(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញប្រកាសចូលកាន់មុខតំណែង ប្រគល់ និងផ្លាស់ប្តូរភារកិច្ច មន្ត្រីរាជការ នៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ចំនួន៨មន្ទីរអង្គភាព សរុបប្រមាណ៧០នាក់។
អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរ-អង្គភាពជុំវិញរដ្ឋបាលខេត្ត មន្ត្រីរាជការ និងកងកងកម្លាំងប្រដាប់អាវុធ ដែលបានរួមសហការយ៉ាងសកម្មក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និង សុវត្ថិភាពក្នុងក្របខណ្ឌខេត្តទាំងមូលបានយ៉ាងល្អប្រសើរ ព្រមទាំងសម្រេចបាននូវសមិទ្ធផលនានា ជាច្រើនដែលជាការរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការលើកកម្ពស់ជីវភាពរស់នៅ ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ពិសេសក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩។
លោកបានវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការទាំងអស់ ដែលបានខិតខំរួមគ្នាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលបានទទួលរងដោយសារទឹកជំនន់ទឹកភ្លៀង និងគ្រោះធម្មជាតិនានានៅតាមតំបន់មួយចំនួន ក្នុងខេត្តក្រចេះនាពេល កន្លងទៅ។ លោកថា «សមិទ្ធផល និងស្នាដៃដែលយើងទាំងអស់គ្នាជាថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញរដ្ឋបាលខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធសម្រេចបាននាពេលកន្លងមក ពិតជាបានរួមចំណែកពង្រឹង សន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមធ្វើឱ្យសេដ្ឋកិច្ចខេត្តក្រចេះ»។
លោកបន្តថា ផ្អែកលើមូលដ្ឋាននេះ និងដោយផ្អែកលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍ ការងារមន្ត្រីរាជការនាពេលកន្លងមក ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញរដ្ឋបាល បានលើកសំណើមករដ្ឋបាលខេត្ត ស្នើសុំតែងតាំង ប្រគល់ និងផ្លាស់ប្តូរភារកិច្ចមន្រ្តីរាជការ។
ជាមួយគ្នានេះ ការតែងតាំង ប្រគល់ និងផ្លាស់ប្តូរភារកិច្ចមន្ត្រីរាជការនៃមន្ទីរ-អង្គភាពជុំវិញ រដ្ឋបាលខេត្តនាពេលនេះ ធ្វើឡើងស្របតាមរចនាសម្ព័ន្ធមុខតំណែង និងចំនួនមុខតំណែងគ្រប់គ្រង ដែលនៅទំនេរ ដែលបានកំណត់ដោយ ក្នុងរចនាសម្ព័ន្ធនៃមន្ទីរ-អង្គភាព ដោយផ្អែកលើទំហំការងារ លក្ខណៈសម្បត្តិសមរបស់មន្ត្រីសម្រាប់មុខតំណែង ផលិតភាពការងារលទ្ធភាពថវិកា និងធានាបាននូវនិរន្តភាពការងារ។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានណែនាំឲ្យបន្តចូលរួមលើកទឹកចិត្ត អប់រំ និងផ្សព្វផ្សាយដល់មន្ត្រីគ្រប់រូប និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យចូលរួមអនុវត្តគោលនយោបាយ «ភូមិឃុំសង្កាត់មានសុខសុវត្ថិភាព» ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់, ត្រូវខិតខំចូលរួមបន្តថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយការពារឯករាជ្យ អធិបតេយ្យជាតិ ត្រូវរួមគ្នាប្រឆាំងដាច់ខាតរាល់ សកម្មភាពដែលប៉ុនប៉ងធ្វើឱ្យកម្ពុជាធ្លាក់ចូល ទៅក្នុងស្ថានភាពភាពចលាចល សង្គ្រាមវឹកវរក្នុងសង្គមតាមរយៈការធ្វើបដិវត្តន៍ពណ៌, ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍, បន្តដឹកនាំមន្ទីរ-អង្គភាពដោយផ្អែកលើគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាប្រសិទ្ធភាពការងារ និងធ្វើជាគំរូ ល្អសម្រាប់មន្ត្រីក្រោមឱវាទ, ត្រូវយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្របន្ថែម បង្កើនចំណេះដឹង និងពង្រីកសមត្ថភាពផ្ទាល់ខ្លួន ដើម្បីយកមកចូលរួមចំណែកដល់ការអនុវត្តតួនាទីភារកិច្ច ក្នុងអង្គភាពឱ្យកាន់តែល្អ ប្រសើរថែមទៀត និងត្រូវបន្តពង្រឹង និងជំរុញការផ្តល់សេវាធារណៈ និងសេវារដ្ឋបាលនានាជូនដល់ ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយក្រមសីលធម៌ និងមានមនសិការវិជ្ជាជីវៈខ្ពស់៕