(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានធ្វើសិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលនៃការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) ក្រោយអនុវត្តការងារនេះជាមួយគ្នារយៈពេល៤ឆ្នាំកន្លះ។
សិក្ខាសាលានេះធ្វើឡើងនារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងលោកស្រី សង់ឌ្រីន ប៊ូស្សេ នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា។
លោក អាំង សុវណ្ណរ័ត្ន នាយកកម្មវិធី TCBP បានឱ្យដឹងថា កម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) បានចាប់ផ្ដើមអនុវត្តចាប់ពីពាក់កណ្ដាលឆ្នាំ២០១៨ដល់ឆ្នាំ២០២២ ពោលគឺមានរយៈពេល៤ឆ្នាំកន្លះ ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា និងក្រុមទីប្រឹក្សាបច្ចេកទេស (TA) ដោយមានការចូលរួមធាតុចូល និងសម្របសម្រួលពីអគ្គនាយកដ្ឋាន វិទ្យាស្ថានជាតិ និងនាយកដ្ឋានជំនាញពាក់ព័ន្ធចំណុះឱ្យក្រសួងទេសចរណ៍ ការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត ការចូលរួមពីវិស័យឯកជន និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត។
លោក អាំង សុវណ្ណរ័ត្ន បានបន្តថា ជាលទ្ធផល កម្មវិធី TCBP នេះបានអនុវត្តលើសកម្មភាព១៨ធំៗ ហើយបើបែងចែកតូចៗទៀតគឺមានច្រើនជាង២៤សកម្មភាព ដែលផ្ដោតសំខាន់លើការពង្រឹងសមត្ថភាពមន្ត្រីនៃក្រសួងនិងមន្ទីរទេសចរណ៍ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា, ការពង្រឹងសមត្ថភាពវិស័យឯកជនក្នុងវិស័យទេសចរណ៍, ការអនុវត្តសាកល្បងគម្រោងស្រាវជ្រាវ និងគម្រោងសិក្សាមួយចំនួន។
លោក អាំង សុវណ្ណរ័ត្ន បានរៀបរាប់លម្អិតថា នៅក្នុងការសកម្មភាពទាំងនោះ ក្រុមការងារបានសិក្សាពីខ្សែច្រវាក់តម្លៃផលិតកម្ម និងការបង្កើនការប្រើប្រាស់ផលិតផលក្នុងស្រុកក្នុងវិស័យទេសចរណ៍ សំដៅជំរុញអន្តរកម្មនិងការតភ្ជាប់ខ្សែច្រវាក់តម្លៃផលិតកម្មក្នុងស្រុក (កសិកម្ម សិប្បកម្ម ឧស្សាហកម្មកែច្នៃ និងឧស្សាហកម្មច្នៃប្រឌិត) ជាមួយវិស័យទេសចរណ៍ ស្របតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាទីផ្សារដ៏ធំសម្រាប់កសិករ សិប្បករ និងផលិតករក្នុងស្រុក តាមរយៈការនាំចេញនៅនឹងកន្លែង។
ក្រុមការងារអនុវត្តកម្មវិធី TCBP បានសិក្សាវិភាគឥទ្ធិពលសង្គមសេដ្ឋកិច្ចនៃទីផ្សារទេសចរចិនមកលើវិស័យទេសចរណ៍និងសេដ្ឋកិច្ចកម្ពុជា ដោយចិននៅតែជាទីផ្សារដ៏ចម្បងបំផុតមួយសម្រាប់កំណើនទេសចរណ៍កម្ពុជានៅក្នុងពេលចំពោះមុខ និងទៅអនាគត។ លទ្ធផលនៃការសិក្សានេះនឹងចូលរួមដល់ការរៀបចំផែនការយុទ្ធសាស្រ្តក្នុងការជួយទ្រទ្រង់តម្រូវការទីផ្សារចិន និងចាត់វិធានការចំពោះតម្រូវការ និងការផ្គត់ផ្គង់ឱ្យមានរចនាសម្ពន្ធគ្រប់គ្រងត្រឹមត្រូវ ក៏ដូចជាបង្កើតមូលដ្ឋានច្បាស់លាស់ ដើម្បីឱ្យវិស័យទេសចរណ៍កាន់តែមានសក្ដានុពល កាន់តែមានគុណភាព និងនិរន្តរភាព។
ក្រុមការងារអនុវត្តកម្មវិធី TCBP បានរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ទីក្រុង (Urban Tourism Plan) ដោយចាប់ផ្តើមសិក្សានៅខណ្ឌដូនពេញ ដែលត្រូវជំរុញឱ្យការអនុវត្តមានប្រសិទ្ធភាពខ្ពស់ ក្រោយការអនុម័តជាផ្លូវការ និងជាពិសេសត្រូវយកគំរូនៃការអនុវត្តនេះទៅរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ទីក្រុងនៅតាមបណ្តាក្រុង ខណ្ឌនៅទូទាំងប្រទេស។
ក្រុមការងារអនុវត្តកម្មវិធី TCBP បានបង្កើតគំរូមគ្គុទ្ទេសក៍ទេសចរណ៍ឆ្លាតវៃ ដោយសាកល្បងដំបូងនៅខណ្ឌដូនពេញដែរ និងបានបង្កើតកម្មវិធីទូរស័ព្ទ (Mobile App) សម្រាប់គោលដៅទស្សនាចរណ៍នៅខណ្ឌដូនពេញ ចូលរួមជំរុញការអភិវឌ្ឍទេសចរណ៍ឆ្លាត ដែលជាទិសដៅដ៏សំខាន់មួយរបស់កម្ពុជា។
ក្រុមការងារអនុវត្តកម្មវិធី TCBP បានបង្កើតផែនការអភិវឌ្ឍន៍រួមនៅរមណីយដ្ឋានទេទឹកពុះ ទំនប់តាសាល និងអន្លង់ភេតាពយ ដោយបានសិក្សាស្រាវជ្រាវពីសក្តានុពលនានានៃតំបន់ទេទឹកពុះ និងតំបន់ជុំវិញ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រម្រាប់ការអភិវឌ្ឍទេសចរណ៍នៅក្នុងតំបន់នេះ ដែលជាគោលដៅអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល និងភាពទោល។
ក្រុមការងារអនុវត្តកម្មវិធី TCBP បានសិក្សាលទ្ធភាពនៃការបង្កើតមជ្ឈមណ្ឌលអង្កេតតាមដានស្ថានភាពទេសចរណ៍កម្ពុជា (Tourism Observatory) ដែលនឹងជួយជំរុញការសិក្សាស្រាវជ្រាវ ការអង្កេត និងការប្រឹក្សាយោបល់លើទិដ្ឋភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ និងឥទ្ធិពលសេដ្ឋកិច្ច សង្គម បរិស្ថាន។
ក្រៅពីនេះ កម្មវិធី TCBP ក៏មានសកម្មភាពគាំទ្រផ្នែកច្បាប់ ដែលបានសិក្សាអំពីលក្ខខណ្ឌតម្រូវផ្នែកច្បាប់ (Legal Compliance) សម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ និងសម្រាប់សមាគមឧស្សាហកម្មទេសចរណ៍ រួមជាមួយការរៀបចំក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិវិជ្ជាជីវៈ សម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ និងសមាគមឧស្សាហកម្មទេសចរណ៍ ដែលនឹងចូលរួមដល់ការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍កម្ពុជា និងតម្រង់ទិសការប្រកបវិជ្ជាជីវៈទេសចរណ៍។
ជាមួយគ្នានោះ ក្រោមក្របខណ្ឌនៃការអនុវត្តកម្មវិធី TCBP ក្នុងឆ្នាំ២០២២នេះ ក៏មានឃោសនាផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍ក្រៅប្រទេស ដូចជាការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលទៅកាន់ទីផ្សារអឺរ៉ុប ទាំងក្រុមប្រទេសនិយាយភាសាអង់គ្លេស និងក្រុមប្រទេសនិយាយភាសាបារាំង ព្រមទាំងបានផលិតជាសម្ភារផ្សព្វផ្សាយដែលមានទាំងទម្រង់ឌីជីថល និងការបោះពុម្ភផ្សាយសម្រាប់ដាក់នៅតាមមណ្ឌលព័ត៌មាន និងការតាំងពិព័រណ៍ផ្សេងៗនៅក្នុងនិងក្រៅប្រទេស។ នេះជាការបន្ថែមរបស់លោក អាំង សុវណ្ណរ័ត្ន នាយកកម្មវិធី TCBP។
ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ក្រោយការដាក់ឱ្យអនុវត្តអស់រយៈពេលជាង៤ឆ្នាំកន្លងមកនេះ លោកមើលឃើញមានសមិទ្ធផលសំខាន់ៗជាច្រើនដែលត្រូវបានសម្រេចក្រោមក្របខណ្ឌនៃកម្មវិធី ដែលបានចូលរួមជាផ្លែផ្កាដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាពិសេសអំឡុងពេលទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដែលមិនធ្លាប់មានពីវិបត្តិជំងឺកូវីដ-១៩ សកម្មភាពជាច្រើនរបស់ TCBP ត្រូវបានបង្វែរមកចូលរួមដល់ការខិតខំស្តារ និងជំរុញកំណើនទេសចរណ៍ឡើងវិញពីវិបត្តិ ស្របតាមការចង្អុលបង្ហាញនៅក្នុងផែនទីចង្អុលផ្លូវស្តីពី «ផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩»។
លោករដ្ឋមន្ត្រីក៏បានរំលឹកដែរថា ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានផ្តល់ហិរញ្ញប្បទានឥណទានក្នុងទំហំទឹកប្រាក់ចំនួន១១លានអឺរ៉ូ សម្រាប់សាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ចំនួន២ទីតាំង នៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ ដែលបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ លោកថា ការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់ការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) នេះ ផ្សារភ្ជាប់នឹងគម្រោងសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ គឺជាសក្ខីភាពដ៏សំខាន់មួយទៀតនៃការគាំទ្ររបស់បារាំង ដើម្បីភាពរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា។
នាឱកាសនោះ លោកឯកអគ្គរដ្ឋទូតបារាំងបានចាត់ទុកការអនុវត្តគម្រោងទាំងឡាយនោះថា ជាសក្ខីភាពមួយទៀតនៃការចូលរួមរបស់ប្រទេសបារាំងក្នុងការជួយដល់វិស័យសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។
លោក ហ្សាក់ ប៉ឺឡេ ជឿជាក់ថា ផ្លែផ្កានៃការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) នេះ នឹងជួយបង្កើតឱកាសសេដ្ឋកិច្ចសម្រាប់សហគមន៍ទេសចរណ៍មូលដ្ឋាន និងជួយផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារពិភពលោកកាន់តែទូលំទូលាយ ដែលជាប្រយោជន៍នៃការងើបឡើងវិញនូវសេដ្ឋកិច្ចកម្ពុជានាពេលខាងមុខ។
គួរជម្រាបថា កម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) ក៏ផ្ដោតលើកិច្ចសហការច្រើនជាមួយឯកជនក្នុងវិស័យទេសចរណ៍ដែលជាជនជាតិបារាំងផងដែរ ដោយហេតុថាបច្ចុប្បន្ន មានវិនិយោគិនជាជនជាតិបារាំងដែលបាននិងកំពុងវិនិយោគលើអាជីវកម្មទេសចរណ៍នៅកម្ពុជា ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋានជាដើម ទាំងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តកំពត៕