(បន្ទាយមានជ័យ)៖ មូលនិធិជនពិការ បានប្រគល់ផ្ទះថ្មី១ខ្នងរបស់មូលនិធិ ធ្វើអំពីថ្មប្រកស័ង្កសីទំហំ៤គុណ៦ម៉ែត្រ ជូនជនពិការក្រីក្រឈ្មោះ ញ៉យ នេង ភេទស្រី ជាជនពិការអវយវៈក្រោមទាំង២ ដោយសារសង្គ្រាម សព្វថ្ងៃរស់នៅភូមិថ្មី ឃុំគោករមាត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។
ការបរ្គល់នេះ ដឹកនាំដោយលោក ហ៊ុត ពន្លឺ សមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ តំណាងលោក រឿន រិទ្ធីរ័ត្ន ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ លោកស្រី សរ សិទ្ធី ប្រធានការិយាល័យអធិការកិច្ច តំណាងលោក ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកនៃមូលនិធិជនពិការ និងមានការចូលរួមពីលោក ឃុត វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបន្ទាយមានជ័យ សាខាមូលនិធិជនពិការខេត្ត តំណាងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អភិបាលរងស្រុកថ្មពួក លោកមេឃុំគោករមាត និងមន្ត្រីមូលដ្ឋានជាច្រើនរូប។
ក្នុងពិធីនេះដែរ មូលនិធិជនពិការ ក៏បានផ្តល់ជូននូវអំណោយសប្បុរសធម៌របស់មូលនិធិជនពិការ សម្រាប់ផ្តល់ជូនដល់គ្រួសារជនពិការដែលទទួលបានផ្ទះថ្មី នូវថវិកាចំនួន១០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ២យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ និងមី១កេស។
បន្ថែមលើពីនេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ បានឧបត្ថម្ភនូវទឹកស៊ីអ៉ីវ១យួរ ប្រេងឆា១ដប ត្រីខ១យួរ មុង១ អង្ករ២៥គីឡូក្រាម និងមី១កេស ដល់គ្រួសារជនពិការផងដែរ។
គូសបញ្ជាក់ថា ផ្ទះមួយខ្នងនេះប្រើប្រាស់ថវិកាអស់ចំនួន ២០លានរៀល ដែលជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងថវិកាពីសប្បុរសជននានាដែលបានចូលរួមបរិច្ចាគថវិកាចូលហិបប្រាក់វិភាគទានសប្បុរធម៌មូលនិធិជនពិការ៕