(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ បានសម្ពោធសាខាថ្មី ចំនួន២ទៀត នៅក្នុងទីក្រុងភ្នំពេញ គឺធនាគារ វីង សាខាបឹងត្របែក និងធនាគារ វីង សាខាព្រះយុគន្ធរ ដែលផ្តល់នូវជម្រើសកាន់តែច្រើនបន្ថែមទៀត សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ ក្នុងការប្រើប្រាស់ដើម្បីបំពេញតម្រូវការធនាគារ និងហិរញ្ញវត្ថុរបស់ពួកគេ។
ពិធីសម្ពោធនេះ ធ្វើឡើងក្រោមវត្តមានលោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា ព្រមទាំង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏ដូចជាឥស្សរជនកិត្តិយសជាច្រើនរូបទៀត។
លោក រ័ត្ន សុវណ្ណនរៈ បានអបអរសាទរធនាគារ វីង ចំពោះការបើកដំណើរការសាខាថ្មីទាំងពីរ ដែលនឹងផ្តល់ឲ្យសហគមន៍នូវជម្រើសហិរញ្ញវត្ថុ និងធនាគារកាន់តែច្រើនថែមទៀត។
សាខាទាំងពីរនេះ ផ្តល់សេវាធនាគារពេញលេញ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ ដោយផ្តល់ជូនអតិថិជននូវភាពងាយស្រួល និងឆាប់រហ័ស ក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ដែលមានគុណភាពខ្ពស់របស់ធនាគារ វីង ទោះបីជានៅថ្ងៃចុងសប្តាហ៍ក៏ដោយ។
លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង បានថ្លែងថា «ធនាគារ វីង ផ្តល់ជូននូវបណ្តាញ និងឱកាសសម្រាប់អតិថិជនដែលចូលចិត្តបច្ចេកវិទ្យាឌីជីថល និងអតិថិជនសម័យឌីជីថលឲ្យរស់នៅ ក្នុងជីវភាពបែបឌីជីថល តាមរយៈការប្រើប្រាស់កម្មវិធី Wing Bank App»។
លោកថា «ហើយសម្រាប់អ្នកដែលចូលចិត្ត ធ្វើប្រតិបត្តិការធនាគាររបស់ពួកគេ នៅតាមបញ្ជរធនាគារដែលមានបុគ្គលិករួសរាយរាក់ទាក់ យើងបានបើកសាខាធនាគារ វីង ទាំងនេះ ដើម្បីបំពេញតម្រូវការរបស់ពួកគេផងដែរ។ គ្រប់សាខាធនាគារ វីង ទាំងអស់ត្រូវបានបំពាក់ដោយសម្ភារៈបរិក្ខារទំនើបៗ និងមុខងារពិសេសៗ ដើម្បីបម្រើជូនអតិថិជននូវសេវាធនាគារលំដាប់ពិភពលោក»។
នៅក្នុងឆ្នាំ២០២២នេះ ធនាគារ វីង បានពង្រីកបណ្តាញធនាគាររបស់ខ្លួនទៅកាន់ទីតាំងយុទ្ធសាស្ត្រចំនួន៧ទូទាំងប្រទេស បន្ថែមពីលើទីស្នាក់ការកណ្តាលរបស់ខ្លួន នៅលើមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី៣ រាជធានីភ្នំពេញ។
ធនាគារ វីង សាខាវិមានឯករាជ្យ និងធនាគារ វីង សាខាសែនសុខ ក្នុងរាជធានីភ្នំពេញ ត្រូវបានបើកដំណើរការនៅក្នុងខែមីនា ហើយធនាគារ វីង សាខាខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែសីហា ខណៈដែលធនាគារ វីង សាខាវត្តភ្នំ និងធនាគារ វីង សាខាទួលគោក ក្នុងរាជធានីភ្នំពេញទាំងពីរ ត្រូវបានបើកនៅថ្ងៃទី៣០ ខែសីហា។
ធនាគារ វីង សាខាបឹងត្របែក មានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ ៤៣២ ទល់មុខ ស្ថានទូតវៀតណាម ចំណែកធនាគារ វីង សាខាព្រះយុគន្ធរ ស្ថិតនៅតាមបណ្តោយមហាវិថី ព្រះសីហនុ ជាប់នឹងទូរគមនាគមន៍កម្ពុជា។ គ្រប់សាខាទាំងអស់ត្រូវបានរចនាយ៉ាងស្អាត ដោយមានចំណតរថយន្តធំទូលាយ កន្លែងរង់ចាំ ហាងកាហ្វេ និងបន្ទប់ប្រជុំពិសេស។
បុគ្គលិកដែលមានជំនាញវិជ្ជាជីវៈ និងយកចិត្តទុកដាក់របស់ធនាគារ វីង នៅរងចាំស្វាគមន៍ជានិច្ច ហើយត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបរាល់ចម្ងល់ផ្សេងៗរបស់អតិថិជន ព្រមទាំងមានសេវាកម្មដែលមាន គុណភាពខ្ពស់ផ្តល់ជូននៅតាមបញ្ជរនានាដែលត្រូវបានរចនាឡើងដើម្បីធានានូវភាពងាយស្រួល និងឯកជនភាព នៅពេលអតិថិជនមកកាន់សាខាទាំងនេះ ដើម្បីបំពេញតម្រូវការធនាគារប្រចាំថ្ងៃរបស់ពួកគេ។
អតិថិជនអាចធ្វើការដាក់ប្រាក់ និងដកប្រាក់បាននៅគ្រប់ទីតាំងទាំង៨ របស់ធនាគារ វីង ទូទាំងប្រទេស ក៏ដូចជាអាចស្នើសុំឥណទាន និងដាក់មូលប្បទានបត្រ ពីធនាគារណាមួយក៏បាន ដោយមិនគិតថ្លៃ។ អតិថិជនក៏អាចប្រើប្រាស់បន្ទប់ប្រជុំប្រណីត សម្រាប់ការប្រជុំ និងការពិភាក្សាផងដែរ។
នៅធនាគារ វីង អតិថិជនអាចពិគ្រោះជាមួយបុគ្គលិកផ្នែកឥណទានអាជីវកម្ម ដែលមានជំនាញវិជ្ជាជីវៈដើម្បីបើកគណនី ស្នើសុំកាតធនាគារ ផ្ទេរប្រាក់ និងចូលប្រើធនាគារឌីជីថល ក៏ដូចជាសេវាកម្មជាច្រើនទៀតដែលមាន។
ក្រៅពីការបើកសាខាថ្មីទាំង២នេះ ធនាគារ វីង ក៏បានដាក់ឲ្យដំណើរការនូវកម្ចី វីងឌីជីថលឡូន របស់ខ្លួនផងដែរ ដែលអនុញ្ញាតឲ្យអតិថិជនជាបុគ្គលម្នាក់ៗ និងជាម្ចាស់អាជីវកម្មខ្នាតតូច អាចស្នើសុំប្រាក់កម្ចីរហូត ដល់៥០,០០០ដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ទាបរហូតដល់១ភាគរយក្នុងមួយខែ តាមរយៈកម្មវិធី Wing Bank App ដោយមិនចាំបាច់ទៅសាខាធនាគារណាមួយ ដោយផ្ទាល់នោះឡើយ ។
ការដាក់ឲ្យដំណើរសាខាថ្មីនេះ ជាសក្ខីភាពនៃការអនុវត្តបេសកកម្មរបស់ធនាគារ វីង ក្នុងការបំពេញតម្រូវការរបស់អតិថិជនទាំងអស់ មិនថាអតិថិជនចូលចិត្តប្រើប្រាស់សេវាអ្វីក៏ដោយ ជាមួយធនាគារ វីង តាមប្រព័ន្ធឌីជីថល ឬតាម រយៈសាខាធានាគារដោយផ្ទាល់នោះទេ។
ធនាគារ វីង ខិតខំជានិច្ចដើម្បីណែនាំដល់ប្រជាជនកម្ពុជានូវផលិតផល និងសេវាកម្មដែលចាំបាច់ប្រកបដោយភាពច្នៃប្រឌិត និងធ្វើឲ្យជីវភាពកាន់តែប្រសើរឡើងសម្រាប់អតិថិជន៕