(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានបោះជំហានទៅមុខយ៉ាងជោគជ័យ ជាមួយនឹងជើងហោះហើរដំបូង រវាងទីក្រុងសៀមរាប និងរដ្ឋធានីហាណូយ នៅប្រទេសវៀតណាម ក្រោយពីមានការធូរស្បើយនៃជំងឺកូវីដ-១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់កម្ពុជា អង្គរ អ៊ែរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ការហោះហើរដំបូងនេះ ដែលមានជើងហោះហើរលេខ K6 852 នៅម៉ោង១៤៖៣០នាទី ដោយប្រើយន្តហោះប្រភេទ ត្រូវចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ សៀមរាប Airbus A32 ហើយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ណូយ បៃ (រដ្ឋធានីហាណូយ) នៅម៉ោង១៦៖១៥ ជាមួយនឹងអ្នកដំណើរចំនួន៦៨នាក់។
សេចក្ដីប្រកាសព័ត៌មាន ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានឲ្យដឹងទៀតថា ការត្រឡប់មកកាន់ទីក្រុងសៀមរាបវិញ នៅវេលាម៉ោង១៧៖១៥ និងមកដល់ម៉ោង១៩៖០០ នៅថ្ងៃដដែល ជាមួយនឹងអ្នកដំណើរចំនួន៨១នាក់។
ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃនេះតទៅ កម្ពុជា អង្គរ អ៊ែរ នឹងធ្វើការហោះហើរជាទៀងទាត់ ៣ជើងក្នុងមួយសប្តាហ៍ រវាងទីក្រុងសៀមរាប និងរដ្ឋធានីហាណូយ គឺនៅរៀងរាល់ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថៃ្ងសៅរ៍។
ក្រៅពីជើងហោះហើរទៅរដ្ឋធានីហាណូយ K6 ក៏នៅមានជើងហោះហើរផ្សេងទៀត ទៅកាន់ប្រទេសវៀតណាម ដូចជា ជើងហោះហើររវាងសៀមរាប និងហូជីមិញ ២ជើង/ថ្ងៃ, សៀមរាប និងដាណាំង ១ជើង/ថ្ងៃ,
ភ្នំពេញ និងហាណូយ ៣ជើង/សប្តាហ៍, ភ្នំពេញ និងហូជីមិញ ២ជើង/ថ្ងៃ និងព្រះសីហនុ និងហូជីមិញ ១ជើង/ថ្ងៃ ផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ បានកំណត់ចក្ខុវិស័យរបស់ខ្លួន ជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេនៅកម្ពុជា និងជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេរបស់កម្ពុជា ដែលទទួលបាន វិញ្ញាបនបត្រប្រតិបត្តិការ សុវត្ថិភាព សមាគមន៍ដឹកជញ្ចូនផ្លូវអាកាសអន្តរជាតិ (IOSA) និងជាសមាជិកផ្លូវការរបស់អង្គការនេះ ចាប់ឆ្នាំ២០១៧ ដែលធ្វើឲ្យក្រុមហ៊ុនទទួលបាន នូវទំនុកចិត្តខ្ពស់ពីអ្នកដំណើរ និងដៃគូអាជីវកម្មនានាទាំងក្នុង និងក្រៅប្រទេស៕