(ភ្នំពេញ)៖ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ» នៅសាលមហោស្រពខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។

វេទិកាវិទ្យាសាស្ត្រនេះ ទទួលបានការអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាដោយបណ្ឌិត Chen Xiaolin សាកលវិទ្យាធិការសាកលវិទ្យាល័យជីវជាំង, លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន, លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា, សម្ដេចរាជបុត្រី ព្រះអនុជ នរោត្ដម អរុណរស្មី ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងទទួលបានកិត្តិយសថ្លែងសុន្ទរកថាបើកដោយលោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី។

វេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ» ប្រព្រឹត្តទៅដោយមានវគ្គពិភាក្សាចំនួនពីរគឺ៖

វេទិកាពិភាក្សាទីមួយ៖ «ទំនាក់ទំនងសង្គម វប្បធម៌រវាងកម្ពុជា-ចិន» ដែលមានប្រធានបទរងចំនួន៣គឺ៖

* «ទំនាក់ទំនងរវាងព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិន» ដោយលោកស្រី Zhao Shulan

* «ព្រះបរមរតនកោដ្ឋ៖ តួអង្គដែលជានិមិត្តរូបក្នុងប្រវត្តិសាស្ត្រ» ដោយលោក Zhao Wei

* «អតីតកាល និងបច្ចុប្បន្នភាពនៃទំនាក់ទំនងកម្ពុជា-ចិន» ដោយឯកឧត្ដមបណ្ឌិត គិន ភា វេទិកាពិភាក្សាទីពីរ៖ «ទំនាក់ទំនងកម្ពុជា-ចិន លើវិស័យនយោបាយ និងសេដ្ឋកិច្ច» ដែលមានប្រធានបទរងចំនួន៣គឺ៖

* «កិច្ចសហប្រតិបត្តិការ ក្រោយការកសាងសហគមន៍ជោគវាសនារួមគ្នា» ដោយលោក Gu Jiayun

* «ជ្រុងមួយនៃវិស័យសេដ្ឋកិច្ចកម្ពុជា» ដោយឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍

* «គោលនយោបាយ "ខ្សែក្រវាត់ និងផ្លូវ" ក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិន ក្នុងបរិបទថ្មី» ដោយលោកបណ្ឌិត កា ម៉ាធុល។

វេទិកាវិទ្យាសាស្ត្រនេះ មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវ និស្សិតពីបណ្ដាសាកលវិទ្យាល័យនានា និងមន្ត្រីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សរុបចំនួន២៣០នាក់៕