(ភ្នំពេញ)៖ អ្នកសារព័ត៌មានបរទេសមួយរូប បានបង្ហាញការចាប់អារម្មណ៍នឹងនាឡិកាមួយគ្រឿង ដែលភ្ជាប់ជាមួយរូបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ នាឡិកានេះ ត្រូវបានលោក Tomasz Augustyniak ទិញក្នុងផ្សាររាត្រីនៅកម្ពុជា ហើយយកទៅបង្ហោះលើបណ្តាញសង្គម។

លោក Tomasz Augustyniak បានបង្ហោះរូបនាឡិកានៅលើ Twitter ហើយរៀបរាប់យ៉ាងដូច្នេះ «បានទិញនាឡិកានេះ នៅក្នុងតូបនៅផ្សាររាត្រី ក្នុងរាជធានីភ្នំពេញ។ នាឡិកានេះពិតជាស្រស់ស្អាត ដោយមានភ្ជាប់ជាមួយរូបថត ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជាចាប់តាំងពីឆ្នាំ១៩៨៥មក។ មានតម្លៃសមរម្យ ត្រឹម១០ដុល្លារតែប៉ុណ្ណោះ»

សូមបញ្ជាក់ថា លោក Tomasz Augustyniak មានបទពិសោធន៍រយៈពេល១៦ឆ្នាំ ខាងវិជ្ជាជីវៈប្រព័ន្ធផ្សព្វផ្សាយឯករាជ្យពីរភាសា និងជាអ្នកឆ្លើយឆ្លងព័ត៌មាន និងអ្នកប្រឹក្សាយោបល់ ក្នុងបណ្តាប្រទេសអាស៊ីមួយចំនួនចាប់តាំងពីឆ្នាំ២០១៣ ព្រមទាំងមានបណ្តាញទំនាក់ទំនងយ៉ាងទូលំទូលាយនៅទូទាំងអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។

លោក Tomasz Augustyniak ជាអ្នកព័ត៌មានទទួលបន្ទុកលើកិច្ចការអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ អាជីវកម្ម អវកាស បច្ចេកវិទ្យាថ្មី ប្រព័ន្ធផ្សព្វផ្សាយ និងវិទ្យាសាស្ត្រ។ លោកបានចំណាយពេលជាច្រើនឆ្នាំ ក្នុងការរាយការណ៍ព័ត៌មានពីប្រទេសឥណ្ឌា ស្រីលង្កា ម៉ាឡេស៊ី ថៃ និងកន្លែងផ្សេងទៀតក្នុងពិភពលោក។

អ្នកព័ត៌មានរូបនេះ ធ្លាប់បានសម្ភាសឥស្សរជនលេចធ្លោមួយចំនួន រួមមានអតីតប្រធានាធិបតីស្រីលង្កា Mahinda Rajapaksa អវកាសយានិកឥណ្ឌាតែមួយគត់គឺ Rakesh Sharma និងអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Mohamad ។

ក្នុងឆ្នាំ២០១៦ លោកបានទទួលពានរង្វាន់ Leopold Unger សម្រាប់ការរាយការណ៍របស់លោក។ រវាងឆ្នាំ ២០១៨ និង ២០១៩ លោកគឺជាអ្នកសារព័ត៌មាននៅវិទ្យាស្ថានរបស់ Reuters សម្រាប់ការសិក្សាផ្នែកសារព័ត៌មាន និងជាសហការីស្រាវជ្រាវនៅសាលា Green Templeton College នៃសាកលវិទ្យាល័យ Oxford។

នៅឆ្នាំ២០១៩ លោកធ្លាប់បានបម្រើការជាអ្នកសារព័ត៌មានហ្វ្រីលែន ឱ្យទីភ្នាក់ងារសារព័ត៌មាន PAP នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយលោកក៏ធ្លាប់ធ្វើការឱ្យក្រុមហ៊ុនប្រឹក្សាយោបល់ និងវិទ្យាស្ថានសិក្សាស្រាវជ្រាវជាច្រើនផងដែរ៕