(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា ស្នាមមេដៃលើញត្តិរបស់គណបក្សសង្រ្គោះជាតិ ដែលដង្ហែទៅថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានរកឃើញភាពមិនប្រក្រតីកាន់តែច្រើន។ លោក ខៀវ សុភ័គ បានបញ្ជាក់ថា លោក យ៉ែម បុញ្ញរិទ្ធ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងជាអ្នកតំណាងក្នុងការនាំញត្តិថ្វាយព្រះមហាក្សត្រ នឹងត្រូវប្រឈមមុខនិងច្បាប់មុនគេ។
លោក ខៀវ សុភ័គ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះថា ការស្រាវជ្រាវ និងធ្វើកោ សល្យវិច្ច័យលើស្នាមមេដៃធ្វើបានកាន់តែច្រើនហើយ ហើយភាពមិនប្រក្រតី ក៏រកឃើញច្រើនផងដែរ។ ភាពមិនប្រក្រតីធ្ងន់ធ្ងរជាងគេនៅលើស្នាមមេដៃគាំទ្រញត្តិនេះ គឺការប្រើស្នាមមេដៃតែមួយផ្តិតនៅលើឈ្មោះរហូតដល់ទៅ ៨៦នាក់។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ មិនទាន់អាចបញ្ជាក់ថា ការស្រាវជ្រាវនេះសម្រេចបានលទ្ធផលប៉ុណ្ណានៅឡើយទេ។ លោក ក៏មិនទាន់បញ្ជាក់ថា ខេត្តណាមានភាពមិនប្រក្រតីច្រើនជាងគេនោះដែរ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ទៀតថា បន្ទាប់ពីគណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យស្នាមមេដៃបញ្ចប់ការងារស្រាវជ្រាវ គណៈកម្មការ នឹងធ្វើសំណើទៅរាជរដ្ឋាភិបាល ដើម្បីសម្រេចចាត់វិធានការបន្តយ៉ាងណា។ បើតាមលោក ខៀវ សុភ័គ អ្នកនាំយកញត្តិទៅថ្វាយព្រះមហាក្សត្រ ដែលមានលោក យ៉ែម បុញ្ញរិទ្ធ ជាតំណាងនោះ អាចនឹងត្រូវប្រឈមមុខនិងច្បាប់មុនគេ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់យ៉ាងដូច្នេះ «យើងនឹងស្នើសុំរាជរដ្ឋាភិបាលចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកដែលបានប្រព្រឹត្តកំហុស។ នេះជាកំហុសធ្ងន់ណាស់ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមួយរូប លោក យ៉ែម បុញ្ញរិទ្ធ យកស្នាមមេដៃក្លែងក្លាយទៅប្រើគេប្រើឯង យករបស់មិនសុទ្ធ ទៅថ្វាយព្រះមហាក្សត្រ។ ខ្ញុំគិតថា គណៈកម្មការ នឹងស្នើសុំរាជរដ្ឋាភិបាលចាត់វិធានការតាមផ្លូវច្បាប់»។
ក្នុងពិធីចែកសញ្ញាបត្រដល់សិស្សមន្រ្តីសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានព្រមានថា នឹងមិនលើកលែងឲ្យអ្នកនាំយកស្នាមមេដៃទៅបោកព្រះមហាក្សត្រនោះឡើយ។ សម្តេចតេជោ បានចាត់ទុកការនាំយកស្នាមមេដៃ ដែលមានភាពមិនប្រក្រតីនេះថា ជាការប្រមាថធ្ងន់ធ្ងរដល់ព្រះមហាក្សត្រ និង ប្រជារាស្រ្ត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងព្រមានថា «អារឿងផ្តិតមេដៃនេះ មិនទាន់រួចខ្លួនទេ លេងម្នាក់ផ្តិតមេដៃ៨៦ ជាការប្រមាថព្រះមហាក្សត្រធ្ងន់ណាស់ បោករាស្រ្តធំណាស់ ប៉ុន្តែអាហ្នឹងចាំមើលអ្នកឯកទេស ប៉ុន្តែខ្ញុំត្រូវបំពេញកាតព្វកិច្ចធ្វើយ៉ាងម៉េចក្នុងឋានៈជានាយករដ្ឋមន្រ្តី មិនត្រូវបោកស្តេចតាមគេទេ ខ្ញុំឱ្យធ្វើការស្រាវជ្រាវ ហើយខ្ញុំធ្វើតាមច្បាប់ សុំអ្នកការទូតនានា កុំថា ហ៊ុន សែន ប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីដោះស្រាយ បើមិនប្រើច្បាប់ មានតែប្រើកាំភ្លើង»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែឧសភា កន្លងទៅតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ តំណាងដោយលោក យ៉ែម បុញ្ញរិទ្ធ បានធ្វើញត្តិមួយអមដោយស្នាមមេដៃរបស់ប្រជាពលរដ្ឋចំនួន ១៨ដុំ ស្មើនឹងជាង១៧ម៉ឺនស្នាមមេដៃ ដង្ហែទៅថ្វាយព្រះមហាក្សត្រខ្មែរ ដោយទាម ទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក ៤រូប អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត១រូប។ ក្នុងញត្តិក៏ទាមទារឲ្យដោះលែងសកម្មជនមន្រ្តីជាន់ខ្ពស់ និងតំណាងរាស្រ្តគណបក្សគណបក្សសង្រ្គោះជាតិ ព្រមទាំងទាមទារឲ្យទម្លាក់ចោលការចោទ ប្រកាន់ទៅលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិផងដែរ។
ស្នាមមេដៃនេះ ត្រូវបានគណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យស្នាមេដៃរកឃើញភាពមិនប្រក្រតីជាច្រើនមានដូចជា៖ ទី១៖ ស្នាមមេដៃធ្វើឡើង តែ ២១រាជធានី-ខេត្ត ផ្ទុយពីការបញ្ជាក់ថា ប្រមូលនៅទូទាំង២៥រាជធានី-ខេត្ត។ ទី២៖ ស្នាមមេដៃ ដែលប្រមូលបាននៅក្នុងញត្តិ គឺមានស្នាមមេដៃ តែអត់មានឈ្មោះ ហើយមានខ្លះទៀត មានស្នាមមេដៃ មានឈ្មោះ តែគ្មានអាស័យដ្ឋាន និងខ្លះទៀតមានឈ្មោះ អត់មានស្នាមមេដៃ និងអ្វីដែលពិសេសនោះ មានស្នាមមេដៃតែមួយ តែផ្តិតលើឈ្មោះអ្នកដទៃរហូតទៅដល់៨៦នាក់៕