(ភ្នំពេញ)៖ សេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីផ្ទះបើកភោជនីយដ្ឋានមួយកន្លែងយីហោ «បឹងសំរោង» បានបាក់ស្រុតចុះក្រោម តែសំណាងល្អ មិនមានមនុស្សណាម្នាក់ បានរងគ្រោះថ្នាក់នោះទេ ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០៣៖៣០នាទីរសៀលថ្ងៃទី២១ មិថុនា ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។
តាមអាជ្ញាធរបានឱ្យដឹងថា ផ្ទះកើតហេតុខាងលើគឺធ្វើអំពីថ្ម ជារបៀបវីឡាកូនកាត់ មានទំហំ៨ម៉ែត្រ គុណ១០ម៉ែត្រ ដែលមានម្ចាស់ផ្ទះឈ្មោះ មាស ឆុន ជាមន្ត្រីយោធា។ នៅជិតផ្ទះកើតហេតុ គេឃើញមានសង់ជាតូបតូចក្បែរៗគ្នា សម្រាប់លក់ដូរផងដែរ ។
តាមព័ត៌មានពីអាជ្ញាធរបានបន្តថា ករណីនេះត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋដាក់ការសង្ស័យថា អាចបណ្តាលមកពីពំនូកដីនៅខាងត្បូង ដែលផ្ទះអ្នកជិតខាងបានចាក់ក្បែរនោះ លុះពេលមានភ្លៀងធ្លាក់កាលពីម្សិលមិញ ទើបបណ្តាលឱ្យដីហៀរចូលកៀនផ្ទះធ្ងន់ស្រុតចុះក្រោមតែម្តង ។
តែទោះបីជាយ៉ាងណា មូលហេតុច្បាស់ គឺមិនទាន់កំណត់បានទេ ខណៈសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យ និងឃើញខាងម្ចាស់ផ្ទះកំពុងរើអីវ៉ាន់ចេញផងដែរ៕