលប្រយោជន៍ដល់អ្នកជំងឺ»។ នេះបើតាមការគូសបញ្ជាក់របស់លោក សាស្ដ្រាចារ្យ ធា គ្រុយ។

មន្ដ្រីជាន់ខ្ពស់រូបនេះបានបន្ដថា ជាពេទ្យត្រូវមានសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ ហើយកិច្ចការងារស្នូលរបស់យើង គឺដើម្បីផ្ដល់សេវាប្រកបដោយគុណភាព ដែលសំដៅទៅប្រសិទ្ធភាព និងសមត្ថភាព។ ដូច្នេះ សូមក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ដ ដែលទទួលខុសត្រូវលើស្ថាប័នអនុវត្ដ មន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យឯកជន ឬទីតាំងទាំងឡាយ ត្រូវតែគ្រប់គ្រងឱ្យបានល្អិតល្អន់ហ្មត់ចត់ និងណែនាំកុំឱ្យធ្វើអ្វីលើសពីសមត្ថភាពរបស់ខ្លួន នៅក្នុងកិច្ចការទាំងឡាយដែលខ្លួនកំពុងតែប្រកបវិជ្ជាជីវៈ។

លើសពីនោះ ក្នុងឱកាសផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី ការដាក់ឲ្យអនុវត្តក្រមខណ្ឌសមត្ថភាពស្នូលសម្រាប់វិជ្ជាជីវៈឆ្មប ពេលបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រនៅកម្ពុជា ដែលមានការចូលរួមពី គ្រឹះស្ថានបណ្ដុះបណ្ដាលសាធារណៈ និងឯកជនគ្រឹះស្ថានសុខាភិបាល និងដៃគូសុខាភិបាល ដើម្បីអនុវត្ដឱ្យបានកាន់តែទូលំទូលាយក្នុងការបង្កើនគុណភាពនៃការអប់រំឆ្មប និងការថែទាំ លោកសាស្ត្រាចារ្យបាន ក្រើនរម្លឹកដល់ថ្នាក់ដឹកនាំសាលាពេទ្យថា សូមមេត្ដាឱ្យប្រាកដប្រជាអនុវត្ដឱ្យបាននូវសមត្ថភាពស្នូល ដែលបានបង្កើតថ្មីនេះ តាមស្ដង់ដាអន្ដរជាតិដែលបានចេញនេះ៕