(សៀមរាប)៖ ករណីយុវតីម្នាក់ស្លៀកឯកសណ្ឋានសិស្សសាលា ដែលបានធ្វើអត្ដឃាតដោយចងកសម្លាប់ខ្លួននោះ នៅភូមិដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បានកើតឡើងតាំងពីឆ្នាំ២០១៨មកម្ល៉េះ ហើយក៏មិនមែនតូចចិត្តដោយសារតែការប្រឡងបាក់ឌុបធ្លាប់នោះដែរ ពោលដោយសារតែវិបត្តិផ្លូវចិត្តផ្ទាល់ខ្លួន។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប ដែលចេញនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ បន្ទាប់ពីមានករណីចែកចាយនៅលើបណ្ដាញសង្គម Facebook យ៉ាងច្រើនជាបន្ដបន្ទាប់ដោយអះអាងថា យុវតីរូបនេះចងកសម្លាប់ខ្លួន ដោយសារតូចចិត្តរឿងប្រឡងបាក់ឌុបធ្លាប់។

ក្នុងសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា «តាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប ករណីនេះ គឺបានកើតឡើងពីឆ្នាំ២០១៨ ដោយវិបត្តិផ្លូវចិត្តក្នុងគ្រួសារ មិនពាក់ព័ន្ធការប្រឡងនោះឡើយ»

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏ស្នើដល់ម្ចាស់គណនីទាំងអស់ ដែលបានផុសផ្សព្វផ្សាយតាមបណ្ដាញសង្គម សូមកែតម្រូវជាបន្ទាន់ និងកុំបន្ដផ្សព្វផ្សាយ ឬចែករំលែកបន្ដទៀត៕