(កណ្តាល)៖ លោកស្រីជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានប្ដេជ្ញាធ្វើឲ្យបានល្អបំផុតទៅលើ ODF ដែលមានស្រេចឲ្យក្លាយទៅជា ODF Plus នៅទូទាំងខេត្តកណ្ដាល ក្រោយទទួលបានទទួលស្គាល់ ជាផ្លូវការខេត្តកណ្តាលជាខេត្តទី៣ ក្នុងចំណោម២៥រាជធានី-ខេត្ត ត្រូវប្រកាសទទួលស្គាល់ជាផ្លូវការចំពោះការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ពោលគឺមានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ គិតត្រឹមនៅឆ្នាំ២០២២នេះ។

លោកស្រីបានចាត់ទុកសមិទ្ធផលដ៏ល្អនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញផ្លូវយ៉ាងត្រឹមត្រូវពីសំណាក់លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ, លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល, លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត រួមទាំងក្រុមការងារនៃមន្ទីរ និងក្រុមការងារតាមមូលដ្ឋានទាំងអស់ ពិសេសមានការចូលរួមយ៉ាងសកម្មផងដែរ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ។

ស្ថិតនៅក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការខេត្តកណ្តាល ដែលជាខេត្តទី៣ ក្នុងចំណោម ២៥រាជធានី-ខេត្ត ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលលធ្វើឡើងកាលពីម្សិលមិញ លោកស្រី ជី ថាវី បានផ្ដល់បទាម្ភាសន៍ជាមួយអ្នកយកព័ត៌មានប្រចាំខេត្តកណ្ដាល ដោយប្ដេជ្ញាថា នឹងនៅតែបន្តជំរុញការងារឲ្យកាន់តែមានផ្លែផ្កាល្អបន្ថែមទៀត ពោលគឺធ្វើយ៉ាងសម្រេចឲ្យបាននូវផែនការ ODF Plus នាពេលខាងមុខ ហើយក៏សំណូមពរដល់ពលរដ្ឋទូទាំងខេត្តកណ្ដាល មេត្តាចូលរួមជាមួយនឹងការទទួលខុសត្រូវជាមួយគ្នា ហើយរួមគ្នាថែរក្សាបង្គន់អនាម័យ និងប្រើប្រាស់ឲ្យបានត្រឹមត្រូវ។

សូមជម្រាបថា នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ ឆ្នាំ២០១៩-២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺបានគ្រោងខេត្តចំនួន៥ខេត្ត ដើម្បីជំរុញជាខេត្ត ODF រួមមាន៖ ខេត្តស្វាយរៀង, ខេត្តកំពង់ស្ពឺ, ខេត្តព្រៃវែង, ខេត្តកំពង់ឆ្នាំង និងខេត្តកែប។ ប៉ុន្តែបច្ចុប្បន្ននៅឆ្នាំ២០២២នេះ ខេត្តដែលសម្រេចបានការ បញ្ចប់បន្ទោបង់ពាសវាលពាសកាល (ODF) ហើយដែលបានប្រកាសទទួលស្គាល់ជាផ្លូវការរួចមានចំនួន ៣ខេត្ត មានខេត្តស្វាយរៀង និងខេត្តព្រៃវែង និងខេត្តកណ្តាល។

សួមរម្លឹកថា លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក្នុងឱកាសជាអធិបតីនៃពិធីប្រកាសកាលពីម្សិលមិញ បានកោតសរសើរដោយស្មោះ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងថ្នាក់ជាតិ ថ្នាក់ដឹកនាំខេត្ត ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត (PWG) ថ្នាក់ដឹកនាំ មន្រ្តីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ជាពិសេសលោកស្រី ជី ថាវី ប្រធានមន្ទីរ ជាស្រ្តីឆ្នើមមួយរូបដែលបានបង្ហាញភាពជាគំរូ «ស្រ្តីធ្វើបាន» និងក្រុមការងារ DWG, CWG អង្គការដៃគូ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់អនុវត្តយ៉ាងសកម្ម ជាមួយនឹងការដាក់ចេញផែនការច្បាស់លាស់ ជាមួយនឹងការពិនិត្យតាមដាន និងការចូលរួមសហការពីគ្រប់ភាគី ពាក់ព័ន្ធទេ ទើបធ្វើឱ្យខេត្តអាចទទួលបានជោគជ័យដូចនេះផងដែរ៕