(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្ដសាំងយ៉ុង១គ្រឿង យ៉ាងលឿនរត់គេចពីសមត្ថកិច្ចដែលឈរបញ្ជាចរាចរណ៍ ធ្វើឲ្យសមត្ថកិច្ចសង្ស័យដេញចាប់ផ្អើលគេឯង រហូតចាប់បាននៅសង្កាត់កំបូល ហើយ​សមត្ថកិច្ចសង្ស័យថាជាករណីលួចរថយន្ដ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ កើតឡើងនាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដសាំងយ៉ុង១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2L-3406 ក្នុងរថយន្ដនោះមានមនុស្សប្រុស២នាក់ ស្រីម្នាក់ ស្រាប់តែបើក​មកដល់មុខព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ពេលដែលឃើញសមត្ថកិច្ចកំពុងតែឈរបញ្ជាចរាចរណ៍ អ្នកបើកបរររថយន្ដក៏បន្ថែមល្បឿនយ៉ាងលឿន ដើម្បីគេចពីសមត្ថកិច្ច។ សមត្ថកិច្ចដដែរ បន្ដថា ឃើញដូចនេះក៏មានការសង្ស័យ ទើបសមត្ថកិច្ចនាំគ្នាប្រដេញដើម្បីសួរនាំ ប៉ុន្ដែអ្នកបើកបររថយន្ដនោះមិនឈប់នោះទេ លុះបើករហូតដល់សង្កាត់​កំបូលទើប​សមត្ថកិច្ចឃាត់បាន។

ក្រោយពេលឃាត់រថយន្ដបានសមត្ថកិច្ចបានសង្ស័យថាជាករណីលួចរថយន្ដ បច្ចប្បន្នអ្នកបើកបរ និងអ្នករួមដំណើរ ត្រូវបាននាំខ្លួនមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីដឹងថាជាករណីអ្វីឲ្យប្រកដ៕