(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាលផ្តល់កម្លាំងចិត្ត ដល់និស្សិតឯកទេស នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ៣៩នាក់ ដែលបានប្រឡងជាប់ជយលាភីលេខ១ នៅភូមិគ្រឹះរបស់សម្តេចផ្ទាល់តែម្តង។ ជាមួយការសំណេះសំណាលនេះសម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់អាហារូបករណ៍ដល់និស្សិតទាំង ៣៩នាក់ រយៈពេល ៤ឆ្នាំ ក្នុងមួយឆ្នាំ ៣០០០ដុល្លារអាមេរិក។
សម្តេចតេជោ បានថ្លែងនៅលើទំព័រ Facebook របស់សម្តេចថា «តាមសំណើរបស់ក្មួយៗនិស្សិតតាម Facebook មកខ្ញុំកាលពីពេលថ្មីៗ ពេលខ្ញុំកំពុធ្វើដំណើរទៅកោះកុង នៅរសៀលថ្ងៃនេះ ខ្ញុំនិងភរិយាព្រមទាំងក្រុមគ្រួសារ បានជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អាហារូបករណ៌ដល់និស្សិតថ្នាក់ឯកទេសនៃសាកលវិទ្យាល័យវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ៣៩នាក់ ដែលជាប់ចំណាត់ថ្នាក់លេខ១ ហើយដែលត្រូវរៀនឆ្នាំ ២០១៥ ដល់ ២០១៨ និង ឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩»។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា សម្តេចពិតជាមានមោទនភាព ដែលបានឃើញនិស្សិតទាំងអស់ ខិតខំប្រឹងប្រែង សិក្សារៀនសូត្រ ហើយសម្តេច និងក្រុមគ្រួសាររីករាយក្នុងការផ្តល់អាហារូបករណ៍ដល់ពួកគេ។ សម្តេចតេជោ បានបញ្ជាក់ថា «ខ្ញុំ និងភរិយាមានមោទនភាព ដែលបានឃើញការខិតខំប្រឹងប្រែងតស៊ូព្យាយាមសិក្សារៀនសូត្ររបស់ក្មួយៗនិស្សិតទាំងអស់។ ខ្ញុំនិងភរិយាព្រមទាំងក្រុមគ្រួសារទាំងអស់ត្រេកអររីករាយ ក្នុងការរួមចំណែកឧបត្ថម្ភផ្តល់អាហារូបករណ៍ដល់ក្មួយៗនិស្សិតក្នុងម្នាក់ៗទទួលបាន $៣,០០០ ក្នងម្នាក់ៗចំនួន ៣៩នាក់។ និស្សិតដែលជាប់លេខ១ គឺត្រូវប្តេជ្ញាចិត្តសិក្សារយៈពេល៤ ឆ្នាំ»។
សម្តេចតេជោ បានបន្ថែមថា នៅចំពោះមុខកម្ពុជាមានឯកទេស២០ ដែលជាតម្រូវការរបស់ប្រទេស សម្តេចសូមនិស្សិតពេទ្យទាំងអស់ ខិតខំសិក្សាឲ្យបានល្អ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសង្ឃឹមថា ឪពុកម្តាយ និងអាណាព្យាបាលនិស្សិតឯកទេសជ័យលាភីលេខ១ នៃសាកលវិទ្យាល័យសុខាភិបាល ទាំង៣៩នាក់ នឹងបានធូរស្រាលមួយកម្រិតធំ ហើយលែងព្រួយបារម្ភក្នុងការរកថវិកាបង់ថ្លៃសាលាឲ្យកូនៗ។
សម្តេចតេជោ ហ៊ុន សែន បានសូមនិស្សិតពេទ្យទាំងអស់ចៀសឲ្យឆ្ងាយពីល្បែងពាលាអាវ៉ាសែ និងអំពើអបាយមុខគ្រប់យ៉ាង ដើម្បីការសិក្សានិងអនាគត៕