(សៀមរាប)៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ មន្ទីរសុខាភិបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំក្រុមការងារពិសេសដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តប្រចាំត្រីមាសទី៤ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ពិន ប្រាក់ អភិបាលរងខេត្តសៀមរាប និងលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមានការចូលរួមពីមន្ទីរ និងអង្គភាពពាក់ព័ន្ធ ប្រមាណ៥៩នាក់ផងដែរ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានលើកឡើងថា គោលបំណងនៃកិច្ចប្រជុំដើម្បីធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពជំងឺគ្រុនចាញ់ សមិទ្ធិផល បញ្ហាប្រឈម និងទិសដៅអនុវត្តឆ្ពោះទៅរកការលុប បំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឆ្នាំ២០២៥។ ចំពោះការពង្រឹងតួនាទីរបស់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ និងអន្តរាគមន៍ក្នុងការឆ្លើយតបនឹងជំងឺគ្រុនចាញ់ទាន់ពេលវេលា ត្រូវបានពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ។

លោក ក្រុស សារ៉ាត់ បានបន្តថា ដើម្បីផ្តល់នូវអនុសាសន៍ និងទិសដៅអនុវត្តក្នុងការសម្រេចអោយបាននូវគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ បញ្ហាប្រឈមផ្នែកផ្លូវចិត្ត និងការពិភាក្សាលើការធ្វើតេស្តស្រាវជ្រាវ នៅក្នុងស្រុកប្រតិបត្តិមួយចំនួន មានការយឺតយ៉ាវបន្តិច ជាពិសេសការធ្វើតេស្ត HCS។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានបន្តទៀតថា ក្នុងឆ្នាំ២០២២ ទាំងមណ្ឌលសុខភាព និងអ្នកស្ម័គ្រចិត្តធ្វើការផ្នែកជំងឺគ្រុនចាញ់បានកំណត់អត្តសញ្ញាណមនុស្ស៦៤,៤៩៨ នាក់ដែលមានជំងឺគ្រុនចាញ់ ដែលក្នុងនោះ៣៦នាក់ ត្រូវបានធ្វើតេស្តដោយមន្ត្រីសុខាភិបាល។ អ្នកស្ម័គ្រចិត្ត ៨២៦ នាក់ នៅក្នុងភូមិបានធ្វើតេស្តលើមនុស្ស ២៦,៧៧៧ នាក់ ក្នុងចំណោមមនុស្សជាង៦០,០០០នាក់ ហើយត្រូវបានរកឃើញអ្នកកើតជំងឺគ្រុនចាញ់ចំនួន២៤នាក់។ មានករណីវិជ្ជមានច្រើនជាងឆ្នាំមុនៗ ក៏ដូចជាប្រភេទ Pf ដែលជាប្រភេទជំងឺធ្ងន់ធ្ងរ ដូច្នេះមន្ទីសុខាភិបាលខេត្តបានណែនាំឲ្យអាជ្ញាធរមូលដ្ឋានចូលរួមក្នុងការលើកកម្ពស់វិធីសាស្ត្របង្ការអោយបានសកម្មបំផុត។

បើមាននណារម្នាក់កើតជំងឺគ្រុនចាញ់ ពួកគេមិនត្រូវបានអនុញ្ញាតិឱ្យព្យាបាលនៅគ្លីនិកឯកជនណាមួយឡើយ ហើយត្រូវបញ្ជូនពួកគេទៅមន្ទីរពេទ្យរដ្ឋ។ មនុស្សប្រមាណ៧៧៧នាក់ ក្នុងចំណោម ៦០,០០០នាក់ មាន២៤នាក់បានធ្វើតេស្តវិជ្ជមាន។ មានករណីវិជ្ជមានច្រើនជាងឆ្នាំមុនៗ ក៏ដូចជាប្រភេទ Pf ដែលជាប្រភេទធ្ងន់ធ្ងរដូច្នេះមន្ទីសុខាភិបាលបានណែនាំឲ្យអាជ្ញាធរមូលដ្ឋានចូលរួមក្នុងការលើកកម្ពស់វិធីសាស្ត្រការពារអោយបានសកម្មបំផុតផងដែរ។

ទន្ទឹមនឹងនេះដែរ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា យើងត្រូវចូលរួមទប់ស្កាត់ការពារបញ្ហាជំងឺគ្រុនចាញ់នេះទាំងអស់គ្នា ដើម្បីលុបបំបាត់នៅឆ្នាំ២០២៥ឲ្យបានជាស្ថាពរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជំងឺគ្រុនចាញ់នេះ មិនមែនមានតែនៅប្រទេសយើងនោះទេ នៅតាមបណ្តាប្រទេសមួយចំនួន ក៏មានកើតជំងឺគ្រុនចាញ់នេះដែរ។

ជាមួយនេះដែរ លោក ពិន ប្រាកដ ក៏បានជំរុញក្រុមការងារត្រូវធ្វើសកម្មភាពចុះផ្សព្វផ្សាយ ក៏ដូចជាការចែកមុងនៅតាមបណ្តាមណ្ឌលសុខភាព ឬក៏តាមបណ្តាឃុំ ស្រុកនានា ក្នុងខេត្តសៀមរាប។ ក្នុងនោះដែរ បានចែកមុងបានចំនួន៦៩មណ្ឌលសុខភាព និងចែកឲ្យបាន ១០០ ភាគ១០០ ហើយជាពិសេស អាជ្ញាធរភូមិឃុំ និងស្រុកប្រតិបត្តិមួយចំនួនក្នុងខេត្ត ធ្វើយ៉ាងណាចូលរួមផ្សព្វផ្សាយអប់រំពាក់ព័ន្ធជំងឺគ្រុនចាញ់ដល់ប្រជាពលរដ្ឋ ឲ្យបានផុសផុលជាមួយការរីករាលដាលនៃជម្ងឺគ្រុនចាញ់នេះផងដែរ៕