(ភ្នំពេញ)៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ បានបង្ហាញពីពន្លឺថ្មី នៃវិស័យការងារថា ប្រទេសកម្ពុជា និងសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រ លេស្ដេ បាននិងកំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងផ្លាស់ប្ដូរ បទពិសោធន៍ការងារគ្នាទៅវិញទៅមក ក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់ល្អប្រសើរ និងមានភាពជិតស្និទបន្ថែមទៀត។
ក្រោយពីបានជួបប្រជុំជាមួយលោកស្រី Felicidade de Sousa Guterres ឯកអគ្គរដ្ឋទូតទីម័រ លេស្តេប្រចាំកម្ពុជា នាទីស្ដីការក្រសួងការងារ រួចមកលោករដ្ឋមន្រ្តីបានលើកឡើងថា ទីម័របានសង្កេតឃើញថា កម្ពុជាមានបទពិសោធន៍ជាច្រើន លើវិស័យការងារនិងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ជាពិសេសកម្ពុជា មានការរីកចម្រើន លើវិស័យឧស្សាហកម្មកាត់ដេរ, វិស័យទេចរណ៍ ក៏ដូចជាផ្នែកជាងដែក ជាងភ្លើងជាដើម ហើយលោកស្រីបានមើលឃើញ គ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈជាច្រើន ប្រកបដោយការបណ្ដុះបណ្ដាល មានគុណភាព និងបទពិសោធន៍ខ្ពស់ រីឯទីម័រមានការពឹងផ្អែកលើវិស័យរ៉ែ ប្រេងកាត និងឧស្ម័ន ដែលមានបទពិសោធន៍ការងារ ក្នុងការគ្រប់គ្រង់ធនធាន មនុស្ស លើវិស័យទាំងនេះ ជាច្រើនផងដែរ។
លោករដ្ឋមន្រ្តីបានបន្ថែមថា «លោកស្រី Felicidade de Sousa Guterres បានស្នើឱ្យមានការផ្លាស់ប្ដូរបទពិសោធន៍ ការងាររវាងប្រទេសទាំងពីរ ហើយបានជម្រាបថា នឹងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ ឈានដល់ការព្រមព្រៀងបង្កើតឱ្យ មានការផ្លាស់ប្ដូរបទពិសោធន៍លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យកាន់តែឆាប់រហ័ស មុនពេលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ធ្វើដំណើរទស្សនកិច្ច ទៅប្រទេសទីម័រ នាពេលខាងមុខ»។
លោកស្រីឯកអគ្គរដ្ឋទូត ដែលទើបនឹងតាំងទីលើទឹកដីកម្ពុជារូបនេះ ក៏បានថ្លែងថា លោកស្រីនឹងត្រៀមរាយការណ៍ ជូនរដ្ឋាភិបាល ទីម័ររបស់លោកស្រី ព្រមទាំងត្រៀមរៀបចំក្រុមការងារបច្ចេកទេស សម្រាប់សម្រួលដល់ការរៀបចំ កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ។ ម្យ៉ាងទៀតលោកស្រី ក៏បានកោតសរសើរ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដឹកនាំប្រទេសប្រកបដោយ កិត្តិបណ្ឌិត និងពោរពេញទៅដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដ៏ជោគជ័យ។
សូមជម្រាបថា កម្ពុជា និងទីម័រ លេស្ដេ ពុំទាន់មានការបញ្ជូន និងទទួលពលករលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ម្ដងណានោះទេ នេះក៏ដោយសារប្រទេសទីម័រ ទើបតែទទួលបានឯករាជ្យភាព និងទើបតែបានចូល ជាសមាជិកអង្គការសហប្រជាជាតិ ហើយអ្វីដែលគួឱ្យកត់សម្គាល់នោះ គឺប្រទេសទីម័រទើបតែមកដាក់ស្ថានទូតនៅកម្ពុជា ផងដែរ៕