(កំពង់ចាម)៖ ម្ចាស់គណនី Facebook ឈ្មោះ រាជនី ធីតាសួគ៌ ដែលបង្ហោះសារចោទប្រកាន់នគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម រឿងផាកពិន័យរថយន្ដបើកបរលើសល្បឿនកំណត់នោះ បានចូលមកទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈចំពោះកំហុសឆ្គងរបស់ខ្លួន ដែលចោទប្រកាន់នគរបាលខុសពីការពិត នាំឲ្យមានការយល់ច្រឡំពីសាធារណជន។

លោក ហត កុសល ដែលជាម្ចាស់គណនីនេះ បានទទួលស្គាល់ថា អ្វីដែលខ្លួនបង្ហោះចោទប្រកាន់នគរបាលរឿងផាកពិន័យរថយន្ដរបស់ខ្លួន នៅលើផ្លូវជាតិលេខ៧ ស្ថិតក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នោះ ដោយសារតែមានការយល់ច្រឡំ ប៉ុន្ដែក្រោយទទួលបានការណែនាំពីសមត្ថកិច្ចជំនាញ ទើបដឹងថា អ្វីដែលខ្លួនបង្ហោះនោះមិនមែនជាការពិតឡើយ។

សូមជម្រាបថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅវេលាម៉ោង១២៖២២នាទី នៅចំណុចគោលដៅឈរជើងរបស់កម្លាំង នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលចរាចរណ៍ ស្រុកព្រៃឈរ ចុះអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹតលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិត្រពាំងធំ ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កម្លាំងជំនាញនគរបាលចរាចរណ៍ បានឃាត់រថយន្តមួយគ្រឿង ម៉ាកកាម៉ារីហាយព្រីត ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2Z-3553 ពាក់ព័ន្ធបើកបរល្មើសល្បឿនកំណត់៨៦គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ពេលនោះអ្នករួមដំណើរក្នុងរថយន្តខាងលើ បានចុះពីលើរថយន្ដមកដល់កន្លែងតុផាកពិន័យ ជួបជាមួយមន្រ្ដីនគរបាលចរាចរណ៍ តែបុគ្គលនោះមិនបានទទួលកំហុសឡើយ ដោយនិយាយជាមួយសមត្ថកិច្ចថា រថយន្ដខ្លួនបើកបរក្នុងល្បឿន៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ បន្ទាប់មកមន្រ្ដីនគរបាលចរាចរណ៍ ក៏បានបង្ហាញរូបភាពល្មើសនឹងល្បឿនកំណត់ ទៅអ្នករួមដំណើរនោះ និងបានហៅអ្នកបើកបរមកជួប និងបង្ហាញរូបភាពល្មើស (អ្នកបើកបរនោះបានចុះមកតែមិនបានប្រកែកតវ៉ាទេ)។

ពេលនោះមន្រ្តីនគរបាលជំនាញ ក៏បានអប់រំណែនាំដោយផ្ទាល់មាត់ អំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ទៅកាន់អ្នកបើកបររួចហើយ ក៏អនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត ដោយមិនមានការផាកពិន័យឡើយ៕