(ភ្នំពេញ)៖ ហាក់ដូចជាអភិក្រមរបស់គណបក្សសង្គ្រោះជាតិ ដើម្បីប្តេជ្ញាក្នុងចិត្តរបស់ថ្នាក់ដឹកនាំក៏ដូចជាបង្រៀនឲ្យអ្នកគាំទ្រ ឬសកម្មជនស្រែកតាមក្នុងបំណងថា ទោះជាយ៉ាងណា យើងនៅតែសាមគ្គីគ្នា ដើម្បីធ្វើនយោបាយ មិនខ្លាចក្នុងកិច្ចប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា។
ពាក្យពីរម៉ាត់យ៉ាងខ្លីខាងលើនេះ ហាក់ដូចជា ធម៌រត់មាត់របស់ CNRP ដែលបង្គាប់ឲ្យស្រែក ឬទន្ទេញ បង្កើតនូវសេចក្តីក្លាហាន កុំឲ្យរួញរាក្នុងការតតាំង និងកុំឲ្យសង្ស័យគ្នាក្នុងការបែកបាក់រវាងថ្នាក់ដឹកនាំនៅក្នុងគណបក្សនេះ។
ជាមួយនឹងពាក្យអភិក្រម ដែលស្រែកហាក់បីដូចជា ការពិតមួយនៃការសង្ស័យនេះពីសាធារណជនថា អាចនឹងមានហេតុផល ជាយថាហេតុណាមួយ នឹងកើតឡើងពិតប្រាកដ។ អាស្រ័យហេតុនេះ ទើបគេឃើញរូបភាពរបស់លោក សម រង្ស៊ី និងលោក កឹម សុខា ឈរទាំងពីរនាក់ លើកដៃឡើងលើ កាន់ដៃគ្នាយ៉ាងមាំនៅក្នុងរូបភាពដាក់តាំងតាមចិញ្ចើមថ្នល់ ជាមួយនិមិត្តសញ្ញា CNRP។
បើទោះជាមានការជ្រោមជ្រែង ហ្វឹកហាត់ និងបំពាក់បំប៉នសតិអារម្មណ៍ដល់អ្នកគាំទ្រ CNRP តាមរយៈក្រុម ឬអង្គការអាថ៌កំបាំងណាមួយ ជាមួយនឹងយុទ្ធវិធីអហឹង្សា ឬប្រជាធិបតេយ្យ ក៏ដូចជាសិទ្ធិមនុស្សក៏ដោយ ក៏ពុំអាចធ្វើឲ្យ CNRP ទទួលបាននូវភាពសាមគ្គីពិតប្រាកដ ស្ថិតស្ថេរ និងជោគជ័យនោះបានឡើយ គឺរហូតដល់ធ្វើឲ្យអ្នកគាំទ្រទទួលនូវភាពខ្លោចផ្សារាប់ទាំងសេដ្ឋកិច្ចផ្ទាល់ខ្លួន និងគ្រួសារ ក៏ដូចជាមានអារម្មណ៍ មិនស្ងប់ក្នុងជំនឿរបស់ខ្លួនថា៖ មេខាងលើពិត មិនប៉ែងជើងគ្នា ឬបែកបាក់គ្នា ក៏ដូចជាការប្រឈមរវាងក្រុម សម រង្ស៊ី និងក្រុមសង្គ្រោះជាតិ ដោយ CNRP ជាក្រុមរណសិរ្ស ពិបាកធ្វើនយោបាយការពារ និងបង្កើនផលប្រយោជន៍ជាក់ស្តែង ដល់អ្នកគាំទ្រ គឺរង់ចាំពេលឈ្នះឆ្នោត ដែលកន្លងមកពុំដែលទទួលបាន។
ទិដ្ឋភាពនយោបាយរវាង សម រង្ស៊ី និង កឹម សុខា ចង់បង្ហាញជាសាធារណៈណាស់នូវភាព ពិតជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ CPP ក៏ប៉ុន្តែសារធាតុពិតនៃ មនោគមវិជ្ជានយោបាយ តាមរយៈប្រឆាំងដាច់ខាតជាមួយ CPP ធ្វើតាមយុទ្ធសាស្ត្រឧទ្ទាម «មានឯង អត់អញ»នោះ ក៏ជាឧបសគ្គធំណាស់ ក្នុងកិច្ចដើរតួជាអ្នក ប្រឆាំងអនុលោមតាមលទ្ធិប្រជាធិបតេយ្យនៅក្នុងសភាជាតិ ជាទិដ្ឋភាពនយោបាយដែលមានទស្សនៈនយោបាយខុសគ្នា ក៏ប៉ុន្តែអាចអង្គុយជជែកគ្នាបាន ជាជាងជ្រើសយកពហិការបែរខ្នងដាក់គ្នា។
ចម្ងល់របស់មហាជន ចំពោះទិដ្ឋភាពនៃលិខិតរបស់គណបក្ស ដែលបានចុះហត្ថលេខាម្តង ដោយលោក កឹម សុខា ជាប្រធានស្តីទី ដែលបានកំណត់ដោយបទបញ្ជាផ្ទៃក្នុង CNRP ក្នុងការប្រកាសជាសាធារណៈនោះ គឺនៅក្នុងករណីលោក Brandy Young ត្រូវបានបណ្តេញ ចេញពីគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦។
ម្តងទៀតគឺលិខិតរបស់ CNRP ទីពីរ ដែលសរសេរពីរឿងថ្កោលទោសជន ដែលមាក់ងាយ និងប្រឌិតព័ត៌មានមិនពិត ពាក់ព័ន្ធនឹងក្រុមគ្រួសារសម្តេចតេជា ត្រូវបានចុះហត្ថលេខាដោយ សម រង្សី នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ក្នុងខណៈដែល កឹម សុខា ពុំទាន់បានដកតំណែងចេញពីប្រធានស្តីទីនៅឡើយ។ តើនេះជាការប្រជែងតំណែង ដែលសាធារណជនមានចម្ងល់ ពីតំណែងរដ្ឋបាលរបស់លោក កឹម សុខា ត្រូវបានបញ្ចប់។
បន្ថែមលើរឿងចុះហត្ថលេខា គឺករណីមួយបន្ថែមទៀតដែលលោក កឹម សុខា សម្រេចមិនចូលខ្លួនទៅបំភ្លឺតុលាការ បើទោះជាមេធាវីបានបកស្រាយទិដ្ឋភាព ច្បាប់យ៉ាងច្បាស់លាស់យ៉ាងណាក៏ដោយ ក៏ការផ្តល់យោបល់ ឬពិភាក្សាជាមួយប្រភពមួយទៀតដែលច្នៃថា ជាសេចក្តីសម្រេចរបស់អ្នកតំណាងរាស្រ្ត ឬបក្ស ទើបលោកប្រធានស្តីទី ក៏សម្រេចចិត្តបោះបង់មិនឆ្លើយតប និងកាតព្វកិច្ចយុតិ្តធម៌នេះ។
តាមទស្សនៈសាធារណជន មានការសង្ស័យថា មានការធ្វើរដ្ឋប្រហារអំណាច ដោយជម្រុញលោកប្រធានស្តីទីឃុំខ្លួនដោយស្ម័គ្រចិត្ត នៅក្នុងការិយាល័យកណ្តាល CNRP របស់ខ្លួន។
នៅតាមបណ្តាមូលដ្ឋាន សមាជិកគាំទ្រ CNRP អស់សង្ឃឹម និងធុញទ្រាន់ចំពោះភាពជាមួយ និងអ្នកដឹកនាំមិនច្បាស់លាស់ គេក៏បានចាកចេញពី CNRP ជាបណ្តើរៗមករួមរស់ជាមួយគណបក្សដទៃទៀត។ រីឯនៅក្នុងទីស្នាក់ការកណ្តាលរបស់បក្ស ក៏មានការបែងចែកជាក្រុម ដូចជា ក្រុមរបស់លោក ប៉ុល ហំ និង យ៉ែម បុញ្ញារិទ្ធ ហើយអ្នកស្ម័គ្រចិត្តមកដេកចាំការពារលោកប្រធានស្តីទី ក៏ស្រុតចុះចំនួនគួរឲ្យចាប់អារម្មណ៍។ រីឯចលនាមហាជនសាកល្បងនៅសៀមរាប ក៏ពុំបានបង្ហាញពិតប្រាកដនូវកម្លាំងគាំទ្រនោះឡើយ។ ហើយការឆក់ឱកាសដើរតួជំនួសលោកប្រធាន និងលោកប្រធានស្តីទី នៅក្រោមក្រសែភ្នែក របស់សាធារណជនរឹតតែបង្កើតមន្ទិល នៃការឈ្លោះគ្នាដណ្តើមអំណាច។
រីឯក្រុមថ្ងៃច័ន្ទ ពណ៌ខ្មៅ ដែលជាសម្ព័ន្ធមិត្តរបស់ CNRP នៅក្នុងថ្ងៃច័ន្ទ ទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ ក៏ពុំសូវមានភាពសស្រាក់សស្រាំ គឺស្រុតចុះចំនួន បាតុករដែលនៅសល់តែ៤នាក់ អាស្រ័យដោយអ្នកដឹកនាំ និងជម្រុញឲ្យមានសកម្មភាពនេះដូចជា លោក អ៊ូ វារៈ លោក ប៉ា ងួនទៀង និងលោក កែម ឡី ពុំបានចូលរួមក្រៅពីតែញុះញុង់ នៅពីក្រោយខ្នងឲ្យតែបាតុករនោះ ធ្វើសកម្មភាពតាមដងផ្លូវដោយទទួលខុសត្រូវផ្ទាល់ខ្លួន។
តើការសច្ចា និងសម្បថ នៅមុខអង្គរអាចធ្វើឲ្យពាក្យថា «សំឡុតមិនខ្លាច ទិញមិនលក់» ដែលជាពាក្យលើកទឹកចិត្តមិនឲ្យខ្លាច និងមិនឱយបែកបាក់ មានប្រសិទ្ធភាពដែរឬទេ?
ឆ្លើយតបនឹងការបាក់បែកនិង ការដណ្តើមអំណាចផ្ទៃក្នុងក៏ជាបញ្ហាឈឺក្បាល និងអាទិភាព សម្រាប់ថ្នាក់ដឹកនាំ CNRP ក្នុងកិច្ចផ្សាះផ្សានិងរឹតបន្តឹងចលនា សាមគ្គីភាពផ្ទៃក្នុងបក្ស ដោយយកលេសបន្ទោស CPP ជាអ្នកបំបែកហាក់ដូចជា វិធីបន្លាចក្មេងឲ្យស្តាប់ ដោយយករូបភាព អ្នកដទៃមកធ្វើឲ្យក្មេងខ្លាច។ រីឯពាក្យសំឡុតមិនខ្លាច ដែលបានប្រឌិតឲ្យសាធារណជន សម្លឹងមើលឃើញថា ជាការសំឡុតតាមនយោបាយច្បាប់ និង តុលាការដាក់សម្ពោធ ជាជាងពន្យល់ឲ្យសកម្មជន ឬប្រជាពលរដ្ឋឲ្យយល់ច្បាស់ អំពីវិធាននិងនីតិវិធីជាមួយ និងការអនុវត្តច្បាប់របស់តុលាការ ក៏ប៉ុន្តែក្រុមប្រឆាំងនេះមិនស្វែងរក មេធាវីជំនាញដែលយល់ដឹង ពីច្បាប់មកការពារករណីរបស់ខ្លួន ក៏បណ្តាលឲ្យ កឹម សុខា ធ្លាក់ខ្លួនក្នុងសភាពការណ៍ដ៏អាក្រក់ ឬមួយក៏ធ្លាក់ចូលទៅក្នុង ល្បិចកលនយោបាយ របស់ក្រុមណាមួយ នៅក្នុង CNRP ដែលយកលោក កឹម សុខា ជាចំណាប់ខ្មាំងធ្វើជានយោបាយសកម្មភាព ដើម្បីបំផុសចលនា មហាជនឲ្យកើតចេញពីព្រឹត្តិការណ៍នេះ ឬមួយក៏ដណ្តើមគ្នាយក CPP ជាដៃគូរនយោបាយ ដើម្បីផលប្រយោជន៍អំណាចរៀងៗខ្លួន៕
ដោយ៖ ភិន ឈុនទៀង