(ព្រះវិហារ)៖ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ រួមជាមួយលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានចូលរួមបើកការដ្ឋានជួសជុលផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ប្រវែង ៤៥០០ម៉ែត្រ ជូនប្រជាពលរដ្ឋនៅឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ។

នៅក្នុងឱកាសនេះដែរ លោក សួស យ៉ារ៉ា បានថ្លែងប្រាប់ប្រជាពលរដ្ឋ ដោយរំលឹកនូវរឿងរ៉ាវដ៏សែនជូរចត់ខ្លោចផ្សារបស់លោកកាលវ័យកុមារភាព ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅ ក្នុងរបបឃោរឃៅ ព្រៃផ្សៃ ៣ឆ្នាំ៨ខែ២០ថ្ងៃ ដែលដឹកនាំដោយ ប៉ុល ពត។ លោកថា បើកុំតែមានថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ បើកុំតែមានគណបក្សប្រជាជនកម្ពុជា រូបលោក និងប្រជាពលរដ្ឋខ្មែរទូទៅ មិនដឹងមានវាសនាបែបណានោះទេ ហើយប្រទេសជាតិ ក៏គ្មានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះដែរ។

អ្នកតំណាងរាស្ត្រខេត្តព្រះវិហាររូបនេះ ក៏បានថ្លែងអំពាវនាវដល់ ប្រជាពលរដ្ឋ បន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៧ ថ្មីខាងមុខ និងត្រូវគាំទ្រដាច់ខាតជូនលោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនអនាគតនាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ថា ការជួសជុលផ្លូវក្រាលគ្រួសក្រហមនេះ គឺបានចូលរួមថវិកាចំនួន១០លានរៀល ពីសប្បុរសជន ជាអនិកជនខ្មែរពីកាណាដា និងសហរដ្ឋអាមេរិក លោក ឃួង ប៊ុនទាន ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកស្រី លោក វេង គីឈាន និងភរិយា។

ជាមួយគ្នាដែរលោក សួស យ៉ារ៉ា និងភរិយា បាននាំយកនូវអំណោយនូវឃីតចំនួន ៣០០ ចែកជូនប្រជាពលរដ្ឋ ដែលក្នុងនោះមានក្រមា១ ម៉ាស១ប្រអប់ ថ្នាំប៉ារ៉ា១ប្រអប់ និងថវិកា១ម៉ឺនរៀល រួមជាមួយប្រអប់ First aid និងតេសរហ័ស១ប្រអប់ ជូនថិវិកាសម្រាប់ការកសាងសង់សាលាឃុំ១លានរៀល ជូនភូមិទាំង៣ ក្នុង១ភូមិទទួលបាន ថវិកា៥០ម៉ឺនរៀល ជូនស្នាក់ការបក្សឃុំសង្កែរពីរ៥០ម៉ឺនរៀល កងកម្លាំងទាំងបីទទួលបាន ក្នុង១អង្គភាពចំនួន៥០ម៉ឺនរៀល៕