(ភ្នំពេញ)៖ ក្រោយឃើញជាទម្លាប់របស់ចាស់បុរាណ ដែលបានយល់ខុសក្នុងការត្រាំស្រាទុកឱ្យស្ត្រីឆ្លងទន្លេរួចផឹក ដោយមិនបានដឹងពីផលប៉ះពាល់នៃការផឹកស្រានោះ លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មន្ត្រីនៃអង្គការសុខភាពពិភពលោក បានចេញអះអាងថា ការត្រាំស្រាទុកសម្រាប់ឱ្យស្រ្តីឆ្លងទន្លេរួចផឹកនេះ គឺជារឿងយល់ខុសទាំងស្រុង ព្រោះមិនត្រឹមតែមិនមានផលប្រយោជន៍នោះ ថែមទាំងបង្កជាបញ្ហាដល់ម្តាយ និងកូនថែមទៀតផង។

លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ បានលើកឡើហងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាវាគ្មិន ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើស្រ្តី ដែលបានរៀបចំឡើងដោយ អង្គការគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព (HACC) និងអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) រួមសហការជាមួយក្រសួងកិច្ចការនារី នៅមជ្ឈមណ្ឌលដាយកូនៀរ ភ្នំពេញ។

សិក្ខាសាលាពិគ្រោះយោបល់ស្តីពីផលប៉ះពាល់ នៃគ្រឿងស្រវឹងទៅលើស្រ្តីនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងទៅលើស្ត្រី, ស្វែងយល់អំពីក្របខ័ណ្ឌគតិយុទ្ធជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងគ្រឿងស្រវឹង និងការគាំទ្រលើវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើស្ត្រី។

លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ បានថ្លែងដូចនេះថា ជាប្រពៃណីរបស់ចាស់បុរាណ ដែលធ្វើការត្រាំស្រា ដើម្បីទុកឱ្យស្ត្រីឆ្លងទន្លេរួចផឹកនោះ វាគឺជាការគិតខុសទាំងស្រុង ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់កូនពេលបំពៅដោះកូន ដោយសារនៅក្នុងស្រា មានជាតិមេតាណុលដែលជាធាតុនាំឱ្យប៉ះពាល់ដល់សុខភាព ហើយមេតាណុលនេះនឹងជ្រាបចូលតាមចរន្តឈាមរបស់ម្តាយ និងបន្តដល់កូនពេលបៅដោះ។ លោកបានអះអាងថា «ការត្រាំស្រាទុកផឹកនេះវាមិនមែនជាទម្លាប់ល្អនោះទេ យល់ល្អយើងគួរហូបផ្លែ ឫទឹកក្តៅអ៊ុនៗវិញជំនួសស្រាទើបល្អ»។

លោកបានបញ្ជាក់ថា ការប្រើប្រាស់គ្រឿងស្រវឹង បានបង្កផលប៉ះពាល់លើមនុស្សមិនថា បុរសនិងស្រ្តីនោះទេ តែស្ត្រីគឺងាយរងគ្រោះជាងបុរស ព្រោះក្រោយពេលទទួលទានគ្រឿងស្រវឹង អាចប្រឈមនឹងជំងឺរលាកថ្លើម ជំងឺមហារីកសុដន់ ឆាប់អស់រដូវ ដែលអាចវិវត្តន៍ទៅជាជំងឺពុកឆ្អឹង។

លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ បានបន្ថែមថា បើស្ត្រីមានផ្ទៃពោះហើយទទួលទានគ្រឿងស្រវឹង ជាតិអេតាណុលក្នុងគ្រឿងស្រវឹង នឹងធ្វើឱ្យកូនក្នុងផ្ទៃពោះមានផលប៉ះពាល់ទាំងផ្លូវកាយ និងផ្លូវចិត្តរបស់ក្មេង ហើយពេលកើតមកនឹងមានបញ្ហាអាប់បញ្ញារ មានសុខភាពមិនល្អដូចគេ ជាពិសេសនោះប្រឈមនឹងបញ្ហាកើតមកមិនគ្រប់លក្ខណៈជាដើម។

លើកឡើងនាឱកាសនោះដែរ តំណាងក្រសួងកិច្ចការនារី និងអង្គការជាតិនិងអន្តរជាតិ បានទទួលស្គាល់ដូចគ្នាថា ការប្រើប្រាស់គ្រឿងស្រវឹង និងការផ្សព្វផ្សាយគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយ មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើស្រ្តី រួមទាំងការប៉ះពាល់លើសិទ្ធិរស់នៅដោយគ្មានអំពើហិង្សាផងដែរ៕