(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ប្រកាសចូលកាន់តំណែងថ្នាក់ដឹកនាំ អាជ្ញាធរមីន។
ក្នុងនោះរួមមាន៖
*ទី១៖ លោក ព្រំ សុភមង្គល ជាអនុប្រធានអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន ឋានៈស្មើទេសរដ្ឋមន្រ្តី
*ទី២៖ លោក លី បញ្ញារិទ្ធិ៍ ជាអគ្គលេខាធិការអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន ឋានៈស្មើរដ្ឋមន្រ្តី។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តល់នូវមុខដំណែង និងឋានៈជូនដល់មន្រ្តីជាន់ខ្ពស់របស់អាជ្ញាធរមីន ចំនួន០២រូប។ ការប្រគល់តួនាទីភារកិច្ចជូនដល់ថ្នាក់ដឹកនាំអាជ្ញាធរមីននេះ គឺដើម្បីបង្កើននូវប្រសិទ្ធភាពការងារ និងលើកកម្ពស់កិត្យានុភាពរបស់ស្ថាប័ន ដែលសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំគ្រប់គ្រងត្រួតពិនិត្យ និងសម្របសម្រួលសកម្មភាពមីននៅកម្ពុជា។
ទេសរដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍ចំពោះការតែងតាំងថ្មីរបស់មន្រ្តីជាន់ខ្ពស់អាជ្ញាធរមីន ដែលពោរពេញទៅដោយសមត្ថភាព ជំនាញ ចំណេះដឹង និងមានការតាំងចិត្តខ្ពស់ ក្នុងការចូលរួមបម្រើការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដើម្បីរួមគ្នាសម្រេចបាននូវទស្សនវិស័យដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ឆ្ពោះទៅរកកម្ពុជាមួយគ្មានមីន ឆ្នាំ២០២៥ គ្មានជនរងគ្រោះ និងគ្មានសហគមន៍បន្តរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាបន្តដោះស្រាយហានិភ័យសំណល់ជាតិផ្ទុះសង្រ្គាម ក្រោយឆ្នាំ២០២៥។
ទេសរដ្ឋមន្រ្តី លី ធុជ សង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកអាជ្ញាធរមីនទាំងអស់ នឹងបន្តផ្តល់នូវភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ជាមួយគ្រប់ភាគីពាកព័ន្ធទាំងអស់ ជាពិសេសបន្តនូវការគោរពគ្នាទៅវិញ ទៅមកសាមគ្គីភាព និងបំពេញការងារជាក្រុមដើម្បីឧត្តមប្រយោជន៍ប្រទេសជាតិ និងស្ថាប័ន។ ទេសរដ្ឋមន្ដ្រី ក៏បានផ្តល់អនុសាសន៍ណែនាំ ដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន នូវគោលការណ៍៨ចំណុចដូចខាងក្រោម៖
*ទី១៖ បន្តធ្វើការងារជាក្រុម
*ទី២៖ បន្តខិតខំប្រឹងប្រែងបំពេញការងារ
*ទី៣៖ ត្រូវមានភាពទន់ភ្លន់
*ទី៤៖ មិនយកខ្លួនឯងជាធំ
*ទី៥៖ ត្រូវមានការប្តេជ្ញាចិត្តខ្ពស់
*ទី៦៖ ត្រូវមានភក្តីភាព និងស្មោះត្រង់ ចំពោះជាតិ មាតុភូមិ រាជរដ្ឋាភិបាល និងស្ថាប័ន
*ទី៧៖ ត្រូវគិតគូរជាប្រចាំ
*ទី៨៖ ខិតខំដឹកនាំស្ថាប័ន ថ្នាក់ដឹកនាំមន្ត្រីបុគ្គលិក ឲ្យមានអនាគតល្អប្រសើរ៕