(បាត់ដំបង)៖ មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង សហការជាមួយអង្គការក្រៅរដ្ឋាភិបាល និងស្ថាប័ន្ធពាក់ព័ន្ធរៀបចំការតាំងបង្ហាញផលិតផលសហគមន៍ និងសហគ្រាសធុនតូច និងមធ្យម ដើម្បីផ្សព្វផ្សាយផលិតផលរបស់កសិករមានដូចជា មាន់ស្រែ ពងមាន់ស្រែបន្លែគ្រប់មុខ អង្ករ ផលិតផលកែច្នៃកសិកម្ម និងឧបករណ៍កសិកម្មនានា។
ពិធីនេះបានធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីរសៀលថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងបរិវេណម្លប់ដូងទីដប់ (មុខសណ្ឋាគារក្លាស៊ី) ក្រុងបាត់ដំបង ក្រោមអធិបតីភាព លោក ហ៊ិន វុឌ្ឍី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត តំណាងលោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងលោក ង៉ែត វិបុល ប្រធានគម្រោង RECOVER ប្រចាំវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៌ជនបទកម្ពុជា (CIRD)។
លោក លោក ង៉ែត វិបុល បានឲ្យដឹងថា កម្មវិធីនេះធ្វើឡើងក្រោមក្របខណ្ឌនៃគម្រោង «បង្កើតឱកាសការងារនៅជនបទដើម្បីស្តារសេដ្ឋកិច្ចប្រជាជន ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ (RECOVER)» ដែលទទួលបានមូលនិធិពីសហភាពអឺរ៉ុប មានរយៈពេល៣ឆ្នាំ គិតចាប់ពីខែមករា ឆ្នាំ២០២១ ដល់ខែធ្នូ ឆ្នាំ២០២៣ ដោយអនុវត្តក្នុងខេត្តគោលដៅចំនួន៥ នៅជុំវិញតំបន់បឹងទន្លេសាប រួមមានខេត្តបាត់ដំបង សៀមរាប កំពង់ធំ កំពង់ឆ្នាំង និងពោធិ៍សាត់។
គម្រោងនេះ គឺបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយស្តារសេដ្ឋកិច្ចប្រជាជននៅជនបទដែលបាត់បង់ការងារធ្វើ និងបាត់បង់ប្រភពចំណូលដោយសារជំងឺសាកលកូវីដ១៩ តាមរយៈការធានាឲ្យមានសន្តិសុខស្បៀងប្រាក់ចំណូល និងការបង្កើតឱកាសការងារ ក្នុងសហគមន៍ សម្រាប់ពលករ/ពលការនី ចំណាកស្រុក និងអ្នកបាត់បង់ការងារធ្វើ ដោយធ្វើការជិតស្និទ្ធជាមួយវិស័យឯកជន អង្គការសង្គមស៊ីវិលព្រមទាំងបង្កើនទំនាក់ទំនងឲ្យកាន់តែល្អប្រសើររវាងអ្នកផលិត អ្នកកែច្នៃ និងអ្នកទិញ។
ក្នុងនោះ ក៏ធ្វើឲ្យកសិករខ្នាតតូចនឹងបង្កើនផលិតកម្មស្បៀង និងទទួលទានបានគ្រប់គ្រាន់តាមរយៈការដាំបន្លែ និងចិញ្ចឹមសត្វ ដោយធ្វើការអនុវត្តន៍កាន់តែល្អប្រសើរ លើបច្ចេកទេសកសិកម្ម ផលិតផល និងសេវាកម្ម និងពលករ/ពលការិនីចំណាកស្រុក និងអ្នកបាត់បង់ការងារធ្វើដោយជំងឺកូវីដ១៩ នឹងទទួលបានជំនាញទាក់ទងទីផ្សារ ហិរញ្ញវត្ថុ និងកិច្ចគាំពារសង្គម។
គម្រោងទាំងមូលនេះ បានអនុវត្តដោយអង្គការក្រៅរដ្ឋាភិបាល ចំនួន៨ រួមមាន PIN, CIRD, VSO, FNN, DCA, DPA, KOC និង CENTRAL ដែលមានសកម្មភាពបួនផ្នែកធំៗ ដែលក្នុងនោះអង្គការ PIN និង អង្គការ CIRD សហការគ្នាទទួលខុសត្រូវអនុវត្តសកម្មភាពផ្នែកចិញ្ចឹមមាន់ស្រែ។
លោក ហ៊ិន វុឌ្ឍី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានគាំទ្រទាំងស្រុងដល់អង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានរៀបចំកម្មវិធីនេះឡើង ដែលធ្វើឲ្យប្រជាពលរដ្ឋជាអ្នកប្រើប្រាស់បានយល់កាន់តែច្បាស់ពីម្ហូបអាហារផលិតដោយធម្មជាតិទាំងសាច់សត្វ និងបន្លែស្រស់គ្រប់ប្រភេទ ព្រមទាំងឧបករណ៍ប្រើប្រាស់ពាក់ព័ន្ធទៅនឹងកសិកម្មរបស់កសិករ៕