(ភ្នំពេញ)៖ បន្ទាប់ពីមើលឃើញព័ត៌មានតាមប្រព័ន្ធសង្គម រៀបរាប់យ៉ាងច្រើនអំពីកម្មការិនីកាត់ដេរឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ ដែលជាស្ត្រីរងគ្រោះធ្ងន់ធ្ងរ ក្រោយពេទ្យនៃមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង នៅខេត្តកំពង់ស្ពឺ កាយយកសាកសពទារកក្នុងផ្ទៃ ដោយទាំងពោះវៀនចេញមកក្រៅ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកស្រី នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្ត និងឧបត្ថម្ភថវិកាចំនួន ៤០លានរៀល ដល់ស្ត្រីរងគ្រោះរូបនេះ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត។

ដោយសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ មានអាការៈធូរស្រាល មូលនិធិ ហោ ណាំហុង-បូរី ហោ បានឧបត្ថម្ភថវិកាទៅព្យាបាលនៅបាងកក។ ប្រទេសថៃ ដើម្បីអាចតពោះវៀនថ្មីបាន។ ឥឡូវឈ្មោះសឿន ស្រីអូន មានសុខភាពល្អប្រសើរច្រើន អាចប្ដូរទៅមន្ទីរពេទ្យជូឡាឡុងកន ដើម្បីប្ដូរពោះវៀនថ្មី ដែលត្រូវការថវិកាច្រើន ដើម្បីវះបញ្ចូលវៀនថ្មី។

មូលនិធិ ហោ ណាំហុង-បូរី ហោ នឹងបន្ដជួយខ្លះបន្ថែមទៀតក្នុងការវះកាត់នេះ ហើយអំពាវនាវដល់សប្បុរសជនចូលរួមចំណែកជួយជីវិតនាង សឿន ស្រីអូន ដែលមិនអាចរស់រានមានជីវិតបានដោយគ្មានការវះកាត់ដាក់ពោះវៀនថ្មីនេះ៕