(ភ្នំពេញ)៖ បន្ទាប់ពីបានបំបេញការងារជាឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជារយៈពេលប្រមាណ ៣ឆ្នាំ និង៤ខែ លោក មីកាមិ ម៉ាសាហ៉ីរុ បានដល់ពេលបញ្ចប់បេសកកម្មការងាររបស់ខ្លួនហើយ។

លោក មីកាមិ ម៉ាសាហ៉ីរុ គឺជាឯកអគ្គរដ្ឋទូតមួយរូប ដែលបានព្យាយាមប្រើប្រាស់ភាសាខ្មែរតាមរយៈសារនានានៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូត ក៏ដូចជាសុន្ទរកថាក្នុងវេទិកាសាធារណៈនានា។ តាមរយៈការព្យាយាមប្រើប្រាស់ភាសាខ្មែរនេះ ធ្វើឱ្យលោកទទួលបានការចាប់អារម្មណ៍ និងគោរពស្រឡាញ់ជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ។

ជាមួយនឹងការបញ្ចប់បេសកកម្មការងារនៅកម្ពុជា លោក មីកាមិ ម៉ាសាហ៉ីរុ សម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការគាំទ្រការងាររបស់លោករយៈពេល ៣ឆ្នាំ ៤ខែនៅក្នុងប្រទេសកម្ពុជា។

ក្នុងសារលាពលរដ្ឋកម្ពុជា លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា «ខ្ញុំសូមរំលឹកពីអាណត្តិរបស់ខ្ញុំដោយក្តីដឹងគុណយ៉ាងស្មោះចំពោះប្រជាជនកម្ពុជា»

លោកឯកអគ្គរដ្ឋទូត បានរំលឹកថា លោកបានចាប់ផ្តើមបេសកកម្មរបស់លោក នៅខែកញ្ញា ឆ្នាំ២០១៩។ លោកបានបន្តថា ទោះបីជាមានការប្រឈម នៃវិបត្តិកូវីដ-១៩ ប៉ុន្តែទំនាក់ទំនងជប៉ុន-កម្ពុជា បានរីកចម្រើនយ៉ាងប្រសើរ នៅគ្រប់កម្រិតចាប់ពីដំណើរ ទស្សនកិច្ចថ្នាក់កំពូលរហូតដល់ការផ្លាស់ប្តូរ ថ្នាក់មូលដ្ឋានលើគ្រប់វិស័យ។

«ឆ្នាំនេះ នាយករដ្ឋមន្ត្រីនៃប្រទេសយើងទាំងពីរ ឯកឧត្តម គីស៊ិដា ហ្វូមិអ៊ុ និងសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាគ្នាចំនួនបួនដងនៅក្នុងប្រទេស កម្ពុជា និងប្រទេសជប៉ុន ហើយកាលពីខែមុនបានប្រកាសថា នឹងដំឡើងទំនាក់ទំនងទ្វេភាគីទៅជា [ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ] នៅឆ្នាំក្រោយ ដែលជាឆ្នាំខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសយើងទាំងពីរ»។ នេះជាការបញ្ជាក់របស់លោក មីកាមិ ម៉ាសាហ៉ីរុ។

ក្នុងសារជម្រាបលាពលរដ្ឋកម្ពុជា ​លោកឯកអគ្គរដ្ឋទូត បានកោតសរសើរ ចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជា ទោះបីជាប្រទេសជាតិ ត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាមស៊ីវិល។

លោកទូតបានបញ្ជាក់បន្ថែមថា «ខ្ញុំរីករាយដែលប្រទេសជប៉ុន បានចូលរួមចំណែកក្នុងដំណើរការស្វែងរក សន្តិភាព និងការកសាងប្រទេសឡើងវិញ។ បច្ចុប្បន្ននេះទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនបាននឹងកំពុងពង្រីកមិនត្រឹមតែផ្នែកជំនួយពីប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងក្នុងវិស័យធុរកិច្ច និងវិស័យផ្សេងៗទៀត ស្របពេលដែលសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន ហើយសមត្ថភាពរបស់កម្ពុជាកាន់តែប្រសើរឡើង»

លោកឯកអគ្គរដ្ឋទូត បានរំលឹកអនុស្សាវរីយ៍កំលុងពេលបំពេញការងារនៅកម្ពុជាថា លោកមានឱកាសបានជួបប្រជាជនកម្ពុជាជាច្រើន និងទទួលបានបទពិសោធន៍ពីវប្បធម៌ខ្មែរតាមរយៈកម្មវិធីជួបជុំ និងព្រឹត្តិការណ៍ផ្សេងៗ។ ឥឡូវនេះ លោកមានការយល់ដឹងកាន់តែច្បាស់ អំពីប្រទេស និងប្រជាជនកម្ពុជា បើធៀបនឹងពេលដែលទើបមកដល់។

លោកបន្ថែមថា រីករាយនឹងឃើញជីវភាពរស់នៅរបស់ប្រជាជនបានប្រសើរឡើង ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ប៉ុន្តែនៅតែមានការប្រឈមជាច្រើនទៀត នៅខាងមុខ។

លោកទូត បានជូនពរឱ្យប្រទេសកម្ពុជា កាន់តែមានការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យបន្តទៀត ឆ្ពោះទៅរកសង្គមមួយដោយមិនទុកនរណាម្នាក់ចោលឡើយ ហើយគ្រប់គ្នាកាន់តែមានសុភមង្គល។

លោក មីកាមិ ម៉ាសាហ៉ីរុ បានឱ្យដឹងផងដែរថា ក្រោយពេលបញ្ចប់បេសកកម្មការងារនៅកម្ពុជា លោកនឹងទៅបន្តការងារនៅប្រទេសបែលហ្ស៉ិក។

បើទោះបីត្រូវបញ្ចប់ការងារនៅកម្ពុជា លោកនឹងបន្តធ្វើជាអ្នកគាំទ្រដ៏ខ្លាំងក្លាម្នាក់សម្រាប់កម្ពុជា និងទំនាក់ទំនងកម្ពុជា-ជប៉ុន៕