(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប​ង្ហាញក្តីរំពឹងថា រដ្ឋាភិបាលចិននឹងជួយស្តារ ក៏ដូចជាជីកព្រែក នៅតាមទន្លេបាសាក់ ពីព្រែកអំបិល ទៅសមុទ្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹក។

ថ្លែងក្នុងពិធីបិទវេទិកាវិទ្យាសាស្ត្រស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ» នាព្រលប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោកបណ្ឌិត សុខ ទូច បានលើកឡើងដូច្នេះថា៖ «បើយើងចង់ទៅសមុទ្រយើងត្រូវជីកប្រឡាយ ហើយសង្ឃឹមថា មិត្តចិននឹងជួយសហការជីកព្រែក»

លោក​បណ្ឌិតបានបន្តថា សម្រាប់ការរៀបចំផែនការស្ដារផ្លូវទឹក និងការសាងសង់ផែរណបរបស់កម្ពុជា គឺជាទិសដៅមួយដែលមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យចម្ងាយដឹកជញ្ជូនពីគ្រប់ផ្លូវទន្លេ ទៅកាន់សមុទ្រកម្ពុជាកាន់តែខ្លី កាត់បន្ថយពេលវេលា និងចម្ងាយដឹកជញ្ជូន ចំណេញថវិកា ក្នុងការដឹកជញ្ជូន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសម្ពាធនៃការប្រើប្រាស់ផ្លូវ ព្រមទាំងបង្កើនសកម្មភាពដឹកជញ្ជូន តាមផ្លូវទឹកកាន់តែច្រើនផងដែរ។

«យើងនាំតាមផ្លូវគោក គឺមានតម្លៃខ្ពស់ណាស់ តែបើយើងនាំតាមផ្លូវទឹករឹតតែថោក យើងដឹងហើយ១០០ឡាន ស្មើនឹងមួយទូរទេះភ្លើង ១០រទេះភ្លើង បាន១នាវា ដូច្នេះ មាននាវាដឹកនាំទំនិញ ធ្វើឱ្យតម្លៃកាន់តែថោក នឹងធ្វើទំនិញកាន់តែងាយស្រួលប្រកួតប្រជែង»។

បណ្ឌិត សុខ ទូច បានថ្លែងថា កម្ពុជា និងចិន កំពុងមានទំនាក់ទំនងជាមួយគ្នាលើ៥ចំណុចធំៗ តាំងពីអតីត បច្ចុប្បន្ន រហូតដល់អនាគត ក្នុងនោះមានប្រវត្តិសាស្ត្រ សេដ្ឋកិច្ច វប្បធម៌ បរិស្ថាន និងពេលទៅថ្ងៃអនាគត។

ក្នុងចំណោមទាំង ៥ចំណុចនេះ គឺផ្នែកសេដ្ឋកិច្ច ដោយចិនបានជួយធ្វើឲ្យកម្ពុជាឱ្យមានការរីកចម្រើនផងដែរ តាមរយៈការវិនិយោគមកលើវិស័យផ្សេងៗ ហើយបានធ្វើឱ្យតម្លៃអចលនទ្រព្យនៅកម្ពុជា មានការកើនឡើង។ លោកបណ្ឌិតសង្ឃឹមថា នៅពេលចប់កូវីដ-១៩ វិនិយោគគិនចិន នឹងមកបណ្ដាក់ទុកវិនិយោគនៅកម្ពុជាច្រើនឡើងបន្ថែមទៀត។

សូមជម្រាបថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការសិក្សាពីការស្ដារផ្លូវទឹក នៅតាមទន្លេបាសាក់ ពីព្រែកអំបិល ទៅខេត្តតាកែ, ខេត្តកំពត និងខេត្តកែប មានចម្ងាយ១៦៨គីឡូម៉ែត្រ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រសួងនឹងជីកព្រែកថ្មីសុទ្ធសាធប្រវែងចន្លោះ ៥-៧គីឡូម៉ែត្រ តភ្ជាប់គ្នារវាងទន្លេ និងសមុទ្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេទៅកំពង់ផែសមុទ្រកែប។

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាមួយជំហានហើយ ជុំវិញដំណើរការនេះ ដោយលទ្ធផលបញ្ជាក់ថា ក្នុងចម្ងាយផ្លូវទឹក ១៦៨គីឡូម៉ែត្រ ពីព្រែកអំបិលទៅតាកែវ និងភ្ជាប់ទៅកំពង់ផែកែប ស្មើនឹង ៦៨ភាគរយ គឺជាទន្លេដែលមានស្រាប់ និងជាង ២០ភាគរយ គឺជាប្រព័ន្ធធារាសាស្រ្ត ដែលត្រូវស្តារ និងពង្រីកបន្ថែម។

បច្ចុប្បន្ននេះ កម្ពុជា កំពុងមានការរីកម្រើនជាលំដាប់លើវិស័យដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវទឹក។ រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានពង្រីកសក្តានុពលវិស័យដឹកជញ្ជូនតាមផ្លូវទឹក ឱ្យកាន់តែទូលំទូលាយ ដើម្បីជាផ្នែកមួយជួយដល់កំណើនសេដ្ឋកិច្ចជាតិ៕