(ភ្នំពេញ)៖ លោក គួច ម៉េងលី អ្នកជំនាញវិស័យអប់រំ និងសុខភាពសាធារណៈ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានលើកឡើង ក្នុងគោលដៅលើកទឹកចិត្ត ដល់អ្នកប្រឡងធ្លាក់បាក់ឌុបថា ការធ្លាក់បាក់ឌុប មិនមែនជាការកំណត់ជោគវាសនានៃជីវិតនោះទេ។

លោក គួច ម៉េងលី បានលើកទឹកចិត្តដល់អ្នកប្រឡងធ្លាក់បាក់ឌុប កុំបាក់ទឹកចិត្ត កុំអស់សង្ឃឹ តែត្រូវប្រឹងប្រែងសិក្សាបន្តទៀត។ លោកលើកឡើងថា អ្នកជាប់បាក់ឌុប មិនទាន់កំណត់ថា ជាអ្នកជោគជ័យក្នុងជីវិតទេ ហើយអ្នកធ្លាក់បាក់ឌុប ក៏មិនទាន់កំណត់ថា ជាអ្នកបរាជ័យក្នុងជីវិតដែរ ពោលនេះគ្រាន់តែជាដំណាក់កាលទី១ ប៉ុណ្ណោះ។

លោក គួច ម៉េងលី បញ្ជាក់ថា «ចុងក្រោយនៃជីវិត ទើបអាចកំណត់ពីជោគវាសនាបាន។ នេះជាដំណាក់កាលទី១ ហើយប្អូនៗត្រូវជួបរឿងជាច្រើនទៀត។ នៅរឿងចូលសាកលវិទ្យាល័យ នៅរឿងរកការងារ នៅរៀបការ និងរឿងជាច្រើនទៀត ដែលប្អូនៗត្រូវជួបក្នុងដំណាក់នីមួយៗ»

លោកក៏បានដាស់តឿនដលឪពុកម្តាយ កុំស្តីបន្ទោសកូន ពេលកូនប្រឡងធ្លាក់ តែត្រូវលើកទឹកចិត្តពួកគេ។

លោក គួច ម៉េងលី បានបន្ថែមថា ដោយសារតែការប្រឡងបាក់ឌុប ជាដំណាក់កាលដំបូង អញ្ចឹងយុវវ័យនៅមានឱកាសច្រើន ហើយអ្នករៀនធ្លាក់ អាចទៅរៀនជំនាញ២ ឬ៣ឆ្នាំនៅសាលាវិជ្ជាជីវៈក៏បាន។ ជួនកាល ការរៀនជំនាញ ឬនៅសាលាវិជ្ជាជីវៈ ចេញមកវិញប្រាក់ខែចាយមិនអស់ ឱ្យតែចេះពិតប្រាកដ។

លោកមិនលើកទឹកចិត្តឲ្យអ្នកធ្លាក់បាក់ឌុប ចំណាកស្រុកទៅធ្វើការឲ្យគេទេ ព្រោះអនាគតនៅវែងឆ្ងាយទៀត កុំបោះបង់ឱកាសឲ្យសោះ។ ជួនកាល ប្រឡងធ្លាក់បាក់ឌុប តែមានសមត្ថភាពផ្សេង ក៏អាចដឹកនាំអ្នកដែលរៀនពូកែបានដែរ។

«អញ្ចឹងហើយ ក្មួយៗកុំអស់សង្ឃឹម ត្រូវញញឹមដើរទៅមុខ ខំរៀនឱ្យចេះ មានចំណេះជំនាញពិត នោះជីវិតក្មួយអាចនឹងប្រសើរជាងអ្នកនិទ្ទេសល្អក៏ថាបាន។ ដូច្នេះហើយ សូមបងប្អូនកុំបំបាក់ទឹកចិត្តគ្នា កុំបំភ័យគ្នា ព្រោះគ្នាខំដែរ តែបែរជាទទួលបានលទ្ធផលមិនល្អទៅវិញ។ គ្នាខំដាច់បាយក្រហាយពោះអស់រយៈពេល ១២ឆ្នាំ មិនមែនលំៗទេ កូនគេ កូនយើង។ បងប្អូនត្រូវដឹងថា ពាក្យសម្តីលើកទឹកចិត្ដមួយម៉ាត់ក្នុងគ្រាបរាជ័យ គឺមានន័យជាងពាក្យសរសើររាប់ម៉ាត់ក្នុងគ្រាជោគជ័យទៅទៀត»។ នេះជាការថ្លែងសារបន្ថែម របស់លោក គួច ម៉េងលី។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៥ ធ្នូ ២០២២ ដោយសិស្សសិស្សជាប់៩០៩៥០នាក់ស្មើនឹង៧២.៣៣% និទ្ទេស A ចំនួន១០៤៩នាក់, និទ្ទេស B ចំនួន៧២៣២នាក់, និទ្ទេស C ចំនួន១៩០៥៣នាក់, និទ្ទេស D ចំនួន៣១១៦៦នាក់ និងនិទ្ទេស E ចំនួន៣២៤៥០នាក់។

ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់, មណ្ឌលប្រឡង ២២១ និងត្រូវជា ៥១៧៤បន្ទប់៕