(ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានលើកឡើងថា លទ្ធផលបាក់ឌុប ជាចំណុចចាប់ផ្ដើមថ្មីមួយ សម្រាប់អ្នកសិក្សាគ្រប់រូប ពោលលទ្ធផលបាក់ឌុប មិនគួរជាទីបញ្ចប់នៃការសិក្សាទេ។
ការលើកឡើងយ៉ាងដូច្នេះ ជាការលើកចិត្តដល់សិស្សានុសិស្សដែលទើបប្រឡងបាក់ឌុបរួចហើយ ដែលខ្លះមិនទាន់ទទួលបានជោគជ័យ ក្នុងការប្រឡងប្រជែង។
អ្នកនាំពាក្យក្រសួងអប់រំបានថ្លែងថា «ការសិក្សាជាដំណើរប្រព្រឹត្តទៅពេញមួយជីវិត។ អ្នកសិក្សាគ្រប់រូប ត្រូវបន្តមានក្តីសង្ឃឹម ដើម្បីសម្រេចគោលបំណងជីវិត។ ខ្ញុំយល់ច្បាស់ពីមនោសញ្ចេតនា របស់មាតាបិតា ដែលមានសម្រាប់កូនៗ»។
លោកបន្តថា «ខ្ញុំសូមលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យយល់ថា នៅក្នុងជីវិតរបស់យើងតែងជួបជោគជ័យ និងបទពិសោធន៍ផ្សេងៗ។ យើងត្រូវយកបទពិសោធន៍ទាំងឡាយ ជាមេរៀនជីវិត ដើម្បីកសាងអនាគត។ យើងមិនអាចកែប្រែអតីតកាលបានទេ។ អ្វីដែលសំខាន់ គឺយើងត្រូវប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ហើយហ៊ានទទួលយកលទ្ធផល ក្រោយការព្យាយាមអស់ពីចិត្ត ដើម្បីរៀបចំអនាគតឱ្យរឹតតែប្រសើរ។ ធ្វើដូចនេះទើបយើងគ្មានវិប្បដិសារី»។
បើតាមលោក រស់ សុវាចា ការសម្រេចចិត្តរបស់មនុស្សយើងត្រូវឈរលើគោលបំណងជីវិតបុគ្គល។ យើងត្រូវដឹងថាយើងចង់បានអ្វីនៅក្នុងជីវិតរបស់យើង។ ការរៀនជំនាញមិនគួរជាជម្រើសទីពីរ របស់មនុស្សទេ។ មានន័យថា មនុស្សគ្រប់រូបអាចជ្រើសរើសរៀនជំនាញទោះជាប្រឡងបាក់ឌុបជាប់ ឬធ្លាក់ក៏ដោយ។
លោកបន្ថែមថា ប្រសិនបើបុគ្គលម្នាក់ ស្រឡាញ់ជំនាញណាមួយគាត់អាចជ្រើសរើសរៀនជំនាញនោះបានក្រោយប្រឡងបាក់ឌុបជាប់។ អ្នកជាប់បាក់ឌុប ក៏អាចជ្រើសរើសរៀនបន្តនៅកម្រិតឧត្ដមសិក្សា ទៅតាមគោលបំណងជីវិត និងឧបនិស្ស័យរៀងៗខ្លួន។
អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា «សម្រាប់ប្អូនៗដែលប្រឡងបាក់ឌុបធ្លាក់គួររៀនថ្នាក់ទី១២ម្តងទៀត ឬគួររៀនជំនាញ គឺអាស្រ័យលើគោលបំណង និងឧបនិស្ស័យរៀងៗខ្លួន។ ជារួម ខ្ញុំសូមផ្ដាំទៅប្អូនៗថា យើងត្រូវដឹងពីតម្រូវការ និងអាទិភាពជីវិតរបស់យើងឲ្យច្បាស់។ យើងត្រូវដឹងថាយើងចង់បានអ្វីនៅក្នុងជីវិត»។
ម្យ៉ាងវិញទៀត លោក រស់ សុវាចា បានលើកឡើងថា គុណភាពអប់រំជាផលិតផលនៃកត្តាធម្មជាតិ និងកត្តាសង្គម។ កត្តាធម្មជាតិសំដៅដល់កំណើតកើតជារបស់បុគ្គល។ កតា្តសង្គម សំដៅដល់សង្គមសាលារៀន សង្គមគ្រួសារ សង្គមមិត្តភក្តិជាដើម។ ដូចនេះ គុណភាពអប់រំអាស្រ័យលើការចូលរួមពីអ្នកសិក្សាផ្ទាល់ និងគ្រប់ភាគីពាក់ព័ន្ធ។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំតាមរយ:គ្រប់រូបភាព អមដោយកិច្ចសហការវិជ្ជមានជាមួយក្រសួង ស្ថាប័ន ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន និងគ្រប់តួអង្គពាក់ព័ន្ធ។ ដោយឡែក សង្គមគ្រួសារមានតួនាទីសំខាន់មួយក្នុងការជួយពង្រឹងការរៀនសូត្រ មុននិងក្នុងបរិការណ៍កូវីដ-១៩។
ការជ្រើសរើសមុខវិជ្ជាសម្រាប់រៀនសូត្រ នៅកម្រិតឧត្តមសិក្សា និងជំនាញ គឺជាជម្រើសបុគ្គល និងគ្រួសារដោយផ្សារភ្ជាប់រវាងចំណង់ចំណូលចិត្ត និងឧបនិស្ស័យផ្ទាល់ខ្លួន និងទីផ្សារការងារ។
និយាយជារួម អ្នកនាំពាក្យលើកឡើងដែរថា កត្តារៀនសូត្របន្ត អាស្រ័យលើការពិចារណារបស់សាម៉ីខ្លួន ដោយឈរលើមូលដ្ឋានចំនួនបួន រួមមាន៖
១៖ ការយល់ដឹងច្បាស់ពីមុខជំនាញ
២៖ ឧបនិស្ស័យបុគ្គល
៣៖ ការពិនិត្យមើលលទ្ធភាពផ្ទាល់ខ្លួន និង
៤៖ តម្រូវការទីផ្សារការងារ។
នាយកដ្ឋានជំនាញរបស់ក្រសួងអប់រំ យុវជន និងកីឡាចំនួនបី (នាយកដ្ឋានឧត្តមសិក្សា, នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ និងនាយកដ្ឋានយុវជន ដោយមានការរួមចំណែកពីក្រុមប្រឹក្សាយុវជនកម្ពុជា) បានចុះយុទ្ធនាការក្នុងការពន្យល់តម្រង់ទិសមុខជំនាញ ដល់សិស្សថ្នាក់ទី១២ នៅទូទាំងប្រទេស ដើម្បីបង្កើនការយល់ដឹងក្នុងការចាប់យកមុខជំនាញ អភិវឌ្ឍសង្គមសេដ្ឋកិច្ច។
សូជម្រាបថា ក្រសួងអប់រំបានប្រកាសលទ្ធផល នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៥ ធ្នូ ២០២២ មានសិស្សសិស្សជាប់ ៩០៩៥០នាក់ស្មើនឹង៧២.៣៣% និទ្ទេស A ចំនួន១០៤៩នាក់, និទ្ទេស B ចំនួន៧២៣២នាក់, និទ្ទេស C ចំនួន១៩០៥៣នាក់, និទ្ទេស D ចំនួន៣១១៦៦នាក់ និងនិទ្ទេស E ចំនួន៣២៤៥០នាក់៕