(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា ខេត្តសៀមរាប រៀបចំទិវាជនមានពិការភាពកម្ពុជា លើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ ក្រោមប្រធានបទ «ពិការភាពទាំងអស់មិនអាចកំណត់ដោយការមើលនឹងភ្នែកនោះទេ»

ពិធីនេះស្ថិតក្នុងអធិបតីភាព លោក ទេស ច័ន្ទគិរី សមាជិកក្រុមប្រឹក្សាខេត្តតំណាង លោក ភា សុផាត ទីប្រឹក្សាក្រសួងសង្គមកិច្ចអតីតយុទ្ឋជននិងយុវនិតិសម្បទា និងវត្តមានប្រធាន អនុប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត អង្គការដៃគូនិងបងប្អូនមានពិការភាពជាច្រើនរូបផងដែរ។

ពិធីនេះធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹង អំពី ពិការភាពដើម្បីលើកស្ទួយការអនុវត្តកាតព្វកិច្ចនានា ឈានទៅសម្រេចឱ្យខាងតែបាននូវការអនុវត្តអភិក្រម ធ្វើឱ្យសិទ្ឋិក្លាយជាការពិត ដើម្បីផ្លាស់ប្តូរផ្នត់គំនិត ការប្រើប្រាស់ពាក្យសំដីប្រមាថមាក់ងាយ សើចចំអកឡកឡាយដែលនាំឱ្យប៉ះពាល់ដល់សិទ្ឋិ និងសេចក្តីថ្លៃថ្នូរ ហើយវាអាចបាត់បង់ឱកាសចូលរួមយ៉ាងពេញលេញរបស់ជនមានពិការភាព។

ទិវាជនពិការត្រូវបានកំណត់ជាសកលដោយអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៨២ ហើយកម្ពុជាបានរៀបចំពិធីនេះជាផ្លូវការនៅឆ្នាំ១៩៩៩ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង លើកកម្ពស់ការគោរពសិទ្ឋិសេរីភាព លុបបំបាត់ការរើសអើង ជំរុញការអភិវឌ្ឍ និងធ្វើបរិយាប័ន្នជនមានពិការភាព ក្នុងការងារសេដ្ឋកិច្ច សង្គម វប្បធម៌ នយោបាយ ស្របតាមច្បាប់ ស្តីពី កិច្ចការពារនិងលើកកម្ពស់សិទ្ឋិជនពិការ ដែលជាគន្លឺះធានាការលើកកម្ពស់សិទ្ឋិ សេរីភាព សេចក្តីថ្លៃថ្នូរ និងគ្មានឧបសគ្គ។

តាមរបាយការណ៍ លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទាខេត្ត ខេត្តសៀមរាប ក្នុងឆ្នាម២០២២ ជនមានពិការភាពប្រមាណ១,៣០៥នាក់ បានមកទទួលសេវាស្តារលទ្ឋភាពពលកម្ម កាយសម្បទា នៅមជ្ឈមណ្ឌលស្តារលទ្ឋភាពពលកម្ម កាយសម្បទាគ្រប់ប្រភេទដោយឥតគិតថ្លៃ រួមជាមួយនឹងកញ្ចប់ឧបត្ថម្ភរបបគោលនយោបាយ សម្រាប់ការធ្វើដំណើរ ការហូបចុក ស្នាក់នៅក្នុងអំឡុងពេលទទួលសេវា បានផ្តល់ឧបករណ៍ទ្រទ្រង់រាងកាយចំនួន ៩២០គ្រឿង ដែលសេវានេះអាចឆ្លើយតបទៅនឹងតម្រូវការរបស់ជនមានពិការភាពទាំងបរិមាណ និងគុណភាព។

លោក ទេស ច័ន្ទគិរី ចាត់ទុកប្រធានបទនៃទិវាជនមានពិការភាព ក្នុងឆ្នាំ២០២២នេះ ថា នឹងក្លាយជាឱកាសជំរុញលើកទឹកចិត្ត និងលើកកម្ពស់សិទ្ធិ ដល់ជនមានពិការភាពនៅទូទាំងប្រទេសកម្ពុជា ។ លោកក៏បាននាំយកនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខយ៉ាងកក់ក្ដៅ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្ដេចទាំងពីរ តែងយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនជនមានពិការភាពគ្រប់រូប មិនថានៅទីក្រុងឬទីជនបទឡើយ។

លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន មិនបានទុកជនមានពិការភាពឱ្យនៅឯកានោះឡើយ ពោលគឺបានចាត់ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធ ជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការ រដ្ឋបាលខេត្ត មន្ទីរ អង្គភាពនានា ចុះសាកសួរសុខទុក្ខ និងចែកអំណោយដ៏ថ្លៃថ្លាជូន បងប្អូន កូនក្មួយ មានពិការភាពនៅតាមបណ្តាសមាគម អង្គការមិនមែនរដ្ឋាភិបាលនានា ដើម្បីផ្តល់ភាពកក់ក្តៅ ដែលប្រការនេះបង្ហាញអំពីការយកចិត្តទុកដាក់គ្រប់កាលៈទេសៈ គ្រប់ពេលវេលា ក្នុងនាមជាអាណាព្យាបាល ដែលមានការទទួលខុសត្រូវខ្ពស់។

លោកបានបន្ថែមថា ដើម្បីឱ្យជនមានពិការភាពអាចចូលរួមក្នុងសង្គម សេដ្ឋកិច្ច បានពេញលេញនិងទូលំទូលាយ ការពង្រឹងសមត្ថភាព និងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ជនមានពិការភាព គឺជាកត្តាចាំបាច់ និងមិនអាចខ្វះបាន។ ក្នុងន័យនេះគ្រប់ មន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ មានកាតព្វកិច្ចធានាឱ្យបាននូវការធ្វើបរិយាបន្ន សម្រាប់ជនមានពិការភាព ក្នុងការទទួលបានការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ភាពជាម្ចាស់ការលើការគ្រប់គ្រង ធនធានហិរញ្ញវត្ថុ សិទ្ធិចូលរួមក្នុងការសម្រេចចិត្ត និងភាពជាអ្នកដឹកនាំ ដើម្បីឱ្យជនមានពិការភាពគ្រប់រូប មានឱកាសពេញលេញទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទិដ្ឋភាពនយោបាយ៕